ខេត្តបាត់ដំបង ៖ បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរបានឱ្យដឹង នៅព្រឹកថ្ងៃទី១៧ សីហា នេះថា ជំនន់ទឹកភ្លៀង ដែលបានហក់ឡើងយ៉ាងគំហុកនៅក្នុងស្ទឹងសង្កែ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋអស់ជាង១,០០០ខ្នង និងប៉ះពាល់រោងកសិដ្ឋានចិញ្ចិមមាន់២កន្លែង ។ នេះសម្រាប់តែផលប៉ះពាល់នៅក្នុងក្រុងបាត់ដំបងមួយប៉ុណ្ណោះ ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែប៉ុន្មានថ្ងៃនេះ បានប៉ះទង្កិចទៅលើសង្កាត់ចំនួន៦នៅក្នុងក្រុងបាត់ដំបង ដែលធ្វើឲ្យលិចលង់លំនៅឋានជាង១០០០ខ្នង ដែលភាគច្រើនលំនៅឋានសង់នៅជាប់មាត់ស្ទឹង ។
សង្កាត់ដែលរងផលប៉ះពាល់រួមមាន ១-សង្កាត់វត្តគរ ប៉ះពាល់ចំនួន៧៥ខ្នង (មធ្យម) និងរោងកសិដ្ឋានចិញ្ចឹមមាន់២ខ្នង ដែលមានមាន់ចំនួន៣០០០ក្បាល ងាប់អស់ចំនួនជាង២០០ក្បាល ។ ២-សង្កាត់ព្រែកព្រះស្តេចប៉ះពាល់ចំនួន៧៥ខ្នង ។ ៣-សង្កាត់រតនៈ ប៉ះពាល់ចំនួន១១៦ខ្នង ក្នុងនោះ ធ្ងន់ធ្ងរចំនួន៩០ខ្នង ។ ៤-សង្កាត់ចំការសំរោង ប៉ះពាល់ចំនួន២២ខ្នងធ្ងន់ធ្ងរ១ខ្នង ។ ៥-សង្កាត់ស្លាកែតប៉ះពាល់ចំនួន៦៥០ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន៤០០ខ្នង និង៦-សង្កាត់ក្តុលដូនទាវ ប៉ះពាល់មធ្យមចំនួន៩៥ខ្នង ប៉ុន្តែបើតាមរបាយការណ៍បឋមនេះ មិនមានគ្រោះថ្នាក់ដល់មនុស្ស ឬផលដំណាំនៅឡើយទេ ។
អាជ្ញាធរបានឲ្យដឹងថា នេះជារបាយការណ៍បឋមស្ដីពីលំនៅឋានប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលហក់ឡើងយ៉ាងគំហុកក្នុងស្ទឹងសង្កែតែប៉ុណ្ណោះ រីឯតាមបណ្ដាស្រុកដទៃទៀត គេមិនទាន់មានរបាយការណ៍ ។
បើតាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី១៧ សីហា នេះ មន្ត្រីជំនាញបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ បានថយចុះសល់ត្រឹម១៣,៥៥ម៉ែត្រ ខណ:កាលពីយប់មិញ កម្ពស់ទឹកបានហក់ឡើងដល់១៣,៨៧ម៉ែត្រ ដែលធ្វើឲ្យហូរចូលតាមប្រព័ន្ធលិចផ្សារបឹងឈូក និងលិចកំណាត់ផ្លូវមួយចំនួន នៅក្នុងក្រុងបាត់ដំបង។
ពេលនេះ អាជ្ញាធរនិងមន្ត្រីជំនាញកំពុងតាមដានជាប្រចាំ ចំពោះការវិវឌ្ឍន៍នៃជំនន់ទឹកភ្លៀងនេះ ។ ទោះយ៉ាងណា មន្ត្រីជំនាញបានប្រាប់ថា ទឹកស្ទឹងនឹងអាចហក់ឡើងវិញ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើនៃក្បាលស្ទឹងសង្កែ ជាពិសេសនៅស្រុកសំឡូត ៕
ចែករំលែកព័តមាននេះ