ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វែគណាស់​ឆក់​យក​ជីវិត​ប្តី បន្សល់​ទុក​កូនប្រុស​ស្រី​រស់នៅ​វេទនា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​សណ្តោង​ស៊ីទែន​ដឹក​ប្រេង​ក្រុមហ៊ុន TELA បុក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​សណ្តោង​ស៊ីទែន​ដឹក​ប្រេង​ក្រុមហ៊ុន TELA បុក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ តាម​បណ្តោយ​វិ​ថី​សម្តេច​ទេ​ពវង្ស នៅ​ត្រង់​ចំណុច​គីឡូ​តិ៍​ម៉ែត្រ​លេខ​១៦ និង​១៧ ក្នុង​ក្រុម​១៩ ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ណ​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​មណ្ឌល​៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​វេ​វ​អេស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​សណ្តោង​ស៊ីទែន​ប្រេង ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-២៦៧៣ ពណ៌​សលាយ​បៃតង ជា​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​ន​:​តេ​លា បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​បង្កហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ស្រមោល​។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ គេ​បានឃើញ​រថយន្ត​សណ្តោង​ស៊ីទែន​ប្រេង​ខាងលើ​បើកបរ​ចេញពី​ស្រុក​ស្ទឹង​ហាវ​ទៅ​រាជធានី​ភ្នំពេញ រឺ​ឯ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះ​មក​ដល់​កន្លែង​កើតហេតុ អ្នកបើកបរ​រថយន្ត​សណ្តោង​ស៊ីទែន​ប្រេង​នោះ​បើក​គេច​ជង្ហុក​រេ​ចង្កូត​មក​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​រថយន្ត​សណ្តោង​ស៊ីទែន​ប្រេង​កិន​ពីលើ​ម៉ូតូ​និង​អ្នកបើកបរ​ម៉ូតូ អូស​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ទើប​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ដោយឡែក​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ទ​ន​:​តេ​លា បាន​ដកស្រង់​សំដី​អ្នកបើកបរ​រថយន្ត​ថា​មុន​ពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្ត​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្លងកាត់​ផ្លូវ​អាទិភាព​របស់​រថយន្ត ពេល​នោះ​អ្នកបើកបរ​រថយន្ត​ក៏​ទាញ​ចង្កូត​គេច​ចេញពី​ម៉ូតូ​ឆ្លង​ចូល​មក​ផ្លូវ​អាទិភាព​ខាង​ម៉ូតូ​វិញ ។ ចៃដន្យ​អ្នកបើកបរ​ម៉ូតូ​ក៏​គេច​មក​រក​ផ្លូវ​អាទិភាព​របស់​គាត់​វិញ​ហើយក៍​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុជីវិត ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​ទាក់ទង​រក​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នា​ពេល​កន្លង​មក​រថយន្ត​ដឹក​ជញ្ជូន​ប្រេង​ក្រុមហ៊ុន​ខាងលើ អ្នកបើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន បើកបរ​ក្នុង​ល្បឿន​លឿន​ណាស់​ទើប​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ។ ហេតុ​ដូចនេះ​ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ស្វែងរក​ជន​បង្ក ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​យក​មក​ទទួលខុសត្រូវ​តាម​នីតិវិធី​ឲ្យ​ខាង​តែ​បាន ដើម្បី​ទុកជា​ការ​ព្រមាន​ដល់​អ្នកបើកបរ​យានយន្ត​ដទៃ​ទៀត​។

អ្នកស្រី​សួន សុ​ហ៊ុន អាយុ​៣៨​ឆ្នាំ ជា​ភរិយា​ជន​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ ​គ្រួសារ​គាត់​មាន​ជីវភាព​ទីទ័ល​ក្រ​យ៉ាង​ខ្លាំង​ សព្វថ្ងៃ​បាន​ប្តី​ប្រកប​របរ​រត់​ម៉ូតូ​យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព​មួយ​ថ្ងៃ​រួច​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដើម្បី​ចិញ្ចឹម​កូន​ចំនួន​៦​នាក់ (​ប្រុស​៤​នាក់ ស្រី​២​នាក់​) នៅ​ក្នុង​បន្ទុក​។ តែ​ពេល​នេះ​ប្តី​របស់​គាត់​ជួប​គ្រោះ​អ​កុស​ល​រហូត​បាត់​បង់ជីវិត​បែប​នេះ តើ​វាសនា​របស់​កូន​ដែល​នៅ​តូច​ៗ​នឹង​ទៅ​ជា​យ៉ាង​​ណា​​​?

ស្ត្រី​ជា​ភរិយា​របស់​សព​ជន​រង​គ្រោះ និង​កូន​តូច​ៗ​បាន​លើក​ម្រាមដៃ​ទាំង​ដប់ សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ច្បាប់ ជា​ពិសេស​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​មេត្តា​បាន​ជួយ​ផ្តល់​ភាព​យុ​ត្តិ​ធ​ម៌​​សម្រាប់​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ដែល​កំពុង​តែ​ជួប​ប្រទះ​ភាព​ទីទ័ល​ក្រ​ ខណ​ៈ​​កូន​នៅ​តូច​ៗ​ថែម​ទាំង​ក្លាយជា​កូនកំព្រា​មិន​មាន​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត​ពួក​គេ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ