ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​5​ឆ្នាំ ចិន​បោះទុន​21​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ចិន​ដែល​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ស្ថិត​នៅ​លំដាប់ថ្នាក់​កំពូល និង​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​ចំណោម​វិនិយោគិន​បរទេស​ទាំងអស់ ក្នុង​នោះ​គេ​សង្កេត​ឃើញ​គម្រោង​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស បាន​កាន់កាប់​ដោយ​វិនិយោគិន​ចិន ទាំង​គម្រោង​កំពុង​សាងសង់ និង​គម្រោង​ដែល​បាន​សាងសង់​រួច…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ចិន​ដែល​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ស្ថិត​នៅ​លំដាប់ថ្នាក់​កំពូល និង​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​ចំណោម​វិនិយោគិន​បរទេស​ទាំងអស់ ក្នុង​នោះ​គេ​សង្កេត​ឃើញ​គម្រោង​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស បាន​កាន់កាប់​ដោយ​វិនិយោគិន​ចិន ទាំង​គម្រោង​កំពុង​សាងសង់ និង​គម្រោង​ដែល​បាន​សាងសង់​រួច ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨​នេះ​ចិន​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូត​ដល់​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន មាន​កំណើន​ឡើង​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Morgan Tower កាលពី​ថ្ងៃ​ទី​១៨ សីហា លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ចិន​គឺជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​របស់​កម្ពុជា ព្រោះ​ចិន​មិន​ត្រឹមតែ​បាន​មក​បណ្ដាក់ទុន​វិនិយោគ​ប៉ុណ្ណោះ​ទេ តែ​កន្លង​មករ​ហូត​ដល់​បច្ចុប្បន្ន ចិន​ក៏​បាន​ផ្ដល់​ជា​ជំនួយ​ផ្សេង​ៗ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍ ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ជាដើម ។ ក្រៅពី​នេះ​ទៀត ចិន​ក៏​បាន​ផ្ដល់​កម្ចី​ជា​ច្រើន​សម្រាប់​កម្ពុជា យក​មក​ស្ដារ​សេដ្ឋកិច្ច ចាប់តាំងពី​កម្ពុជា​ទើបតែ​ឆ្លង​ផុត​ពី​សង្គ្រាម ។

លោក Ding Youngjun អគ្គនាយក​មជ្ឈមណ្ឌល Morgan Tower បាន​ឲ្យ​ដឹង​ថា ការ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​បានដឹង​ច្បាស់​ពី​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​អនាគត ព្រោះ​កន្លង​មក កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​អាច​ធ្វើ​បាន ។ លោក​បន្ដ​ថា ៖« គម្រោង​វិនិយោគ​របស់​យើង​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​ការ​ទាក់ទាញ​បន្ថែម​ទៀត​ដល់​បណ្ដា​វិនិយោគិន​បរទេស មិន​ថា​តែ​ជនជាតិ​ចិន ឬ​វិនិយោគិន​ជនជាតិ​ផ្សេង​នោះ ទេ »​។ លោក​ថា ៖« ការ​វិនិយោគ​របស់​យើង នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ហើយ​ការ​វិនិយោគ​នៅ​ពេល​នេះ​មិនមែន​ជា​គម្រោង​ចុង​ក្រោយ​របស់​យើង​នោះ​ទេ ក្រុមហ៊ុន​យើង​នឹង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ​ដែល​មាន​សក្ដានុពល​ថែម​ទៀត »​។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក​ដឹង​គម្រោង​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​បាន​កាន់កាប់​ដោយ​វិនិយោគិន​ចិន ហើយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​ដូច​ជា​មក​ពី​ចិន គឺជា​ការ​ល្អ​ណាស់ ក្នុង​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​បង្កើត​ការ​វិនិយោគ​ខ្លួនឯង​បាន​ច្រើន ។ អីចឹង​ត្រូវ​ពឹង​លើ​ការ​វិនិយោគ​ពី​បរទេស ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ។
តាម​ការ​ប្រកាស​របស់​តំណាង​វិនិយោគិន​ចិន​ធំ​មួយ​កាលពី​ពេល​ប៉ុន្មាន​ខែ​មុន​ថា ពួក​គេ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​មានការ​ចាត់តាំង និង​បង្ហាញផ្លូវ​ពី​ប្រធានាធិបតី ស៊ី ជី​ន​ពីង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ផ្សេង​ៗ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដូចនេះ​ពួក​គេ​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​ទៅ​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា ។

លោក Jiang Jing Long វិនិយោគិន​ចិន​រូប​នោះ​បាន​និយាយ​ថា ៖« វិនិយោគិន​ចិន នឹង​មក​ដល់​កម្ពុជា​ច្រើន​ទៀត ដើម្បី​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ដែល​ពួក​យើង​ចាប់អារម្មណ៍ » ។ លោក​ថា ៖« ពួក​យើង​នឹង​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ ឲ្យ​រីក​ចម្រើន​ដូច​នៅ​ប្រទេស​ចិន​ដែរ ក៏​ប៉ុន្តែ​ពួក​យើង​មិន​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​របស់​ចិន​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ