ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​មួយ​យប់ លុះ​ព្រឹក​ឡើងកូន​ប្រសារ​រក​ឃើញ​យ៉ាង​តក់​ស្លុត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកតា​ម្នាក់​លង់ទឹក​ស្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ចំណារ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកតា​ម្នាក់​លង់ទឹក​ស្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ចំណារ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

តាម​សមត្ថកិច្ច​នគរបាល​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ ជិន ភេទ​ប្រុស អាយុ​៨៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​កូនប្រសារ​របស់​ជន​រង​គ្រោះ​ឈ្មោះ ទី តឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​កូនប្រសា​ជន​រង​គ្រោះ​ប្រាប់​ថា កាលពី​រសៀល​ថ្ងៃ​១៣ សីហា រូបគេ​បាន​មក​ពី​ធ្វើការ​វិញ​ជាមួយនឹង​ប្រពន្ធ​ក៏​ចូល​លេង​ផ្ទះ​ឪពុកក្មេក ហើយ​ឃើញ​គាត់​យក​កង់​កញ្ចាស់​១​គ្រឿង​លក់​អេ​ត​ចាយ​បាន​លុយ​ចំនួន​៦០០០​រៀល រួច​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ទៅ​រក​ទិញ​ផ្លែ​ឪឡឹក​នៅ​ឯ​ភូមិ​ដង​អន្ទាក់ ប្រហែល​ចម្ងាយ​៣​គីឡូម៉ែត្រ​។ ចំណែក​ខ្ញុំ​និង​ប្រពន្ធ​ក៏​នៅ​អង្គុយ​លេង​ជាមួយ​ម្ដាយក្មេក រហូត​ដល់​ម៉ោង​ប្រហែល​៧​យប់​មិនឃើញ​គាត់​មក​វិញ ខ្ញុំ​ក៏​នាំ​ប្រពន្ធ​ទៅ​ផ្ទះ ដោយ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​កន្លង​មក​គាត់​តែងតែ​ស្រវឹងស្រា ហើយ​ដើរ​ដួល ជួន​ពេល​ខ្លះ​គាត់​នៅ​ដេក​តាម​ផ្ទះ​គេ រហូត​ដល់​ស្វាង​ស្រា​បាន​ត្រឡប់​មក​ផ្ទះ​វិញ​។

កូនប្រសារ​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ សីហា ខ្ញុំ​និង​ប្រពន្ធ​បាន​មក​ផ្ទះ​គាត់​ទៀត ស្រាប់តែ​ម្ដាយក្មេក​ប្រាប់​ថា «​អា ទៅ​ដើរ​រក​ឪ​អា​មើល យប់មិញ​មិនឃើញ​គាត់​មក​ផ្ទះ​នោះ​ទេ​» ឮ​ដូច្នេះ ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ដើរ​រក​គាត់​សំដៅ​ទៅ​ភូមិ​ដង​អន្ទាក់​។ ពេល​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ឪពុកក្មេក​ស្លាប់​អណ្ដែត​ក្នុង​ទឹក​ស្នាមភ្លោះ​ជាប់​ផ្លូវលំ​ទៅ​ហើយ មិនដឹង​ថា​គាត់​ស្លាប់​តាំងពី​ពេល​ណា​មក​នោះ​ទេ ឃើញ​ដូច្នោះ​ខ្ញុំ​ក៏​ស្រែកហៅ​ប្រពន្ធ និង​បងប្អូន​ក្នុងភូមិ​ឱ្យ​ជួយ​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ប៉ុស្ដិ៍​នគរបាល និង​អាជ្ញាធរ​ភូមិ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្ម​ណាមួយ​ឡើយ ។ ចំណែក​មូលហេតុ​គឺ​ប្រហែលជា​ស្រវឹងស្រា ហើយ​ដួល​ធ្លាក់ទឹក​ស្នាមភ្លោះ​ក៏​លង់​ស្លាប់​តែ​ម្តង ក្រោយ​ពី​ពិនិត្យ​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ