ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី២នាក់បងប្អូនបង្កើតបាននាំកូនប្រុស-ស្រី បណ្តើរកង់ដើររើសអេតចាយចម្ងាយដីរាប់គីឡូម៉ែត្រ តាំងពីស្រុកអូរជ្រៅ រហូតដល់ក្រុងប៉ោយប៉ែត ដើម្បីលក់យកប្រាក់ធ្វើសោហ៊ុយទៅមើលឪពុកឈឺធ្ងន់ នៅឯស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោមតំណក់ទឹកភ្នែកជាមួយនឹងដៃពកូនប្រុសអាយុមិនទាន់បាន១ខួបផង ស្ត្រីឈ្មោះ ណន ច្រែកអាយុ
៤៨ឆ្នាំនិយាយថា គាត់រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានកូនប្រុស-ស្រីក្នុងបន្ទុក៦នាក់ សព្វថ្ងៃគ្មានមុខរបរអ្វី ក្រៅពីដើររើសអេតចាយ៣ទៅ៤ឆ្នាំមកហើយ ឯប្តីគាត់ពិការដៃជើងមិនអាចធ្វើអ្វីបាន ។
ចំណែកស្ត្រីម្នាក់ទៀតជាប្អូនបង្កើតរបស់ស្ត្រីខាងលើ ឈ្មោះ ណន ឡង អាយុ៣៥ឆ្នាំ មានកូនប្រុសស្រីក្នុងបន្ទុក៤នាក់ រស់នៅក្នុងភូមិជាមួយគ្នានិយាយថា គាត់មានប្តីដែរតែមិនដែលជួយធ្វើការងារអ្វីទេ គឺគិតតែពីដើរផឹកស៊ីធ្វើឲ្យគាត់ទទូលបន្ទុកដ៏ធ្ងន់ក្នុងគ្រួសារតែម្នាក់ឯង ។
ស្ត្រីជាបងនិយាយថា គាត់ចេញពីផ្ទះដើររើសអេតចាយនេះ រយៈពេល៣ថ្ងៃហើយ ទើបតែមកដល់ក្រុងប៉ោយប៉ែត ។ កូនគាត់មកជាមួយទាំងអស់ ប៉ុន្តែមួយចំនួន ត្រូវអ្នកស្រុកដែលជួបតាមដងផ្លូវគេអាណិតជួយដឹកទៅភូមិវិញ នៅសល់តែកូនប្រុសស្រី៣នាក់ គឺកូនច្បងបណ្តើរកង់ផង រើសអេតចាយផង ជាមួយប្អូន ប្រុសម្នាក់ទៀត ខណៈកូនប្រុសពៅដែលនៅក្នុងដៃ គាត់ពបណ្តើររើសអេតចាយបណ្តើរ ។
រីឯស្ត្រីជាប្អូនយកកូនមកជាមួយតែម្នាក់ទេ ដោយចងកន្សែងដាក់ជាប់កកង់ដូចជាអង្រឹងឲ្យអង្គុយ ដើម្បីមានលទ្ធភាពរើសអេតចាយដូចស្ត្រីជាបងដែរ ។ គ្រួសារទីទ័លក្រទាំង២ខាងលើប្រាប់ថា រយៈពេល៣យប់៤ថ្ងៃនេះ គឺយប់ដំបូងដេកក្នុងព្រៃមានមុង១ចងដេករួមគ្នា តែសំណាងល្អទេវតាអាណិតមិនមានភ្លៀងធ្លាក់រំខានទេ ។ ឯយប់ទី២ សុំផ្ទះអ្នកស្រុកដេក ព្រោះមានភ្លៀងធ្លាក់ និងយប់ថ្ងៃទី១៧ ខែសីហា ដេកនៅសាលាឆទានក្នុងវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ពួកគាត់និយាយថា ការនាំបងប្អូនចេញរើសអេតចាយឆ្ងាយពីភូមិស្រុកពីលំនៅឋាននេះ គឺក្នុងគោលបំណងរកប្រាក់ធ្វើសោហ៊ុយទៅមើលឪពុកឈ្មោះ ណុប ណន អាយុ៨០ឆ្នាំ ដែលកំពុងមានជំងឺនៅឯស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលសាច់ញាតិទាក់ទងមកប្រាប់តាមទូរស័ព្ទជាច្រើនដងហើយ តែពួកគាត់គ្មានប្រាក់ធ្វើដំណើរ ទៅ ។
អ្វីដែលកាន់តែសង្វេគទៀតនោះ គឺសូម្បីតែកង់របស់ស្ត្រីជាបង ក៏គ្មានច្រវាក់ដែរ ពោលគឺមិនអាចជិះកើត
ទេ ត្រូវបណ្តើររហូតទាល់តែដល់គោលដៅវិញ ដោយគាត់និយាយថា មិនដឹងជាដាច់ជ្រុះនៅឯណា បានកង់សម្រាប់ដឹកអេតចាយ ព្រោះមិនអាចស្ពាយ ឬរែកពុនបាន ។
ជួបជាមួយអ្នកយកព័ត៌មាន គ្រួសារទាំង២នេះបានទទួលថវិកាមួយចំនួននិងអង្ករ១០គីឡូក្រាម ពីភ្នាក់ងារកោះសន្តិភាព និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ពួកគាត់បានអំពាវនាវ សុំសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយផង បើពុំនោះទេ ជីវភាពគ្រួសារពួកគាត់នឹងនៅតែរងការវេទនា ពិសេសកូនៗនឹងមិនមានអនាគតឡើយ ព្រោះមិនបានរៀនសូត្រនឹងគេ ហើយក្រក៏ក្រ…កូនក៏កូន មិនខុសពីពាក្យថា អ្នកក្រកូនច្រើនឡើយ ។
គ្រួសារអាជីវករមួយនៅភូមិមិត្តភាព ក៏បានជួយឧបត្ថម្ភមី២០កញ្ចប់ដល់គ្រួសារទាំង២ខាងលើផងដែរ ដោយសារតែការអាណិតអាសូរខ្មែរដូចគ្នារស់នៅក្រោមមេឃតែមួយ តែជួបកម្មលោកិយ ឱ្យរស់ក្នុងស្ថានភាពដ៏លំបាកតោកយ៉ាកបែបនេះ ៕
https://www.youtube.com/watch?v=LUSnRIDiuHU
ចែករំលែកព័តមាននេះ