ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត​សង្ឃឹមថា ភាគរយ​អ្នក​ជាប់​បាក់​ឌុ​ប​នៅ​តែ​ច្រើន​ជាងគេ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) សម្រាប់​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ដំបូង បេក្ខជន​ពីរ​នាក់​បាន​អវត្តមាន​ប្រឡង ចំណែក​បេក្ខជន​តាម​បន្ទប់​នីមួយ​ៗ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។ ថ្លែង​បែប​នេះ តាម​ការ​លើក​ឡើង​របស់​លោក ទឹម…

ខេត្តមណ្ឌលគិរី ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) សម្រាប់​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ដំបូង បេក្ខជន​ពីរ​នាក់​បាន​អវត្តមាន​ប្រឡង ចំណែក​បេក្ខជន​តាម​បន្ទប់​នីមួយ​ៗ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។ ថ្លែង​បែប​នេះ តាម​ការ​លើក​ឡើង​របស់​លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី​។ លោក ទឹម សង្វាត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រឡង​ត្រូវ​បែងចែក​ជា​២​មណ្ឌល ស្មើនឹង​១៨​បន្ទប់ ដែល​មណ្ឌល​ទាំង​០២ ក្នុង​ស្ថិត​ក្នុង​វិទ្យាល័យ ហ៊ុន​សែន មណ្ឌលគិរី ក្នុង​ក្រុង​សែន​មនោ​រម្យ ចំណែក​បេក្ខជន​ប្រឡង​សរុប មាន​ចំនួន​៤១២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២១៥​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ មានការ​កើនឡើង​ចំនួន​៩០​នាក់​។

ចំពោះ​ដំណើរការ​រៀបចំ ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​សហការ​ជាមួយ​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ ស្នងការដ្ឋាន​នគរបាល កងរាជអាវុធហត្ថ និង​យុវជន (​ស​-​ស​-​យ​-​ក​) ខេត្តមណ្ឌលគិរី ព្រម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត ក្នុង​ការ​ពិនិត្យ​មណ្ឌល​ប្រឡង​យ៉ាង​តឹងរ៉ឹង សំដៅ​ឲ្យ​បេក្ខជន​ប្រឡង​ប្រើ​សមត្ថកិច្ច​ភាព​ពិត​ៗ មិន​អាច​មានឱកាស​ចំឡង​តាម​ឯកសារ​បាន​នោះ​ទេ​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ស្នើ​ទៅ​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ការ​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​ក្នុង​ពេល​ប្រឡង ជា​ពិសេស​ចំពោះ​ការ​ការពារ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បេក្ខជន​ប្រឡង​ឲ្យ​បាន​ល្អ​។ ដោយឡែក​សម្រាប់​អាជីវករ​លក់ដូរ នៅ​ក្នុង​បរិវេណ​សាលា ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ពេល​ប្រឡង ហើយ​នៅ​តាម​កន្លែង​ថតចម្លង​ឯកសារ​ផ្សេង​ៗ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​យាមកាម​ឲ្យ​បាន​តឹងរ៉ឹង​ផង​ដែរ​។

ឯកឧត្តម​បន្ត​ទៀត​ថា តាម​រយៈ​ការ​កែទម្រង់ លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្រោម​ពាក្យស្លោក អ្នកចេះ​គឺ​ជាប់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​មានការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពិតជា​មាន​ភាពល្អ​ប្រសើរ និង​មានកា​រវិ​វ​ឌ្ឍ​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​មួយ​ដែល​មាន​មធ្យមភាគ អត្រា​បេក្ខជន​ប្រលង​បាក់​ឌុ​ប​ជាប់​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ក៏​នៅ​តែ​រំពឹង​ថា បេក្ខជន​ប្រលង​នឹង​ធ្វើ​បាន​ល្អ ដែល​អាច​រក្សា​ចំណាត់ថ្នាក់​ជា​ខេត្ត​មាន បេក្ខជន​ប្រឡង​ជាប់ ច្រើន​ជាងគេ​ដដែល​នៅ​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ