ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា ប្រកាស​ដើរទៅ​មុខតតាំង​ក្តី​ជាមួយ​អតីត​គូស្នេហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា បាន​ចូលខ្លួន​នៅ​សាលាឧទ្ធរណ៍​តាម​ពាក្យ​បណ្តឹងទាស់​ពី​អតីត​គូស្នេហ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ២០១៨ បន្ទាប់​ពី​សាលាដំបូង​សម្រេច​ឲ្យ​នាង​ឈ្នះក្តី ។ វ៉ា​ន់ នី​ឡា…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា បាន​ចូលខ្លួន​នៅ​សាលាឧទ្ធរណ៍​តាម​ពាក្យ​បណ្តឹងទាស់​ពី​អតីត​គូស្នេហ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ២០១៨ បន្ទាប់​ពី​សាលាដំបូង​សម្រេច​ឲ្យ​នាង​ឈ្នះក្តី ។

វ៉ា​ន់ នី​ឡា បាន​បង្ហាញខ្លួន​តាម​ដីកា​កោះហៅ ដោយ​មិន​មាន​មេធាវី​មក​ជាមួយ​ឡើយ បន្ទាប់​ពី​នាង​បាន​ឈ្នះក្តី​លើ​អតីត​គូស្នេហ៍​ដែល​ជា​កូន​មន្ត្រី​ថ្នាក់​ធំ​ឈ្មោះ​គុយ សិទ្ធ​សក្តិ ប៉ុន្តែ​ភាគី​ចុងចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ។

លោក​សុខ ជំនោរ ជា​បងប្រុស​វ៉ា​ន់ នី​ឡា ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​គត់ បន្ទាប់​ពី​សាលាដំបូង​សម្រេច​ឲ្យ​ប្អូនស្រី​របស់​លោក​ឈ្នះក្តី ។ នី​ឡា​ចូល​ទៅ​សាលាឧទ្ធរណ៍​ដោយ​មិន​មាន​មេធាវី​ទៅ​ជាមួយ​ឡើយ តប​តាម​ការ​កោះ​ហៅ​ពី​ព្រះរាជអាជ្ញា​ពាក់ព័ន្ធ​ការ​ប្តឹង​ទាស់​ពី​ភាគី​ចុង​បណ្តឹង ។ ដល់​សាលាឧទ្ធរណ៍ នាង​គ្មាន​មេធាវី​ទេ យើង​រំសាយ​ក្រុមការងារ​របស់​សមាគម​មិត្ត​សិល្បៈ​ហើយ ខណៈ​ពេល​ដែល​ភាគី​ចុងចោទ​ក៏​មិន​បាន​ចូលខ្លួន​មក​ដែរ​គឺ​មាន​តែ​តំណាង​មេធាវី​ពីរ​រូប​ដែល​ចូល​មក​ប៉ុណ្ណោះ​។

បើ​តាម​លោក​សុខ ជំនោរ បន្ទាប់​ពី​ចូលខ្លួន​តតាំង​ក្តី​នៅ​សាលាឧទ្ធរណ៍ គឺ​នៅ​មិន​ទាន់​មាន​លទ្ធផល​យ៉ាងណា​ទេ ហើយ​ក៏​អត់​ដឹង​ពេល​ណា គឺ​ត្រូវ​រង់ចាំ​ការ​កោះហៅ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា «​យើង​រង់ចាំ​ទៀត​ហើយ គេ​យក​ច្បាប់​មក​ប្រឡែង​ដូច​បាយឡុកបាយឡ តែ​ខ្ញុំ​នៅ​តែ​សង្ឃឹមថា​អ្នក​កាន់​ច្បាប់​នៅ​ខ្មែរ នៅ​តែ​មាន​អ្នក​សុចរិត យុត្តិធម៌ ទោះ​ភាគច្រើន​គេ​និយម​ខ្លាច​ខ្សែ​ក៏​ដោយ ។ គេ​អាច​មាន​ខ្សែ​ធំ​នៅ​ក្រសួង​មហាផ្ទៃ ព្រោះ​ឳ​ពុក និង​គ្រួសារ​គេ នៅ​មាន​ធ្វើ​ធំ​នៅ​ទីនោះ​នៅឡើយ »​។

តារាចម្រៀង​វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​តាម​អ៊ី​ន​ស្តា​ក្រាម​របស់​នាង​ថា «​ឥឡូវ​មិនមែន​ជា​ពេល​ត្រូវ​សើច ហើយ​ក៏​មិនមែន​ជា​ពេល​ត្រូវ​យំ រឹតតែ​មិនមែន​ជា​ពេល​កើតទុក្ខ វា​ជា​ពេល​វេលា​ដែល​ត្រូវ​ដើរទៅ​មុខ​ហើយ​តតាំង ។ រយៈពេល​ជិត​២​ឆ្នាំ​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​ការ​ចង​ចាំ​ដ៏​អាក្រក់​មួយ ខ្ញុំ​ត្រូវ​តែ​ក្លាហាន មិន​ភ័យ​ខ្លាច មិន​តក់ស្លុត​។ មនុស្ស​អាក្រក់ មនុស្ស​​ខូចខិល​តែង​វា​យក​ខ្លួន​ត្រូវ ហើយ​ចុះ​ខ្ញុំ ? រឿង​អី​ដែល​មិន​ចេះ​រើបម្រះ មនុស្ស​ក្រីក្រ​ឋានៈ​ដូច​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ពាក្យ​ថា​រឹង​មាំ​» ។

អតីត​គូស្នេហ៍​របស់​វ៉ា​ន់ នី​ឡា ដែល​ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​កាន់​ភាគី​ដើមបណ្តឹង​(​វ៉ា​ន៉ នី​ឡា​)​ចំនួន​២០០​លាន​រៀល​ពី​បទ​ហិង្សា​ដោយ​​​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​កាលពី​ចុងឆ្នាំ​២០១៧ ។ បន្ទាប់​ពី​សាល​ក្រម​ប្រកាស​រួច លោក​គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ និង​បាន​រៀប​ការ​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​វ៉ា​ន់ នី​ឡា សម្តែង​ការ​ខកចិត្ត​។

វ៉ា​ន់ នី​ឡា ធ្លាប់​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ថា «​ហ្នឹងហើយ​បងប្អូន​ទាំងអស់​គ្នា មើលទៅ​ណា​ប្រព័ន្ធ​ច្បាប់​តុលាការ​ស្រុក​ខ្មែរ ខ្ញុំ​មិន​ទាន់​ទទួល​ភាព​យុត្តិធម៌​ស្អី​ទេ កុំ​យល់​ច្រឡំ ភាព​យុត្តិធម៌​សម្រាប់​ខ្ញុំ​មាន​ត្រឹមតែ​ក្រដាស​ប្រកាស​សាលក្រម​ក្លែងក្លាយ​ដែល​គ្មាន​ប្រសិទ្ធភាព​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ខាង​តុលាការ​មួយ​រូប​ណា​អើពើ​នឹង​រក​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ចេញ​ជា​រូប​ជា​រៀង​ទៅ​តាម​សេចក្តី​ប្រកាស​សាលក្រម​នោះ​ដែរ ។

ខ្ញុំ​សូម​ជម្រាប​ថា ខ្ញុំ​អត់​បាន​ឈឺ​ចុកចាប់​នឹង​រឿង​ដែល​មនុស្ស​ហ្នឹង​រៀប​ការ​ទេ តែ​ខ្ញុំ​ឈឺ​ដែល​មនុស្ស​ត្រូវ​ជាប់​ទោស បែរជា​រួចខ្លួន​សប្បាយ​រីករាយ​ក្អាកក្អាយ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ប្រកាស ក្តែ​ង​ៗ​រៀប​ការ​ទាំង​មិន​ទាន់​ចេញ​មុខ​ដោះស្រាយ​រឿង​ក្តី​ចប់​សព្វគ្រប់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ