ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​ខេត្តកោះកុង​កើនឡើង​84%

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្នុង​រយៈពេល​៦​ខែ​ដើម​២០១៨​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ទៅ​ទស្សនា​នៅ​ខេត្តកោះកុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១៧៩.៥៤៩​នាក់ កើនឡើង​ប្រមាណ​៤២.០១១​នាក់ ស្មើនឹង​៣០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧…

ខេត្តកោះកុង ៖ ក្នុង​រយៈពេល​៦​ខែ​ដើម​២០១៨​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ទៅ​ទស្សនា​នៅ​ខេត្តកោះកុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១៧៩.៥៤៩​នាក់ កើនឡើង​ប្រមាណ​៤២.០១១​នាក់ ស្មើនឹង​៣០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៥១.១០៩​នាក់ កើនឡើង​ចំនួន​២៣.៣៦០​នាក់ ស្មើនឹង​៨៤% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​កោះសន្ដិភាព​ទទួល​បាន ។

កំណើន​ភ្ញៀវ​ទេសចរ​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា ការ​អភិវឌ្ឍ​ផលិតផល​ថ្មី​ៗ​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ពិសេស​គឺ​កត្តា​សន្តិសុខ សុវត្ថិភាព រួម​ទាំង​បរិស្ថាន​ជា
ដើម ។

លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ថ្លែង​ថា ៖« ភ្ញៀវ​ជាតិ និង​អន្តរជាតិ មានការ​កើនឡើង​ខ្ពស់​ដូច្នេះ​បណ្តាល​មក​ពី​ខេត្ត​មាន​តំបន់​ទេសចរណ៍​ថ្មី​ៗ​មួយ​ចំនួន​ដែល​ប្រកប ដោយ​ភាព​ទាក់ទាញ់ ដូច​ជា ទឹកធ្លាក់​តា​ចាត​, ទឹកធ្លាក់​សិលា​មាន​ជ័យ​, តំបន់​កោះ​ស្តេច និង​ឆ្នេរ តារា​សាគរ​ជាដើម ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​កា​រត​ភ្ជាប់​ផ្លូវ​គមនាគមន៍​, ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បម្រើសេវា​ទេសចរណ៍ កត្តា​សន្តិសុខ សុវត្ថិភាព រួម​ទាំង​បញ្ហា​បរិស្ថាន​ដែល​ទាំង​អស់នេះ​ហើយ ទើប​ញ៉ាំង​ឲ្យ​ភ្ញៀវ​ទេសចរ​មក​សម្រាក​លម្ហែកាយ​នៅ​ទឹកដី​ខេត្ត​មួយ​នេះ​កើនឡើង​ឥត​ឈប់​ឈរ »​។ ក្រៅពី​សក្ដានុពល​សំខាន់​ៗ​ទាំងនោះ លោក​ថា ៖« ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ក៏​ជា​កត្តា​ទាក់ទាញ​មួយ​ផង​ដែរ ព្រោះថា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ភាព​រួសរាយ​រាក់ទាក់ ដែល​បង្ហាញ​នូវ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិយើង »​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ក៏​បាន​បង្ហាញ​នូវ​ទិស​ដៅ​ទៅ​ថ្ងៃ​អនាគត ធ្វើ​យ៉ាងណា​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់តែ​មាន​កំណើន​ខ្ពស់​ថែម​ទៀត ដោយ​ក្នុង​នោះ​រួម​មានការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្តកោះកុង​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ តាម​រយៈ​ការ​បោះពុម្ព​ជា​សៀវភៅ ខិ​ត្តិ​ប័ណ្ណ​ផ្សព្វផ្សាយ រួម​ទាំង​ដាក់​ប​ញ្ជូ​ល​នូវ​ព័ត៌មាន​ទេសចរណ៍​ថ្មី​ៗ និង​ធ្វើ​ប័ណ្ណ​ព័ត៌មាន​ទេសចរណ៍​តាម​សហគមន៍​នីមួយ​ៗ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឲ្យ​កាន់តែ​ផុសផុល​ថែម​ទៀត ។ លោក​បន្ថែម​ថា ៖« ក្រៅពី​នេះ យើង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ជាប់​ជា​ប្រចាំ ដើម្បី​ផ្សព្វផ្សាយ​យុទ្ធនាការ​ភោជនីយដ្ឋាន​ស្អាត សុវត្ថិភាព​ចំណីអាហារ និង​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ដល់​អាជីវករ​ទេសចរណ៍​ទូ​ទាំង​ខេត្ត ដោយ​គួប​ផ្សំ​នឹង​ការ​ផ្សព្វផ្សាយ​អំពី​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​តម្លៃ​សេវា​ទេសចរណ៍​ដល់​សេវាករ​ទេសចរណ៍​ទាំងអស់​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ខេត្តកោះកុង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់ ១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ ដោយ​រំពឹង​ថា នឹង​ទទួល​បានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​៣០​ម៉ឺន​នាក់ ។ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​នេះ បើ​តាម​ការ​អះអាង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា នឹង​រៀបចំ​ឲ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ ដោយ​មានការ​អញ្ជើញ​ក្រុម​សិល្បៈ និង​ក្រុមកីឡា​មក​ពី​ប្រទេស​ជិតខាង​ចូលរួម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ