ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ កម្ពុជា​រំពឹង​នាំ​ចេញ​សម្រេច​បាន​ទឹកប្រាក់​ជាង​12​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​មាន​សុទិដ្ឋិនិយម​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​សម្រេច​បាន​ទឹកប្រាក់​ប្រមាណ​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​អាច​នឹង​កើន​១៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ឱ​ក ប៊ុ​ង…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​មាន​សុទិដ្ឋិនិយម​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​សម្រេច​បាន​ទឹកប្រាក់​ប្រមាណ​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​អាច​នឹង​កើន​១៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ឱ​ក ប៊ុ​ង បាន​មាន​ប្រសាសន៍​ថា ទឹកប្រាក់​នាំ​ចេញ​របស់​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៦ ទឹកប្រាក់​នាំ​ចេញ​មាន​ត្រឹមតែ​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ហើយ​បាន​កើនឡើង​ដល់​ជាង​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ អាច​នឹង​សម្រេច​បាន​ជាង​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង​១៥% ។ លោក​ថ្លែង​ថា ៖« កត្តា​ដែល​យើង​ហ៊ាន​អះអាង​បែប​នេះ យើង​ផ្អែក​ទៅ​លើ​តួលេខ​នាំ​ចេញ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ដោយ​យើង​សម្រេច​បាន​នូវ​ទឹកប្រាក់​នាំ​ចេញ​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​។ ដូចនេះ យើង​រំពឹង​ថា​ពាក់កណ្ដាល​ឆ្នាំ​ទៀត យើង​នឹង​សម្រេច​បាន​ប្រហាក់ប្រហែល​នឹង​ពាក់កណ្ដាល​ឆ្នាំ​កន្លង​ទៅ »​។

លោក​បន្ត​ថា ចាប់តាំងពី​កម្ពុជា​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ ទំហំ​ទឹកប្រាក់​នាំ​ចេញ គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​មិន​មាន​តួលេខ​ណាមួយ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នោះ​ទេ ពោល​គឺ​បាន​កើនឡើង​ក្នុង​រង្វង់​ពី ១៥​ទៅ​១៨% ក្នុង​នោះ​ទីផ្សារ​សំខាន់​ៗ​របស់​កម្ពុជា មាន​ដូច​ជា អា​មេ​រិ​ក និង​អឺរ៉ុប ហើយ​ថ្មី​ៗ​នេះ កម្ពុជា​ក៏​បាន​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​កាន់តែ​ច្រើន​ថែម​ទៀត ដូច​ជាទី​ផ្សារ​ប្រទេស​កា​ណា​ដា​, កូរ៉េ និង​ជប៉ុន​ជាដើម ។ ក្រៅពី​នោះ​ទៀត ប្រទេស​ចិន​ក៏​ជាទី​ផ្សារ​នាំ​ចេញ​សំខាន់​ផង​ដែរ សម្រាប់​ផលិតផល​ប្រទេស​កម្ពុជា ។  លោក​បន្ថែម​ថា ផលិតផល​នាំ​ចេញ​សំខាន់​ៗ របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន​នេះ រួម​មាន សម្លៀក​បំពាក់ ស្បែកជើង កៅស៊ូ អង្ករ និង​ផលិតផល​កសិកម្ម ជា​ច្រើន​ទៀត ។ លោក​ថា ៖« ដើម្បី​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​របស់​យើង​កាន់តែ​មាន​ប្រសិទ្ធភាព និង មាន​ទំហំ​កាន់តែ​ច្រើន​នោះ ក្រសួងពាណិជ្ជកម្ម​ដែល​មាន​តួនាទី​សំខាន់​លើ​កិច្ចការ​នេះ បាន​ខិតខំ​ធ្វើ​យ៉ាងណា​សម្រួលការ​នាំ​ចេញ​ឲ្យ​កាន់តែ​រលូន និង​មាន​ភាព​ងាយស្រួល​ដល់​អ្នក​នាំចេញ » ។

លោក កាំ​ង ម៉ូ​នី​កា អគ្គ​ល​ខា​ធិ​ការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​នាំ​ចេញ និង​ការ​បញ្ជា​ទិញ​ផលិតផល​នានា​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ ។ លោក​បន្ដ​ថា ៖« ទំនិញ​នាំ​ចេញ​សំខាន់​ៗ​ពី​កម្ពុជា​រួម​មាន ផលិតផល​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​អង្ករ ជាដើម ហើយ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា មាន​ដូច​ជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប កា​ណា​ដា និង​ជប៉ុន ជាដើម »​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ក្រសួង​នឹង​រៀបចំ​ឲ្យ​ពាណិជ្ជករ​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ដើមខែ​ក្រោយ​នេះ ។
តាម​រយៈ​សកម្មភាព​នេះ វា​គឺជា​ឱកាស​បន្ថែម​សម្រាប់​ពាណិជ្ជករ​កម្ពុជា ក្នុង​ការ​នាំ​យក​ផលិតផល​របស់​ខ្លួន​បង្ហាញ​ដល់​ពាណិជ្ជករ​ម៉ា​ឡេ​ស៊ី ក្នុង​ការ​នាំ​ចេញ ។ ក្រៅពី​នោះ​ដែរ ក្រសួងពាណិជ្ជកម្ម ក៏​តែងតែ​នាំ​យក​ផលិតផល​ខ្មែរ តាំង​បង្ហាញ​នៅ​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​ទីផ្សារ​ធំ​មួយ​នៅ​លើ​ពិភពលោក ដើម្បី​ត្រៀម​នាំ​ចេញ ។ មួយវិញទៀត កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ ក្រសួងកសិកម្ម​កម្ពុជា និង​ភាគី​ចិន ក៏​បាន​ចុះហត្ថលេខា​បន្ថែម លើ​ការ​នាំ​ចេញ​ផ្លែ​ចេក​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់ ខណៈ​កន្លង​មក ផលិតផល​ផ្លែ​ចេក​របស់​កម្ពុជា ត្រូវ​ឆ្លងកាត់​ប្រទេស​ទី​២​ជា​មុន​សិន មុន​នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ