ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​បាន​ព្រះ​បដិមា​66អង្គ​នៅ​ភ្នំក្ងោក​មាស​តាម​ការ​សុបិននិមិត្ត

10 ឆ្នាំ មុន

ខេត្ដស្ទឹង​ត្រែង ៖ ព្រះបដិមា​ចំនួន​៦៦អង្គ​ត្រូវ​បាន​ប្រ​គល់​ទៅ​ឱ្យ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ដ​ថែ​រក្សា​ បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ជីក​រក​ឃើញ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ មេសា​ តាម​ការ​យល់​សប្ដិ​ ។​ អ្នក​ភូមិ​ឆ្វាំង​ ឃុំ​សំ​អាង​ ប្រាប់​ថា​ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​យល់​សប្ដិ​ឃើញ​មាន​សំឡេង​ស្រែក​ប្រាប់​រូប​គេ​ថា​ «ក្ដៅ​ណាស់​ជួយ​យក​ខ្ញុំ​ចេញ​ផង​»​ រួច​ក្មេង​ម្នាក់​នោះ​ដើរ​ឆ្ពោះ​ទៅ​ភ្នំ​ក្ងោក​មាស​ទាំង​មិន​

ខេត្ដស្ទឹង​ត្រែង ៖ ព្រះបដិមា​ចំនួន​៦៦អង្គ​ត្រូវ​បាន​ប្រ​គល់​ទៅ​ឱ្យ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ដ​ថែ​រក្សា​ បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ជីក​រក​ឃើញ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ មេសា​ តាម​ការ​យល់​សប្ដិ​ ។​ អ្នក​ភូមិ​ឆ្វាំង​ ឃុំ​សំ​អាង​ ប្រាប់​ថា​ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​យល់​សប្ដិ​ឃើញ​មាន​សំឡេង​ស្រែក​ប្រាប់​រូប​គេ​ថា​ «ក្ដៅ​ណាស់​ជួយ​យក​ខ្ញុំ​ចេញ​ផង​»​ រួច​ក្មេង​ម្នាក់​នោះ​ដើរ​ឆ្ពោះ​ទៅ​ភ្នំ​ក្ងោក​មាស​ទាំង​មិន​ដឹង​ខ្លួន​ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​​របស់​ខ្លួន​ជិត​៣​គីឡូម៉ែត្រ​ ស្ថិត​​ក្នុង​ភូមិ​ឆ្វាំង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិវ៉ាត់​ ។​ នៅ​ទី​នោះ​ក្មេង​ប្រុស​បាន​ជីក​កាយ​បាន​ព្រះ​ពុទ្ធ​បដិមា​ជាង​១០អង្គ​ដាក់​លើ​ជើង​ពាន​មួយ​រួច​យក​ទៅ​ផ្ទះ​ និង​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ ។​

ក្មេង​ប្រុស​ជំទង់​ឈ្មោះ​ វង្ស​ សុខ​ជា​ អាយុ​១៤ឆ្នាំ​ ជា​អ្នក​ជីក​បាន​ព្រះ​បដិមា​នោះ​និយាយ​ថា​ រូប​គេ​មិន​ដឹង​ខ្លួន​ថា​ដើ​រ​ទៅ​ដល់​ភ្នំ​ក្ងោក​មាស​ ហើយ​ជីក​បាន​ព្រះ​បដិមា​ទាំង​នោះ​ឡើយ​ ។​ ពេល​ដើរ​ដល​់​ផ្ទះ​វិញ​​ គេ​យក​ព្រះ​បដិមា​ឱ្យ​ឪពុក​ម្ដាយ​មើល​ ហើយ​ប្រាប់​ពី​ដំណើរ​រឿង​ ។​ បន្ទាប់​មក​គេ​នាំ​ឪពុក​ទៅ​មើល​ ស្រាប់​តែ​ប្រ​មូល​បាន​ព្រះ​បដិមា​មួយ​ចំនួន​ទៀត​ មាន​ទាំង​ស្រោប​មាស​ និង​ស្រោប​ប្រាក់​សរុប​៦៦អង្គ​ ។​

លោក​ វង្ស​ មច្ឆា​ ជា​ឪពុក​ក្មេង​ប្រុស​នោះ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ នៅ​វេលា​ទៀប​ភ្លឺ​កូន​ប្រុ​ស​របស់​គាត់​ក្រោក​ពី​ដំណេក​ គាត់​នឹក​ស្មាន​ថា​ទៅបត់​ជើង​ ស្រាប់​តែ​បាត់​រហូត​ដល់​ថ្ងៃ​រសៀល​ទើប​ឃើញ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ដោយ​កាន់​ជើង​ពាន​ដាក់​ព្រះ​បដិមា​ជា​ច្រើន​អង្គ​ ។​ លោក​បាន​សួរកូន​ប្រុស​ថា​ បាន​ព្រះ​ពុទ្ធ​រូប​មក​ពី​ណា​ច្រើន​ម៉្លេះ​ គេ​ក៏​ប្រាប់​តាម​ដំ​ណើរ​រឿង​ ។​ ពេល​លោក​នាំ​កូន​ទៅ​មើល​ម្ដង​ទៀត​ និង​ជីក​កាយ​បន្ថែម​ ក៏​ប្រ​ទះ​ឃើញ​ព្រះ​បដិមា​ជា​ច្រើន​អង្គ​ទៀត​ ។​ ប្រ​ភព​ដដែល​បញ្ជាក់​ថា​ ព្រះ​បដិមា​ទាំង​នោះ​លោក​បាន​ប្រ​គល់​ទៅ​មន្ទីរ​វប្បធម៌​ខេត្ដ​ថែ​រក្សា​ទុក​។​

ព្រះបដិមា​ទាំង​៦៦អង្គ​នោះ​ ធ្វើ​អំ​ពី​ឈើ​ស្រោប​មាស​ និង​ប្រាក់​ ។​ លោក​ ផេង​ ណា​ឡៃ​ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ដ​ស្ទឹង​ត្រែង​ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​​ ព្រះ​បដិមា​ទាំង​៦៦អង្គមាន​ស្រោប​មាស​១០អង្គ​ ស្រោប​ប្រាក់​ចំនួន​៥៥អង្គ​ និប​ព្រះ​បដិមា​ប្រក់​នាគ​ស្រោប​មាស​១អង្គ​ ។​ ព្រះបដិមា​ទាំង​នោះ​ លោក​នឹង​ធ្វើ​បែប​បទ​ប្រ​គល់​ទៅ​ឱ្យ​សារមន្ទីរ​ជាតិ​នៅ​ពេល​ខាង​មុខ​៕​