នៅក្នុងបរាភវសូត្រលោកបានហាមបុគ្គលមិនឱ្យប្រព្រឹត្តនូវអំពើអបាយមុខពីរប្រការដាច់ខាតគឺ ល្បែងភ្នាល់លុយ និងការសេពគប់បាបមិត្ត(មិត្តអាក្រក់)។ អំពើពីរប្រការនេះ បើបុគ្គលណាលង់ខ្លួនចូលទៅប្រព្រឹត្តហើយ យូរនិងឆាប់គង់ដល់នូវក្តីវិនាសអន្តរាយចៀសមិនរួចឡើយ ។
ប្រាកដណាស់ការលេងល្បែងភ្នាល់ក៏ជាទោសមួយត្រូវវៀរចាកឱ្យដាច់ខាត ព្រោះថា បុគ្គលខ្លះដែលងប់ងល់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីមុខរបរសុចរិត ការរកទទួលទាន ការងារជាអាជីពរបស់ខ្លួន ការសិក្សាររៀនសូត្រ ការកសាងអំពើល្អ ជាពិសេសគឺបានបង្ហាញខ្លួនឯងថា ជាមនុស្សមិនត្រឹមត្រូវ មិនសុចរិត ។
ម្យ៉ាងទៀតអ្នកលេងល្បែងភ្នាល់រមែងមិនមែនជាមនុស្សគួរជាទីជឿទុកចិត្តនៃអ្នកដទៃឡើយ ពេលនិយាយស្តី ពាក្យពេចន៍របស់គេសាបដូចទឹកភ្លៀង និងជាមនុស្សអន់បំផុតនៅក្នុងជំនុំចំណោមអ្នកផងទាំងពួង ។
ល្បែងបៀរ អាប៉ោង កន្ទុយលេខ ល្បែងស៊ីសង មានការចាក់បាល់ជាដើមសុទ្ធតែជាមេនៃសេចក្ដីវិនាសសម្រាប់ខ្លួនឯង។ ព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀវចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូកលាន់ឲ្យសោះ គ្រោះថ្នាក់ដល់អាយុជីវិតណាស់ ។
ចំណែកឯការសេពគប់ក៏មានសារសំខាន់ណាស់ដែរសម្រាប់ជីវិតប្រចាំថ្ងៃ បើប៉ះចំមិត្តប្រកបដោយធម៌នោះនឹងនាំយើងទៅរកសេចក្ដីសុខ ចម្រើន តែបើប៉ះចំមិត្តប្រកបដោយអធម៌ គឺមិត្តទុច្ចរិតនោះ នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខាន ។
ចែករំលែកព័តមាននេះ