ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង ខណៈ​ពេទ្យសត្វ​មិន​ចុះ​ពិនិត្យ​សាច់សត្វ​តាម​ឡ​សត្តឃាត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពារាំង​ទាំងមូល​កំពុង​តែ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​បញ្ហា​សុខភាព​របស់​ពួក​គាត់​នៅ​ពេល​ទិញ​សាច់​ជ្រូក និង​គោក្របី​ពី​ផ្សារ​យក​មក​បរិភោគ ព្រោះ​សាច់សត្វ​ទាំងនោះ​ពុំ​បាន​ឆ្លងកាត់​ការ​ព្រួត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឡើយ ។ ចំណែក​ក្រុម​អាជីវករ​អ្នកលក់​សាច់​ជ្រូក និង​សាច់​គោ​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល ផ្សារ​ព្រៃ​ព្នៅ…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពារាំង​ទាំងមូល​កំពុង​តែ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​បញ្ហា​សុខភាព​របស់​ពួក​គាត់​នៅ​ពេល​ទិញ​សាច់​ជ្រូក និង​គោក្របី​ពី​ផ្សារ​យក​មក​បរិភោគ ព្រោះ​សាច់សត្វ​ទាំងនោះ​ពុំ​បាន​ឆ្លងកាត់​ការ​ព្រួត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឡើយ ។

ចំណែក​ក្រុម​អាជីវករ​អ្នកលក់​សាច់​ជ្រូក និង​សាច់​គោ​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល ផ្សារ​ព្រៃ​ព្នៅ និង​ផ្សារ​ស្នាយ​ពល​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ដូច​គ្នា​ផង​ដែរ ដោយ​ពួក​គាត់​បាន​អះអាង​ថា នៅ​ពេល​ពួក​គាត់​យក​ជ្រូក​ទៅ​កាប់​នៅ​ក្នុង​ឡ​សត្តឃាត និង​កាប់​គោ​នៅ​តាម​ផ្ទះ គឺ​មិន​ដែល​មាន​ពេទ្យសត្វ​ណា​ទៅ​ត្រួតពិនិត្យ​ឡើយ ហើយ​ករណី​នេះ​បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ពេទ្យសត្វ​ស្រុក​ពារាំង​គេ​មិន​ចុះ​ត្រួតពិនិត្យ​នោះ​ទេ ប៉ុន្តែ​គេ​ចុះ​មក​យក​លុយ​ពី​ក្រុម​អាជីវករ​រៀង​រាល់​ខែ ដោយ​អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​ត្រូវ​បង់​ឲ្យ​គេ​៦​ម៉ឺន​៥​ពាន់​រៀល​(​រួម​ជាមួយ​ខាង​ពន្ធដារ​) និង​អ្នកលក់​សាច់​គោ​ត្រូវ​បង់​១០​ម៉ឺន​រៀល​ក្នុង​១​ខែ ។ បន្ថែម​លើ​នេះ​ទៅ​ទៀត​អ្នកលក់​សាច់​ជ្រូក​ត្រូវ​បង់​ឲ្យ​មន្ត្រី​ពេទ្យសត្វ​មួយ​តង់​ទៀត​តម្លៃ​៣​ម៉ឺន​រៀល​ក្នុង​១​ខែ ជា​ថ្លៃ​មិន​ឲ្យ​ពេទ្យសត្វ​យក​សាច់​ច​ន្ល​ក​ទុក​ធ្វើ​ជា​សំណាក​គំរូ ។

ដោយឡែក​ក្រុម​អាជីវករ​កាប់​ជ្រូក​ចំនួន​៦​នាក់​នៅ​ផ្សារ​កំពង់​ពោ​ធ៌ ក្នុង​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ឯណោះ​វិញ​ក៏​បាន​លើក​ឡើង​ដែរ​ថា មន្ត្រី​ពេទ្យសត្វ​មិន​ដែល​ចុះ​ពិនិត្យ​នៅ​តាម​ឡ​សត្តឃាត​ទេ នៅ​ពេល​ដែល​ពួក​គាត់​យក​ជ្រូក និង​គោ​ទៅ​កាប់ ប៉ុន្តែ​ពួក​គាត់​ត្រូវ​យក​លុយ​ទៅ​បោះបង់​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ស្រុក​ឈ្មោះ ផល្លា ឬ​រ៉ី ក្នុង​១​ខែ​២​ម៉ឺន​រៀល និង​១​ឆ្នាំ​៦០​ម៉ឺន​រៀល​ទៀត​ក្នុង​ម្នាក់​ៗ​ដោយ​ពុំ​មាន​ឯកសារ ឬ​វិ​ក្កយ​បត្រ​អ្វី​ទេ តែបើ​មិន​ព្រម​បង់​នោះ និង​មាន​បញ្ហា គេ​មិន​ឲ្យ​រកស៊ី​បាន​ស្រួល​នោះ​ទេ ។

ចំពោះ​បញ្ហា​នេះ លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង ធ្លាប់​បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​កាលពី​១ ខែ​មុន​ថា លោក និង​ចុះ​ស្រាវជ្រាវ​រឿង​ចោទប្រកាន់​មន្ត្រី​ពេទ្យសត្វ​មិន​ចុះ​ធ្វើការ​នេះ ហើយ​បើ​រក​ឃើញ​ថា ពិតជា​ដូច​ការ​លើក​ឡើង​នេះ​មែន លោក និង​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​ពេទ្យសត្វ​ស្រុក​ពារាំង​នោះ​ភ្លាម ។ ទោះជា​លោក ចិន វិសាល បាន​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្រុម​អាជីវករ​នៅ​តែ​អះអាង​ថា មន្ត្រី​ពេទ្យសត្វ​ស្រុក​ពារាំង​ខាងលើ​នៅ​តែ​មិន​ចុះ​ពិនិត្យ​សាច់សត្វ​នៅ​តាម​ឡ​សត្តឃាត និង​ដើរ​ប្រមូល​លុយ​ពី​ក្រុម​អាជីវករ​រៀង​រាល់​ខែ ដោយ​មិន​ចេញ​វិ​ក្កយ​បត្រ​ដូច​មុន​ដដែល ។
ដោយឡែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា​ថា ព័ត៌មាន​នេះ​លោក​មិន​ដែល​បានដឹង​នោះ​ទេ ប៉ុន្តែ​លោក និង​សួរនាំ​មើល ហើយ​បើ​មាន​ដូច​ការ​លើក​ឡើង​ពិតមែន លោក និង​ចាត់វិធានការ​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ