ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​មង្គលបុរីចាប់ផ្ដើម​សម្រុក​ដាំដំឡូង​ចិន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​ដំឡូង​ចិន ឬ​ហៅ​ដំឡូង​កៃ​ប៉ឹង ពុំ​សូវ​មាន​គេ​ស្គាល់ ឬ​មាន​អ្នក​ដាំ​ច្រើន ទីផ្សារ​កសិផល​មួយ​នេះ​កំពុង​មាន​តម្លៃ​ខ្ពស់​គួរសម បើ​ធៀប​នឹង​ដំណាំ​កសិកម្ម​ដទៃ ដូច​ជា ស្រូវ​,…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​ដំឡូង​ចិន ឬ​ហៅ​ដំឡូង​កៃ​ប៉ឹង ពុំ​សូវ​មាន​គេ​ស្គាល់ ឬ​មាន​អ្នក​ដាំ​ច្រើន ទីផ្សារ​កសិផល​មួយ​នេះ​កំពុង​មាន​តម្លៃ​ខ្ពស់​គួរសម បើ​ធៀប​នឹង​ដំណាំ​កសិកម្ម​ដទៃ ដូច​ជា ស្រូវ​, ពោត និង​ដំឡូង​មី ជាដើម​នោះ ។ ដូច្នេះ​ហើយ​បានជា​កសិករ​នៅ​ស្រុក​មង្គលបុរី​ចាប់ផ្ដើម​សាកល្បង​ដាំ​ដំណាំ​មួយ​នេះ​ស្ទើរ​គ្រប់​គ្នា ។

ដំណាំ​ប្រភេទ​នេះ បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន​ដាំ​ច្រើន​នៅ​ឃុំ​អូរ​ប្រាសាទ ក្នុងស្រុក​មង្គលបុរី ដោយ​ក្នុង​គ្រួសារ​នីមួយ​ៗ​បាន​ដាំ​ទៅ​តាម​លទ្ធភាព​ផ្ទៃដី​ដែល​មាន​ចាប់ពី​១​ហិ​កតា​ទៅ​២​ហិ​កតា​ឡើង​ទៅ ។

ប្រជា​កសិករ​នៅ​ភូមិ​គោក​អំពិល​បាន​និយាយ​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ទីផ្សារ​ក្នុងស្រុក​ក្នុង​១​គីឡូក្រាម តម្លៃ​២.៥០០​រៀល ប៉ុន្ដែ​ឆ្នាំ​នេះ នៅ​សល់​ចន្លោះ​ពី​១.០០០​ទៅ​១.៥០០​រៀល​ប៉ុណ្ណោះ ដោយ​ឡើង​ចុះ​ទៅ​តាម​ទីផ្សារ ។ ទោះបី​យ៉ាងណា ពួក​គាត់​និយាយ​ថា វា​នៅ​តែ​មាន​ទីផ្សារ និង​តម្លៃ​ប្រសើរ​ជាង​ដំណាំ​ផ្សេង​ៗ​ដែល​ពួក​គាត់​បាន​ដាំ​កន្លង​ទៅ ។ ពិសេស​នោះ មិន​ពិបាក​ក្នុង​ការ​ថែទាំ ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ទៀត ។

ពួក​គាត់​បន្ដ​ថា ៖« ដំណាំ​នេះ ប្រើ​រយៈពេល​៦​ទៅ​៧​ខែ បន្ទាប់​ពី​ដាំ យើង​ប្រមូល​ផល​ហើយ ដោយ​ក្នុង​១​រ៉ៃ​(១.៦០០​ម៉ែត្រការ៉េ​) ទទួល​បាន​ទិន្នផល​ជា​មធ្យម​ពី​៤​ទៅ​៥​តោន មាន​ន័យ​ថា ល្អ​ជាង​ដំណាំ​ដទៃ​ទៀត​ច្រើន ដោយ​ក្នុង​១​តោន​អាច​លក់​បាន​ចន្លោះ​ពី​១​លាន​ទៅ​១​លាន​៥​សែន​រៀល » ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ដំឡូង​ចិន ឬ​ដំឡូង​កៃ​ប៉ឹង​នេះ មើម​របស់​វា​វែង បើ​ល្អ ១​មើម​មាន​ទម្ងន់​ពី​២​ទៅ​៣​គីឡូក្រាម និង​មាន​រសជាតិ​ផ្អែម ។ គេ​ទិញ​ភាគច្រើន​យក​ទៅ​ខេត្តសៀមរាប ដើម្បី​ធ្វើ​ម្ហូប​ជនបរទេស និង​ស្ល​ការី ហើយ​បើ​ស្ងោរ​លក់រាយ ក្នុង​១​គីឡូក្រាម តម្លៃ​៣.០០០​ទៅ​៤.០០០​រៀល​នៅ​លើ​ទីផ្សារ ។

លោក រុន សុ​ផា​ន់​ណា​រ៉ា មន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដំឡូង​នេះ​ខាង​ជំនាញ​ដូច​ជា​មិន​បាន​ស្គាល់​ច្បាស់​នៅឡើយ​ទេ តែ​ដឹង​ថា ប្រភេទ​ដំឡូង​នេះ គឺ​ប្រជា​កសិករ​កំពុង​ពេញ​និយម​ដាំ​នៅ​ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី​នេះ​។

លោក​បន្ដ​ថា ៖« បច្ចុប្បន្ន យើង​ឃើញ​ឈ្មួញ​ទិញ​យក​មក​លក់​លើ​ទីផ្សារ​ក្នុងស្រុក ពិសេស​គឺ​ដឹក​ទៅ​ខេត្តសៀមរាប ។ ឈ្មួញ​ទិញ​យក​ទៅ​លក់​បន្ដ ព្រោះ​ជា​អាហារ​ដែល​ជនបរទេស​ភាគច្រើន​ចូល​ចិត្ត​ទទួលទាន ព្រោះថា​ដំឡូង​នេះ​មាន​រសជាតិ​ផ្អែម អាច​ធ្វើ​ជា​បង្អែម​, ស្ល​ការី ឬ​ស្ងោរ​ហូប​បាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ