ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​យែ​ន​ជា​ក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត ចុះ​ភ្នំពេញ ?

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ទីក្រុង​សាំង​ហ្គា​ពួរ និង​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ជាទី​ក្រុង​២​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត​នៅ​ក្នុង​ក្រុម​ប្រទេស​អាស៊ាន តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់ «Economist Intelligence Unit» អង្គភាព​ផ្នែក​ទិន្នន័យ​របស់​ទស្សនាវដ្ដី​«The…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ទីក្រុង​សាំង​ហ្គា​ពួរ និង​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ជាទី​ក្រុង​២​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត​នៅ​ក្នុង​ក្រុម​ប្រទេស​អាស៊ាន តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់ «Economist Intelligence Unit» អង្គភាព​ផ្នែក​ទិន្នន័យ​របស់​ទស្សនាវដ្ដី​«The Economist» ស្ថិត​នៅ​លំដាប់​ទី​៣៥ និង​៧៨​នៅ​លើ​ពិភពលោក ។ ចំពោះ​រាជធានី​ភ្នំពេញ​វិញ តើ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​ប៉ុន្មាន ?

ចំណែក​ក្រុង​បាងកក ប្រទេស​ថៃ ជាទី​ក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត​ក្នុង​លំដាប់​ទី​៩៨ នៅ​លើ​ពិភពលោក ឬ​នៅ​ឆ្ចា​យ​ពី​សិង្ហ​បុរី​ចំនួន​៦៣ និង​គួ​ឡា​ឡាំ​ពួរ​២០​ចំណាត់ថ្នាក់ ។

ក្រុង​ផ្សេង​ទៀត​ក្នុង​អាស៊ាន​ដែល​មាន​ចំណាត់ថ្នាក់​ប្រហាក់ប្រហែល​នឹង​ក្រុង​បាងកក​មាន​ក្រុង​បាន់​ដា​ស៊េរី បេ​កា​វ៉ា​ន់ ប្រទេស​ព្រុយ​ណេ នៅ​លំដាប់​១០១ និង​ក្រុង​ម៉ា​និល​នៅ​លំដាប់​១០៣ ។

ចំណែក​ក្រុង​ហាណូយ និង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​ស្ថិត​នៅ​លំដាប់​១០៧ និង​១១៦ រីឯ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​សុ​ី​នៅ​លំដាប់​ទី​១១៩ ។  ដោយឡែក​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​១២៥ ។

ក្រៅពី​នេះ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​ការ​រៀប​ចំណាត់ថ្នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ ឃើញ​ថា​ក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស បាន​ផ្ដួល​ជើងឯក​ចាស់​គឺ​ក្រុង​មេ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ក្លាយជា​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត​នៅ​លើ​ពិភពលោក​មាន​៩៩,១​ពិន្ទុ មាន​ន័យ​ថា​ជា​ក្រុង​ដ៏​ល្អ​ឥត​ខ្ចោះ ។

ក្រៅពី​នេះ​ក្រុង​ដែល​មាន​ពលរដ្ឋ​ចង់​រស់នៅ​តិច​បំផុត​នៅ​លើ​ពិភពលោក​គឺ​ក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី​ព្រោះតែ​មាន​សង្គ្រាម ។

ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត​ក្នុង​ចំណាត់ថ្នាក់​ទាំង​១០​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ រួម​មាន ៖ ក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស ។ ក្រុង​មេ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ។ ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ។ ក្រុង​ខាល់​ហ្គា​រី ប្រទេស​កា​ណា​ដា ។ ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។ ក្រុង​វេន​គូ​វើ ប្រទេស​កា​ណា​ដា ។ ក្រុង​តូ​រ៉​ង់​តូ ប្រទេស​កា​ណា​ដា ។ ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ ក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក និង​ក្រុង​អា​ដេ​ឡេ​ត ប្រទេស​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ