ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ម្ហូបអាហារ​ជា​ផ្នែក​សំខាន់​មួយ​នៃ​វិស័យ​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​អះអាង​ថា ម្ហូបអាហារ ជា​ពិសេស​ម្ហូបអាហារ​ខែ្ម​រ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា ដែល​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​និង​លើកកម្ពស់​វិស័យ​នេះ ។ សហ​ប្រធាន​ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ចុងភៅ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​អះអាង​ថា ម្ហូបអាហារ ជា​ពិសេស​ម្ហូបអាហារ​ខែ្ម​រ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា ដែល​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​និង​លើកកម្ពស់​វិស័យ​នេះ ។

សហ​ប្រធាន​ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ចុងភៅ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា លោក លូ ម៉េ​ង បាន​លើក​ឡើង​ថា ជា​ធម្មតា ភ្ញៀវ​ទេសចរ​ក្នុង​១​ថ្ងៃ​ត្រូវការ​ទទួលទាន​អាហារ​៣​ដង ប៉ុន្តែ​ត្រូវ​ដឹង​ថា ទោះជា​អាហារ​ដ្ឋា​ន​ឬ​កន្លែង​ទទួលទាន​ល្អ​ស្អាត​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​ម្ហូបអាហារ​ពុំ​មាន​ស្តង់ដា គ្មាន​អនាម័យ និង​មិន​មាន​រសជាតិ​ឆ្ងាញ់​ទេ គេ​ក៏​មិន​ចូល​ដែរ ។

លោក លូ ម៉េ​ង បញ្ជាក់​ថា ៖« នៅ​កម្ពុជា យើង​មាន​ម្ហូបអាហារ​លើស​ពី​២៩​ប្រទេស ដូច​ជា ម្ហូប​ខ្មែរ ចិន វៀតណាម ថៃ ជប៉ុន កូរ៉េ បារាំង និង​ឥណ្ឌា​ជាដើម ដូច្នេះ​ភ្ញៀវ​អន្តរជាតិ​ពុំ​មាន​បញ្ហា​អ្វី​ប្រឈម​សម្រាប់​ការ​ស្វែងរក​មុខម្ហូប​ទទួលទាន​នោះ​ទេ ប៉ុន្តែ​ម្ហូប​ដែល​សំខាន់​ជាងគេ គឺ​មុខម្ហូប​ខ្មែរ​តែ​ម្តង ដែល​ភ្ញៀវ​អន្តរជាតិ​ចង់​សាកល្បង ហើយ​ចូល​ចិត្ត ដូច​ជា មាន់​ដុត ប្រហុក​ខ្ទឹះ អា​ម៉ុ​ក​ត្រី សម្លម្ជូរគ្រឿង សម្លប្រហើរ សម្លកកូរ ត្រី​ដុត និង​ញាំ​ស្វាយ ជាដើម »​។ លោក​បន្ថែម​ថា ៖« ចំពោះ​ម្ហូប​ខ្មែរ​យើង​គប្បី​ប្រើប្រាស់​ផលិតផល​ខ្មែរ​ដែល​គ្មាន​គីមី ឬ​អាច​និយាយ​ថា​បន្លែ​ធម្មជាតិ ទើប​អាច​ស្រូប​យក​ភ្ញៀវ​ទេសចរ​បាន ព្រោះថា ពេល​ដែល​ភ្ញៀវ​ចូល​ទទួលទាន​ក្នុង​ហាង​ណាមួយ គេ​តែងតែ​សួរ​ថា នេះ​ជា​ផលិតផល​សុទ្ធ ឬ​ធម្មជាតិ​របស់​ខ្មែរ​មែន​ទេ ? ហើយ​គេ​តែងតែ​សួរ​បែប​នេះ​ញឹកញាប់​តែ​ម្តង ។ ដូច្នេះ​ហើយ ធ្វើ​ឲ្យ​ចុងភៅ​របស់​យើង​មានការ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ »​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ផ្តើម​ចេញពី​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​លើ​មុខម្ហូប​ខ្មែរ​នោះ​ហើយ ទើប​ជំរុញ​ឲ្យ​សហគមន៍​ចុងភៅ​ខ្មែរ រួម​ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ចុងភៅ បាន​យកចិត្តទុកដាក់​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​របស់​ខ្មែរ ក្រោម​ទិស​ស្លោ​កថា « ម្ហូបអាហារ​ខ្មែរ ផលិតផល​ខ្មែរ »​។ លោក​ថា ៖« ការ​ប្រើប្រាស់​ផលិត​ខ្មែរ ក៏​ជា​កត្តា​ជំរុញ និង​លើកទឹកចិត្ត​កសិករ​ខ្មែរ​ឲ្យ​បង្កើន​ការ​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​បំពេញតម្រូវការ​ចុងភៅ​ផង​ដែរ »​។

ទោះជា​យ៉ាងនេះ​ក្ដី លោក​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មានការ​ខ្វះខាត​ធនធានមនុស្ស​លើ​វិស័យ​ម្ហូបអាហារ​នេះ បើ​ទោះជា​ចុងភៅ​រាប់​ម៉ឺន​នាក់​កំពុង​មាន​វត្តមាន​តាម​បណ្តា​ភោជនីយដ្ឋាន ហាង​នានា​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដោយ ។ ដូច្នេះ​ហើយ​ទើប​នៅ​អំឡុង​ថ្ងៃ​ទី​១៩-២០ ខែកញ្ញា​ខាង​មុខ​នេះ នឹង​មាន​រៀបចំ​ការ​ប្រកួត​មុខម្ហូប​ទាំង​ម្ហូប​ខ្មែរ និង​ម្ហូប​បរទេស ដើម្បី​ឲ្យ​ពួក​គាត់​បាន​ស្វែង​យល់​អំពី​តិច​និក​នៃ​ការ​ធ្វើ​ម្ហូបអាហារ​ផង និង​តិច​និក​នៃ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​សម្រាប់​ម្ហូបអាហារ​ខ្មែរ ដើម្បី​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ផង ។
លោក លូ ម៉េ​ង បាន​សម្លឹង​ឃើញ​នៅ​ថ្ងៃ​អនាគត​ថា ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​ចុងភៅ​នេះ​កាន់តែ​មាន​សំខាន់ ព្រោះ​កម្ពុជា​នៅ​ខ្វះខាត​ច្រើន​ដែល​ទាមទារ​ឲ្យ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន អ្នក​ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជំនាញ​ចុងភៅ​ប្រមាណ​៩៩,៩៩% គឺ​មានការ​ងារ​ធ្វើ​ទាំងអស់ ហើយ​តម្លៃ​ពលកម្ម​ក៏​ខ្ពស់​ថែម​ទៀត​។ ដូច្នេះ​យើង​អំពាវនាវ​ដល់​ឪពុក​ម្តាយ អ្នក​អាណាព្យាបាល គួរ​ជំរុញ​កូនចៅ​ឲ្យ​ចូល​រៀន​ផ្នែក​ចុងភៅ​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​ការងារ​ផ្នែក​ចុងភៅ​មាន​ច្រើន​ណាស់ ខណៈ​ដែល​កម្ពុជា​យើង​កំពុង​តែ​មានការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ » ។ បើ​តាម​លោក លូ ម៉េ​ង បច្ចុប្បន្ន ក្នុង​វិស័យ​ទេសចរណ៍​ត្រូវការ​ធនធាន​ជំនាញ​រហូត​ដល់​ជាង​១​ម៉ឺន​នាក់ ដើ​ម្ប​បម្រើ​ការងារ​នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ពាក់ព័ន្ធ​នឹង​បញ្ហា​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នេះ វា​បាន​ខ្វះខាត​យូរ​មក​ហើយ មិនមែន​ទើបតែ​ពេល​នេះ​ទេ ។
លោក​ថ្លែង​ថា ៖« បើ​តាម​បទ​ពិសោធន៍ ដែល​ខ្ញុំ​ធ្លាប់​ដឹង​នោះ បញ្ហា​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ហើយ ពោល​គឺ​ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​ចាប់អារម្មណ៍ និង​មក​ទស្សនា​ច្រើន​នៅ​តាម​រមណីយដ្ឋាន​នានា » ។ លោក​បន្ត​ថា ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​សព្វ​ថ្ងៃនេះ មិនមែន​ទទួល​បាន​ពី​សាលា​បណ្ដុះបណ្ដាល​ពិតប្រាកដ​១០០%​នោះ​ទេ ភាគច្រើន​គឺ​យក​មក​បណ្ដុះបណ្ដាល​បន្ថែម មាន​ន័យ​ថា ធ្វើការ​បណ្ដើរ រៀន​បណ្ដើរ​។

លោក​បាន​សំណូមពរ ក៏​ដូច​ជា​ការ​បើក​ច្រក​មួយ​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ សូម​ឲ្យ​ជ្រើសរើស​យកមុខ​ជំនាញ​ណា ដែល​កំពុង​មាន​ទីផ្សារ ជៀសវាង​ប្រើ​ពេល​៤​ឆ្នាំ​ក្នុង​សាលា​ហើយ តែ​បែរជា​ព្រួយបារម្ភ ឬ​ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ខណៈ​ជំនាញ​មួយ​ចំនួន ម្ចាស់​អាជីវកម្ម​ពិបាក​ស្វែងរក​បុគ្គលិក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ