ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជន​ពិការ​លើ​រទេះរុញលក់​ផ្កា​នៅ​តាម​ដងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ពិការ​ជើង​ទាំង​គូ​គ្មាន​អ្នក​ទីពឹង​បាន​ប្រើ​រទេះរុញ​លក់​ទឹក បរិសុទ្ធ និង​ផ្កា​តាម​ស្តុ​ប​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ក្រពះ​យ៉ាង​លំបាក ។ លើ​រទេះរុញ​មាន​ទាំង​ទឹកបរិសុទ្ធ​ក្លា​ស្សេ និង​ផ្កា លោក​សុខ ណា​រ៉ា…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ពិការ​ជើង​ទាំង​គូ​គ្មាន​អ្នក​ទីពឹង​បាន​ប្រើ​រទេះរុញ​លក់​ទឹក បរិសុទ្ធ និង​ផ្កា​តាម​ស្តុ​ប​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ក្រពះ​យ៉ាង​លំបាក ។

លើ​រទេះរុញ​មាន​ទាំង​ទឹកបរិសុទ្ធ​ក្លា​ស្សេ និង​ផ្កា លោក​សុខ ណា​រ៉ា ជន​ពិការ​ជើង​ទាំង​២​ខិតខំ​ប្រកប​របរ​កំប៉ិកកំប៉ុក​របស់​ខ្លួន ក្រៅពី​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ក្រពះ គឺ​សម្រាប់​​ព្យាបាល​ជើង​ដែល​នៅ​ឈឺ​ជា​ប្រចាំ​ផង​ដែរ ។ ក្នុង​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ លោក​សុខ ណា​រ៉ា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ មាន​បងប្អូន​៦​នាក់ ហើយ​ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោល​តាំងពី​កុមារភាព ។

ជើង​របស់​គាត់​ពិការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ ។ ជើង​ទាំង​ពីរ​មិន​អាច​ព្យាបាល​ឲ្យ​ជា​ឡើង​វិញ​នោះ​ទេ គឺ​ត្រូវ​អង្គុយ​លើក​រទេះរុញ​ជាប់​ជា​និច្ច ។ រាល់​ថ្ងៃនេះ​វា​តែងតែ​ធ្វើទុក្ខ​គឺ​ស្ពឹក​ដោយសារ​តែ​លោក​អង្គុយ​លើក​រទេះ​ដើម្បី​ដើរ​លក់​ទឹកបរិសុទ្ធ និង​ផ្កា​នៅ​តាម​ស្តុ​ប ។

ដោយ​គ្មាន​ប្រពន្ធ​កូន លោក​សុខ ណា​រ៉ា​បាន​ប្រើ​ជីវិត​នៅ​លើក​រទេះរុញ​ប្រកប​របរ​សុចរិត​របស់​គាត់​នៅ​ត្រង់​ភ្លើងស្តុប​ចាក់​អង្រែ​ក្រោម ។ ណា​រ៉ា​មិន​ដែល​ទៅ​ស្រុក​ទេ នៅ​តែ​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ព្រោះ​ឪពុក ម្តាយ​បាន​ស្លាប់​ចោល​អស់ហើយ ។ បងប្អូន​៦​នាក់​មាន​គ្រួសារ​អស់ហើយ ចំណែក​លោក​នៅ​តែ​ម្នាក់​ក្នុងផ្ទះ​ជួល ស្ថិត​នៅ​សង្កាត់​អង្រែ​ក្រោម ។

ទាំង​ទឹកមុខ​ស្រពោន និង​ដៃ​កំពុង​កាន់​ទឹកបរិសុទ្ធ​លក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​ប្រាក់​ដែល​បាន​ពី​ការ​លក់​ទឹក​សុទ្ធ និង​ផ្កា​គ្រាន់តែ​បង់ថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង​ប្រចាំខែ​ប៉ុណ្ណោះ ។ មួយ​ចំណែក​ទៀត​សម្រាប់​ព្យាបាល​ជើងពេល​វា​ធ្វើទុក្ខ ម្តង​ៗ ។ ផ្ទះ​ជួល​មួយ​ខែ​៥០​ដុល្លារ ។

ក្នុង​មួយ​ថ្ងៃ​សុខ ណា​រ៉ា អាច​រក​ប្រាក់​ចំណេញ​បាន​ពី​ការ​លក់​ទឹក​សុទ្ធ និង​ផ្កា​ប្រមាណ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ប្រាក់​ប៉ុន​នេះ​ត្រូវ​ចំណាយ​ទិញ​ចំណី​ហូប​ចុក​មួយ​ថ្ងៃ​អស់​ជិត​១​ម៉ឺន​រៀល ។

បុរស​ពិការ​និយាយ​ថា​៖«​ខ្ញុំ​លក់​មួយ​ថ្ងៃ រស់​មួយ​ថ្ងៃ ដោយសារ​បង់ថ្លៃ​ផ្ទះ​ជួល ថ្លៃ​ភ្លើង ទឹក​នៅ​សល់​បន្តិចបន្តួច​គ្រាន់​ទិញ​ថ្នាំ​ព្យាបាល​ជើង​ដែល​វា​ធ្វើទុក្ខ ម្តង​ៗ ។ ខ្ញុំ​មានការ​ពិបាក​ក្នុង​ការ​លក់ ម្តង​ៗ តែបើ​មិន​ចេញ​លក់​គ្មាន​ប្រាក់​សម្រាប់​ហូប​ចុក និង​បង់ថ្លៃ​ផ្ទះ​ទេ » ។

រៀន​ដល់​ថ្នាក់​ទី​៦ សុខ ណា​រ៉ា ចង់​រៀន​បន្ត​ណាស់ ប៉ុន្តែ​បងប្អូន មិន​អនុញ្ញាត​ឲ្យ​រៀន​ទេ (កាល​មិន​ទាន់​ពិការ​) ដោយ​ពួក​គេ​ចង់​ឲ្យ​គាត់ ប្រើ​កម្លាំង​ជួយ​រក​ប្រាក់​ជួយ​បងប្អូន​។ ជា​​រៀង​ថ្ងៃ​ក្រៅពី​ការ​ទិញ​ទឹកបរិសុទ្ធ និង​ផ្កា ដោយ​ក្តី​អាណិតអាសូរ អតិថិជន​បាន​ផ្តល់​ប្រាក់​បន្ថែម​ដល់​បុរស​ពិការ ។ លើស​ពី​នេះ​អតិថិជន​ខ្លះ​មិន​យក​ប្រាប់​អាប់​ទេ ។

ដោយឡែក​បុរស​ពិការ​ជើង​ទាំង​គូ​ម្នាក់​ទៀត​បាន​ធ្លាក់ខ្លួន​អភ័ព្វ​បែប​នេះ​តាំងពី​កើត​បាន​ជាង​មួយ​ខួប​ម៉្លេះ ។ ស្ថិត​នៅ​លើក​រទេះរុញ បុរស​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​មានស្រុក​កំណើត​​នៅ​ខេត្តព្រៃវែង កើត​ក្នុង​ត្រកូល​កសិករ និង​មាន​បងប្អូន​បី​នាក់ ។

បុរស​ពិការ​ជើង​ទាំង​គូ​រូប​នេះ​លក់​ផ្កា​តាម​រទេះរុញ​នៅ​ស្តុ​ប​ចាក់​អង្រែ​ក្រោម ។ ក្នុង​មួយ​ថ្ងៃ​គេ​អាច​លក់​បាន​ប្រាក់​ប្រមាណ​៤​ម៉ឺន​រៀល ពេល​ខ្លះ​បាន​៦​ទៅ​៧​ម៉ឺន​រៀល ដោយសារ​អ្នកទិញ​អាណិតអាសូរ​ឲ្យ​ប្រាក់​បន្ថែម ។ បុរស​នេះ​ហាក់​មានជីវិត​ប្រសើរ​ជាង​សុខ ណា​រ៉ា បន្តិច ដោយ​គេ​មាន​គូ​ដណ្តឹង ។

មូលហេតុ​នៃ​ការ​ពិការ​ជើង​របស់​បុរស​រូប​នេះ​ដោយសារ​ជំងឺ ហើយ​អំឡុង​ពេល​នោះ​មិនសូវ​មាន​ពេទ្យ​ព្យាបាល​ទេ ។ បុរស​ពិការ​និយាយ​ថា​៖«​ពេល​អាយុ​ជាង​១​ខួប​ខ្ញុំ​បាន​រៀន​ដើរ​ជា​ធម្មតា ប៉ុន្តែ​មាន​ជំងឺ​កៅ្ត​ខ្លួន​ខ្លាំង​រហូត​ដល់ ស្វិតជើង​តែ​ម្តង គឺ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ។ ពេល​នោះ​ម្តាយ​ខ្ញុំ​ប្រើ​កន្សែង​ជ្រលក់​ទឹក​ជូន​ខ្លួន​ខ្ញុំ ។ គាត់​យក​ក៏​ខ្ញុំ​ទៅ​ពេទ្យ​ដែរ តែ​មើល​មិនជា ។ ពេល​នោះ​មិនសូវ​មាន​ពេទ្យ​ទេ​» ។

ក្នុង​មូ​យ​ថ្ងៃ​បុរស​ពិការ​យក​ផ្កា​ពី​ម៉ូយ​ចំនួន​១០០​ផ្កា​សម្រាប់​លក់​ដោយ​គេ​យក​មក​ឲ្យ ។ គាត់​តែងតែ​លក់​អស់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ថ្ងៃ ដែល​លក់ដាច់​ជាងគេ គឺ​ថ្ងៃ​សៅរ៍ អាទិត្យ ពិសេស​ថ្ងៃសីល ។

ស្នាក់​នៅផ្ទះ​ជួល​មួយ​ខែ​បង់​៥០​ដុល្លារ រួម​ទាំង​ថ្លៃ​ទឹក ភ្លើង ។ មាន​អង្គការ​សួរនាំ​ចង់​ឲ្យ​ចូល​ធ្វើការ​ងារ​ដែរ ប៉ុ​នែ្ត​បុរស​ពិការ​មិន​ចង់​ធ្វើ​នោះ​ទេ ដោយសារ​តែ​ពិបាក ។ «​ទោះជា​យ៉ាងណា​ក្តី​លក់​ផ្កា​ក៏​ពិបាក​ដែរ ដោយ​តស៊ូ​ក្រោម​កម្តៅថ្ងៃ និង​ភ្លៀង តែ​ជីវិត​ត្រូវ​តែ​តស៊ូ ព្រោះ​គេ​មិន​អាច​អ្នក​ឲ្យ​យើង​រាល់ថ្ងៃ​នោះ​ទេ »​។

បុរស​ពិការ​ទាំង​ពីរ​ពឹង​លើ​រទេះរុញ​ដើម្បី​រស់ តែ​សព្វថ្ងៃ​វា​ជិត​ខូច​អស់ហើយ ដូច្នេះ​ពួក​គេ​ប្រាថ្នា​ចង់បាន​រទេះ​ថ្មី ដោយ​រំពឹង​ថា​អង្គការ ឬ​ស្ថាប័ន​ពាក់​ព័ន​ណាមួយ​នឹង​អាណិត​អាសូរ​​ជួយ​ដល់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ