ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​គ្នា​យើង! ជិត​មាន​ស្ពាន​អាកាស​ថ្មើរជើង​បំពាក់​ជណ្ដើរយន្ដ​ដំបូងគេហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​រង្វង់​មូល​នាង​គ​ង្ហី​ង ឬ​ស្ពាន​អាកាស​ទីក្រុង​អូ​ឡាំ​ព្យា (OLYMPIA CITY) ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា​ឆ្នាំ​២០១៧​នោះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​រង្វង់​មូល​នាង​គ​ង្ហី​ង ឬ​ស្ពាន​អាកាស​ទីក្រុង​អូ​ឡាំ​ព្យា (OLYMPIA CITY) ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា​ឆ្នាំ​២០១៧​នោះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។ សមិទ្ធផល​ថ្មី​មួយ​នេះ កាន់តែ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​រាជ​ធានី​ភ្នំពេញ​ថែម​មួយ​កម្រិត​ទៀត និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ។

លោក ម៉េ​ត មាស​ភក្តី មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​ថ្លែង​ថា ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​នេះ មាន​ទទឹង​៣​ម៉ែត្រ កម្ពស់​៥,៥​ម៉ែត្រ ប្រវែង​ជិត​២០០​ម៉ែត្រ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សង​សង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ជាមួយនឹង​ការ​បំពាក់​ជណ្តើរ​យន្ត​យ៉ាង​ទំនើប ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ឆ្លងកាត់​នៅ​តំបន់​នោះ ។ លោក​ថា ៖« ស្ពាន​អាកាស​ថ្មី​នេះ មាន​ច្រក​ឡើង​ចុះ​ចំនួន​៦​កន្លែង ដោយសារ​ទីតាំង​នេះ​ប្រសព្វ​ទៅ​ដោយ​វិ​ថី​ចំនួន​៤ គឺ​មហាវិថី​មុនី​រ៉េ​ត​, វិ​ថី​ឆេ​កូ​ស្លូ​វ៉ា​គី​, វិ​ថី​ហ្សា​ឌឺ​ហ្គោ​ល និង​វិ​ថី​ទេព​ផ​ន »​។

លោក​បញ្ជាក់​ថា ៖« ស្ពាន​អាកាស​ថ្មើរ​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើង​ចុះ និង​បាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព និង​ការ​រីក​ចម្រើន​របស់​ប្រទេស​យើង »​។ លោក​ថា ៖«​វា​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ដែល​សិ្ថ​ត​នៅ​ក្រោម​ម្លប់​សន្តិភាព ស្ថិរ​ភាព​នយោបាយ ក៏​ដូច​ជា​សន្តិសុខ និង​សុវត្ថិ​ភាពល្អ ដែល​ធ្វើ​ឲ្យ​យើង​មានឱកាស​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ »​។

យ៉ាងនេះ​ក្ដី ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting យល់​ឃើញ​ថា ការ​ធ្វើ​ស្ពាន​អាកាស​បែប​នេះ នាំ​ឲ្យ​ចំណាយ​ថវិការដ្ឋ​ច្រើន និង​ទម្លាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្ជិល ។

លោក ង៉ែត ជូ បាន​ថ្លែង​ថា ៖« សម្រាប់​ខ្ញុំ​មិន​លើកទឹកចិត្ត​ឱ្យ​មានការ​ដាក់​ជណ្តើរយន្ត​នោះ​ទេ ព្រោះ​ស្ពាន​មាន​កម្ពស់​តែ​ជាង​៥​ម៉ែត្រ ពលរដ្ឋ​អាច​ដើរ​ថ្មើរជើង​បាន ហើយ​ពាក់ព័ន្ធ​ដល់​ការ​ចំណាយ​ថវិការដ្ឋ ។ ម្យ៉ាងទៀត អាច​បង្កើត​ទម្លាប់​ឱ្យ​ពលរដ្ឋ​ខ្ជិល »​។ លោក​ថា ៖« ខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​កូរ៉េ​ដែល​គេ​មានការ​រីក​ចម្រើន តែ​កម្រ​ឃើញ​ស្ពាន​អាកាស​ថ្មើរជើង​ដាក់​ជណ្តើរយន្ត​ផង »​។

តាម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជា​ផែនការ​សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​សាង​សង់​ស្ពាន​ថ្មើរជើង​នៅ​ក្នុង​ភ្នំពេញ​នៅ​តាម​ទីតាំង​ប្រជុំជន និង​នៅ​តាម​ទីតាំង​ចរាចរណ៍​មាន​ល្បឿន​លឿន ជាទី​តាំង​ដែល​បាន​គិតគូរ​នៅ​ថ្ងៃ​ខាង​មុខ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ