ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​! ស៊ន សៀវ​ម៉ី ធ្លាក់​ត្រឹម​វគ្គ​8​នាក់​ចុង​ក្រោយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​មេដាយមាស​កីឡា Asian Games 2014 កីឡាការិនី​ស៊ន សៀវ​ម៉ី មិន​អាច​ការពារ​មេដា​យមាស​របស់​ខ្លួន​បាន​ឡើយ បន្ទាប់​ពី​ចាញ់​កីឡាការិនី​វ័យក្មេង​អ៊ូ​ស​ប៉េ​គី​ស្ថាន​ដោយ​ពិន្ទុ​៥-៣​វគ្គ​៨​នាក់​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​Asian Games 2018…

ម្ចាស់​មេដាយមាស​កីឡា Asian Games 2014 កីឡាការិនី​ស៊ន សៀវ​ម៉ី មិន​អាច​ការពារ​មេដា​យមាស​របស់​ខ្លួន​បាន​ឡើយ បន្ទាប់​ពី​ចាញ់​កីឡាការិនី​វ័យក្មេង​អ៊ូ​ស​ប៉េ​គី​ស្ថាន​ដោយ​ពិន្ទុ​៥-៣​វគ្គ​៨​នាក់​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

ការ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ​នេះ វីរ​កីឡាការិនី​កម្ពុជា​ផ្នែក​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ត្រូវ​កីឡាការិនី​វ័យក្មេង​សញ្ជាតិ​អ៊ូ​ស​ប៉េ​គី​ស្ថាន​ឈ្មោះ Osipova Svetlana នាំមុខ​ដោយ​ពិន្ទុ​២-០ ក្នុង​ទឹក​ទី​១ លុះ​ចូល​ទឹក​ទី​២​នាង​បាន​នាំមុខ ៣-០​វិញ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​សម្រាប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣​ដែល​ជា​ទឹក​បញ្ចប់ ស៊ន សៀវ​ម៉ី បែរជា​ភ្លាត់ស្នៀត​បណ្ដាល​ឱ្យ​គូ​ប្រកួត​ដណ្ដើម​បាន​៣​ពិន្ទុ​វិញ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​នាង​ត្រូវ​ចាញ់​ដោយ​លទ្ធផល​៥-៣ ។

ចំណែក​កីឡាការិនី​អ៊ូ​ស​ប៉េ​គីស្ថាន​ដែល​ទើប​មាន​វ័យ​១៨​ឆ្នាំ បទ​ពិសោធន៍​​ប្រកួត​លើ​​ឆាក​អន្តរជាតិ​ក៏​មាន​មិន​ច្រើន​ប៉ុន្មាន​ដែរ​នោះ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ
រីករាយ​។

ការ​បរាជ័យ​របស់​ស៊ន សៀវ​ម៉ី ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​អាច​ដណ្ដើម​មេដាយមាស​ឱ្យ​បាន​លើស​ពី​២​តាម​ការ​គ្រោងទុក​ឬ​យ៉ាងណា​ទេ ? ទោះបី​យ៉ាង​ណា កម្ពុជា​មិន​អស់សង្ឃឹម​ក្នុង​ការ​ប្រជែង​យក​មេដាយ​នៅឡើយ​ទេ ព្រោះ​ក្រៅពី​តេ​ក្វា​ន់​ដូ នៅ​មាន​អត្ត​ព​លិ​ក​៣​ប្រភេទ​កីឡា​ទៀត​ដែល​កម្ពុជា​រំពឹង​ឈ្នះ​មេដាយ គឺ​កីឡា​ជឺ​ជិត​ស៊ូ ម៉ូតូ​ទឹក និង​កីឡា​សូ​ហ្វ​តេ​ន្នី​ស​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៣​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី​៤​ឆ្នាំ​ម្ដងនេះ​ប៉ុន្ដែ​ក្នុង​នោះ​មាន​តែ​កីឡា​៤​ប្រភេទ​ប៉ុណ្ណោះ​​ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​រំពឹង​ដណ្ដើម​មេដាយមាស​ជូន​ជាតិ រួម​មាន​កីឡា​តេ​ក្វា​ន់​ដូ និង​កីឡា​៣​ប្រភេទ​ខាងលើ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មុន​លោក​​ដឹកនាំ​ប្រតិភូ និង​អត្ត​ព​លិ​កម្ពុជា ចេញ​ទៅ​ប្រកួត​កីឡា Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ពេល​ថ្មី​ៗ​។

ដោយឡែក​កីឡា​មួយ​ចំនួន​ទៀត ដូច​ជា​កីឡា​តេ​ក្វា​ន់​ដូ ហែល​ទឹក ចំបាប់ គុន​ដាវ និង​កាយសម្ព័ន្ធ​បាន​ធ្លាក់​ជា​បន្ដបន្ទាប់ ពោល​គឺ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១ ខែសីហា​នេះ កម្ពុជា​​នៅ​មិន​ទាន់​រកបាន​មេដាយ​អ្វី​នោះ​ទេ ស្រប​ពេល​កីឡា​កា​រ៉ា​តេ​ដូ យូ​ដូ ទូកក្ដោង ទូក​កា​នូ និង​អត្តពលកម្ម មិន​ទាន់​បាន​ប្រកួត​នោះ​ទេ ហើយ​គ្រោង​ចេញដំណើរ​ពី​កម្ពុជា​តាម​កម្មវិធី​ប្រកួត​រៀង​ៗ​ខ្លួន​ជា​បន្ដបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែសីហា​ខាង​មុខ គ្រា​ដែល​ព្រឹត្តិការណ៍​កីឡា​៤​ឆ្នាំ​ម្ដងនេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ