ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ចំណុច​ខ្មៅ​មួយ​ចំនួន​ក្នុង​ពិភព​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​សង្គម​សិល្បៈ​តែងតែ​កើត​មាន​យូរ​មក​ហើយ​ការ​ប៉ែង​ជើង​គ្នា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ តារា​ខ្លះ​សភាព​ពិត​ខាងក្រៅ​ជួប​គ្នា​ញញឹម​រាក់ទាក់ តែ​ក្នុង​ចិត្ត​ពេញ​ដោយ​ភាព​ឈ្នានីស ។ ក្នុង​សង្គម​សិល្បៈ​តារា​មួយ​ចំនួន​ចេះ​ប្រើ​វិធី មួយ​បែប​ៗ​ម្នាក់​ដើម្បី​ប្រាក់​ចំណូល និង​ប្រជា​ប្រិយភាព​របស់​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​សង្គម​សិល្បៈ​តែងតែ​កើត​មាន​យូរ​មក​ហើយ​ការ​ប៉ែង​ជើង​គ្នា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ តារា​ខ្លះ​សភាព​ពិត​ខាងក្រៅ​ជួប​គ្នា​ញញឹម​រាក់ទាក់ តែ​ក្នុង​ចិត្ត​ពេញ​ដោយ​ភាព​ឈ្នានីស ។

ក្នុង​សង្គម​សិល្បៈ​តារា​មួយ​ចំនួន​ចេះ​ប្រើ​វិធី មួយ​បែប​ៗ​ម្នាក់​ដើម្បី​ប្រាក់​ចំណូល និង​ប្រជា​ប្រិយភាព​របស់​ខ្លួន ។ តារា​ខ្លះ​សុខចិត្ត​ចំណាយ​ប្រាក់​មិន​តិច​ទេ ដូច​ជា​លក់​ដី លក់​អ្វី​ដែល​​ជា​របស់​សំខាន់​ដើម្បី​ទិញ​ឡាន​ស៊េរី​ទំនើប ពាក់​គ្រឿង អលង្ការ ថ្លៃ​ៗ​លម្អ​ខ្លួន ។ ខ្លះ​ទៀត​ចំណាយ​យ៉ាងច្រើន​តាម​យកចិត្ត​ផលិតករ​អ្នកដឹកនាំ ឬ​តារា​ជើង​ចាស់​ធ្វើ​បែប​ណា​ឲ្យ​តែ​បាន​ចេញ​មុខ និង​ឲ្យ​សម្តែង​មាន​ប្លង់​ថត​ច្រើន ។

រូបភាព​ទាំងនេះ​បាន​បង្ក​ឲ្យ​តារា​ដែល​អត់​បក្ស​អត់​ខ្សែ ខ្លះ​អស់សង្ឃឹម ខ្លះ​មានគំនិត​គំកួន​ចង​ចាំ​ចំណុច​អាក្រក់​របស់​អ្នក​ធ្វើ​លើ​ខ្លួន ។ មាន​តារា​រាយរង​ខ្លះ​ទៀត​ធ្លាប់​សម្តែង​ការ​ឈឺចាប់​នៅ​ពេល​គេ​ទុក​ចោល ហើយ​លើកមុខ​មាត់​តែ​អ្នក ចាស់​ៗ ល្បី​ៗ ។ ភាព​ច្រណែន​​នេះ​បាន​រុញ​ឲ្យ​តារា​មួយ​ចំនួន​ហ៊ាន​ថត ឬ​ឡើង​ច្រៀង​កម្មវិធី​ខ្លះ​ស្ទើរ​មិន​យក​ប្រាក់​កម្រៃ ឬ​យក​តែ​បន្តិចបន្តួច​ធ្វើ​បែប​ណា​ឲ្យ​តែ​ល្បី បាន​គេ​ឃើញ​ច្រើន​បណ្តាល​ឲ្យ​ខូច​តម្លៃ​ហាងឆេង​តារា ។

ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ តារាចម្រៀង​ស៊ូ សុ​ី​រី​កា ប្រចាំ​ផលិតកម្ម​ថោ​ន ខណៈ​កំពុង​តែ​លេចធ្លោ​បែរជា​ប្រកាស​ដកថយ​ពី​សិល្បៈ​ចម្រៀង ដោយ​លើក​ហេតុផល​ថា​វិ​ថី​មួយ​នេះ​ពោរពេញ​ដោយ​ភាព​ច្រណែន​និន្ទា​គ្នា ប្រឹងប្រែង​ច្រើន​បាន​តែ​មុខ ហើយ​គ្មាន​តម្លៃ ។ ក្រោយ​ពី​មានការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ សុ​ី​រី​កា​បន្ត​ឈរជើង​ឡើង​វិញ​ក្នុង​ពិភព​សិល្បៈ​ដោយ​មិនដឹង​ថា​នាង​ទប់​បាន​ដល់​កម្រិត​ណា​ឡើយ ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​តារា​ប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សម្តែង​អារម្មណ៍​អាក់អន់ចិត្ត ដោយ​លោក​លើក​ឡើង​ថា​សង្គម​សិល្បៈ​បើ​អ្នក​មិនដឹង ពិតជា​យល់​ថា​ល្អ តែ​ការណ៍​ពិត​ពោរពេញ​ដោយ​បក្សពួក​និយម ការ​មើល​លើ​ក្រោម កុងកាច់​ឥត​ល្ហែ ញញឹម​ចាប់ដៃ ជាន់​ជើង ។ បើ​ចូល​សិល្បៈ​គ្រាន់តែ​សប្បាយ​មិន​អី​ទេ តែបើ​ឲ្យ​យក​ជា​ដុំ​កំភួន​គឺ​គ្មាន​ទេ ។

ប្រភព​ដដែល​និយាយ​ថា​តួ​ខ្លះ​ចេះ​អែប​ចេះ​ជូន​នេះ​ជូន​នោះ​ដល់​អ្នកដឹកនាំ បាន​ក្លាយជា​តួ​មានមុខ​ច្រើន​ក្នុង​សង្គម​សិល្បៈ ។ សូ​ម្បី​ពេល​ខ្លះ​យកមុខ​អែប​ពេក​ត្រូវ​ជំពាក់​បុល​គេ​ក៏​សុខចិត្ត​ហើយ​អង្គុយ​យំ​ក្នុងផ្ទះ​។

អ្នកស្រី​ស កេស​រ៉ា តារាភាពយន្ត​ជើង​ចាស់​លើក​ឡើង​ថា​«​ក្នុង​នាម​ជា​សិល្បករ​ជើង​ចាស់​ខ្ញុំ​ចង់​ឲ្យ​តារា​យើង​បច្ចុប្បន្ន​ដែល ស្អាត​ៗ និង​មាន​ភាព​ប៉ិ​ន​ប្រសប់​ក្នុង​ការ​សម្តែង ចេះ​រួម​គ្នា​ជា​បន្ត​ទៀត​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ចេះ​សហការ​គ្នា​ល្អ ចូរ​បន្ត​រក្សា​ទម្លាប់​របៀប​នេះ​ទៀត ។ ត្រូវ​យក​សមត្ថភាព​ពិត​មក​ប្រជែង​លើ​សិល្បៈ បើសិនជា​អង្គុយ​អែបជិត​អ្នក​ណា​ក៏​ដោយ​មាន​អ្វី​ជូន​គេ​មែន តែ​សម្តែង​ចេញ​មក​មិនល្អ​ក៏​ទស្សនិកជន​មិន​ទទួលស្គាល់​ដែរ »​។

អ្នកស្រី​សាក់ សាកេ​តម​យូ​រ៉ា តារា​ជើង​ចាស់​មួយ​ដួង​ដែរ​នោះ​បាន​សំណូមពរ​ឲ្យ​សិល្បករ​ទាំងអស់​ស្រឡាញ់​រាប់អាន​គ្នា ជួយ​គ្នា​បើ​អ្នក​ណា​ល្អ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។​«​ប្រសិនបើ​យើង​កាច់​កុង​អ្នក​នេះ​មិនល្អ អ្នក​នោះ​មិនល្អ​សិល្បៈ​នៅ​តែ​ប្រឈម ។ ទាន់​សិល្បៈ​យើង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ត្រូវ​នាំ​គ្នា​ធ្វើ នាំ​គ្នា​ពង្រឹង​ស្នាដៃ​ឲ្យ​បាន​ផុសផុល​ឡើង នោះ​សិល្បៈ​ប្រាកដជា​មាន​តម្លៃ​បន្ត​ទៀត »​។

លោក​ទេព រិ​ន​ដា​រ៉ូ បាន​ចូលរួម​ផ្តល់​យោបល់​ថា​«​ត្រូវ​រួម​កម្លាំង​គ្នា ការ​បៀតបៀន​គ្នា​នាំ​ឲ្យ​បែកបាក់ គ្មាន​រឿង​ណា​ធ្វើ​មិន​បាន​នោះ​ទេ តែបើ​បែកបាក់​សាមគ្គី​គ្នា​នោះ មិន​អាច​រុញ​ទូក​មួយ​ទៅ​មុខ​បាន​ដែរ ។ ដូចនេះ​បើ​ស្រឡាញ់​សិល្បៈ​គួរ​នាំ​គ្នា​ច្បិច​យក​វិធី​ប្រើ​ស្នាដៃ​ទេព​កោសល្យ​សម្តែង​ឲ្យ​បាន​ល្អ មិនមែន​វិធី​វាយ​អែបអប​ឡើយ ហើយ​ចំណុច​នេះ​ក៏​មិន​អាច​រស់នៅ​ជាមួយ​សង្គម​សិល្បៈ​យូរអង្វែង​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ