ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែអំបិល​ក្លាយជា​កន្លែង​ចិញ្ចឹម​ក្តាម និង​បង្គា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ច្រើន បាន​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​ធ្លាក់​ដល់​កម្រិត​សូន្យ ខណៈ​ដីស្រែ​អំបិល​មួយ​ចំនួន​ធំ​បាន​ក្លាយជា​កន្លែង​ចិញ្ចឹម​ក្ដាម និង​បង្គា និង​មួយ​ចំនួន​ទៀត​ត្រូវ​ម្ចាស់​បោះបង់​ចោល ស្មៅ​ដុះ​ពេញ​ស្រែ​ក្លាយជា​កន្លែង​ឃ្វាលគោ​ក្របី​ទៅ​ហើយ ។ បើ​តាម​លោក…

ខេត្តកំពត ៖ ដោយសារ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ច្រើន បាន​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​ធ្លាក់​ដល់​កម្រិត​សូន្យ ខណៈ​ដីស្រែ​អំបិល​មួយ​ចំនួន​ធំ​បាន​ក្លាយជា​កន្លែង​ចិញ្ចឹម​ក្ដាម និង​បង្គា និង​មួយ​ចំនួន​ទៀត​ត្រូវ​ម្ចាស់​បោះបង់​ចោល ស្មៅ​ដុះ​ពេញ​ស្រែ​ក្លាយជា​កន្លែង​ឃ្វាលគោ​ក្របី​ទៅ​ហើយ ។

បើ​តាម​លោក សេង សន ជា​អ្នក​ចាំ​ឃ្លាំង​អំបិល​នៅ​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អំបិល​ឆាំ្ន​នេះ​គឺ​មិន​បាន​ផល​នោះ​ទេ ដោយសារ​ភ្លៀង​ធ្លាក់​តាំងពី​ខែប្រាំង​រហូត​ដល់​វស្សា​តែ​ម្ដង ហើយ​ដីស្រែ​អំបិល​វិញ​មួយ​ចំនួន​ធំ ត្រូវ​ម្ចាស់​ជួល​ទៅ​ឲ្យ​វិនិយោគិន​កូរ៉េ​សម្រាប់​ចិញ្ចឹម​ក្តាម និង​បង្គា និង​មួយ​ចំនួន​ទៀត​ស្មៅ​ដុះ​ពេញ​ស្រែ​ក្លាយជា​កន្លែង​ឃ្វាលគោ​ក្របី​ទៅ​ហើយ ។ ចំណែក​ឃ្លាំង​ស្ដុក​អំបិល​វិញ ត្រូវ​គេ​បោះបង់​ចោល និង​ត្រូវ​ខ្យល់​បក់​បោក​ដួល​រាប​ពេញ​ដី ។ លោក​បន្ដ​ថា ៖« ដីស្រែ​ផលិត​អំបិល​របស់​កម្ពុជា អាច​នឹង​ត្រូវ​បាត់បង់ ហើយ​ត្រូវ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទាំងស្រុង បើសិនជា​យើង​មិន​នាំ​គ្នា​ជួយ​ស្រោចស្រង់​ទេ ខណៈ​ប៉ុន្មាន​ថ្ងៃមុន​នេះ ជនជាតិ​ចិន​មួយ​ក្រុម​ក៏​បាន​ចុះ​មក​ពិនិត្យ​ស្រែអំបិល​ដែល​នៅ​សេសសល់​ដែរ »​។

បើ​តាម​លោក ប៊ុ​ន យោង ម្ចាស់​ស្រែអំបិល បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​ច្រើន​ពេក ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​មិន​ទទួល​បាន​ទិន្នផល​ទេ ។ លោក​បន្ដ​ថា ៖« ការ​ផលិត​អំបិល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ទៅ​តាម​ប្រពៃណី​សុទ្ធសាធ ។ មាន​ន័យ​ថា ត្រូវ​ពឹង​លើ​កម្ដៅថ្ងៃ​ទាំងស្រុង បើ​អាកាសធាតុ​មិន​អំណោយផល​ហើយ អំបិល​គឺ​មិនកើត​នោះ​ទេ »​។ លោក​ថា ៖« ពិតជា​ពិបាក​ណាស់​របរ​ពឹងផ្អែក​លើ​កម្ដៅ​ថ្ងៃមួយ​នេះ »​។

ប្រធាន​រដ្ឋបាល​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប លោក អ៊ុំ ឈុ​ន បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ សហគមន៍​ផលិត​អំបិល​បាន​ចំនួន​៣​ម៉ឺន​៣​ពាន់​តោន តែ​ឆ្នាំ​នេះ​ការ​ផលិត​អំបិល គឺ​សូន្យ​តែ​ម្ដង ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ។ លោក​បន្ដ​ថា ៖« ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​មាត់សមុទ្រ ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​នៅ​ខេត្ត​កែប​និង​កំពត មិន​ទទួល​បាន​ផល​នោះ​ទេ ហើយ​បច្ចុប្បន្ន ដីស្រែ​អំបិល​ចំនួន​២០០​ហិ​កតា ត្រូវ​បាន​ម្ចាស់​ជួល​ឲ្យ​វិនិយោគិន​កូរ៉េ សម្រាប់​ចិញ្ចឹម​ក្ដាម និង​បង្គា​ទៅ​ហើយ នៅ​សល់​ប៉ុន្មាន​ត្រូវ​ម្ចាស់​បោះបង់​ចោល​ស្មៅ​ដុះ​ពេញស្រែ »​។

លោក​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ កសិករ​ផលិត​អំបិល​ខាតបង់​យ៉ាង​ខ្លាំង ដោយសារ​តែ​ភាគច្រើន​គឺ​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​មក​រៀបចំ​ស្រែអំបិល ប៉ុន្តែ​ក្រោយ​ពេល​រៀបចំ​និង​បញ្ចូល​ទឹក​រួច ស្រាប់តែ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​តាំងពី​ដើមឆ្នាំ​មក និង​ត្រូវ​ខូចខាត​ទាំងស្រុង ដូច្នេះ​ហើយ​ទើប​ពួក​គេ​ជួល​ដីស្រែ​ឲ្យ​វិនិយោគិន​កូរ៉េ​សម្រាប់​ចិញ្ចឹម​ក្តាម និង​បង្គា​វិញ ដើម្បី​យក​ប្រាក់​មក​ទូទាត់​បំណុល »​។ អំបិល​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់​ជា​អំបិល​ដែល​មានគុណ​ភាព និង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ដូច​ជា ទីផ្សារ​ប្រទេស​អង់គ្លេស ស្វ៊ី​ស និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ក៏​ប៉ុន្តែ​ការ​នាំ​ចេញ​នោះ គឺ​តែ​ផលិតផល​ផ្កាអំបិល​ប៉ុណ្ណោះ ដែល​ជា​ផលិតផល​កម្រ និង​មានគុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព ។

យោង​តាម​ប្រធាន​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប លោក អ៊ុំ ឈុ​ន បាន​ប្រាប់​កោះសន្តិភាព​កន្លង​មក​ថា ឆ្នាំ​នេះ សមាគម​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​នាំ​ចូល​អំបិល​ប្រមាណ​ពី​៤​ទៅ​៥​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស ។ ប្រជាពលរដ្ឋ​កំពុង​តែ​បារម្ភ​ថា បើសិនជា​ស្រែអំបិល​ក្លាយជា​កន្លែង​ចិញ្ចឹម​ក្តាម និង​បង្គា បែប​នេះ តើ​ថ្ងៃ​អនាគត វាសនា​ស្រែអំបិល​របស់​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ