ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ងាត់​ៗតាម​ពិត​កំពុង​សម្ងំ​ពង្រឹងសមត្ថភាព​ត្រៀម​​ប្រកួត​ស៊ីហ្គេ​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​គ្រោងរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សហ​ព័ន្ធ​​កីឡា​កាយសម្ព័ន្ធ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​ផង​ដែរ ដោយ​មិនមែន​មិន​អើពើ​ក្នុង​ពេល​មនុស្ស​មួយ​ចំនួន​ឃើញ​ស្ងាត់​នា​ពេល​នេះ​ទេ ។ ជាក់ស្ដែង កីឡាករ​ឆ្នើម​ៗ​ដែល​ជា​ធនធាន​កាយសម្ព័ន្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​គ្រោងរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ សហ​ព័ន្ធ​​កីឡា​កាយសម្ព័ន្ធ​បាន​អះអាង​ថា ខ្លួន​ក៏​កំពុង​ពង្រឹងកម្លាំង​ផង​ដែរ ដោយ​មិនមែន​មិន​អើពើ​ក្នុង​ពេល​មនុស្ស​មួយ​ចំនួន​ឃើញ​ស្ងាត់​នា​ពេល​នេះ​ទេ ។ ជាក់ស្ដែង កីឡាករ​ឆ្នើម​ៗ​ដែល​ជា​ធនធាន​កាយសម្ព័ន្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស និង​ត្រូវ​បាន​បង្វឹក​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​ដើម្បី​ឱ្យ​ធនធាន​កីឡាករ​ទាំង​នោះ អាច​ប្រកួតប្រជែង​សមជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​បាន​។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ពេល​នេះ សហព័ន្ធ​មិនមែន​មិន​បាន​ត្រៀមខ្លួន​នោះ​ទេ គឺ​ការ​ពិត​កាន់តែ​ពង្រឹង​ច្រើន​ឡើង​ទាំង​កីឡាករ និង​ក្រុម​គ្រូបង្វឹក ។ លោក​ថា សហព័ន្ធ​ក្រៅពី​បាន​បញ្ជូន​កីឡា​ករ​មួយ​រូប​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន រយៈពេល​៤​ខែ​នា​ពេល​កន្លង​មក ក៏​បាន​បញ្ជូន​ឱ្យ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​មិនសូវ​ដាច់​នោះ​ផង ។ លោក​ថា កីឡា​កាយសម្ព័ន្ធ មិន​បាន​ធ្វេសប្រហែស​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​ខាង​មុខ និង​នៅ​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​នោះ​ទេ គឺ​កាន់តែ​បាន​ពង្រឹង​សមត្ថ​ភាព​ខ្លាំង​ឡើង​ដើម្បី​កេរ្តិ៍ឈ្មោះ​។

ជាក់ស្ដែង សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​មាន​សមត្ថភាព​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​មិន​ដែល​ដាច់​ទេ ដើម្បី​ទៅ​ដកស្រង់​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ យក​មក​បណ្ដុះបណ្ដាល​ដល់​កីឡាករ​នៅ​ក្នុង​ប្រទេស ។ លោក​ថា នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​កីឡា​ជាតិ​២​លើក​កន្លង​មក សហព័ន្ធ​ជម្រើស​បាន​ជើង​ខ្លាំង​ក្មេង​ៗ​កាន់តែ​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា​ពួក​គេ​នឹង​ក្លាយ​ជា​ទ័ពស្រួច​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​របស់​កម្ពុជា​នោះ​ទេ តែ​មាន​ន័យ​ថា សហព័ន្ធ​ខ្លួនឯង​មានការ​បម្រុង​ទុក​ច្បាស់លាស់ ។ យ៉ាងណាមិញ សហព័ន្ធ​កំពុង​បង្កើន​ការ​បង្វឹក​កីឡាករ​កីឡាការិនី​ក្មេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​សមាសភាព​កីឡាករ​ទាំងនោះ អាច​ចូល​ប្រកួត​បាន​កាន់តែ​ល្អ ហើយ​អាច​ក្លាយជា​ធនធាន​ពិតប្រាកដ​របស់​កម្ពុជា​សម្រាប់​​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​។

លោក​ថា កម្ពុជា​នឹង​សម្រាំង​យក​កីឡាករ​ឱ្យ​បាន​ល្អ​ពី​ការ​បង្វឹក​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សហព័ន្ធ​ដែល​ជ្រើស​ចេញពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​មុន​នេះ ដោយ​លោក​ប្រកាស​ថា សុទ្ធតែ​ជា​ធន​ធាន​អ្នក​ប្រកួត​ដែល​មាន​ស​ត្ថភាព និង​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ បើ​ទោះជា​វិញ្ញាសា​កាយសម្ព័ន្ធ​មិនមែន​ជា​វិញ្ញាសា​ដើម​របស់​កម្ពុជា តែ​លោក​ប្រកាស​ថា​មិន​បាន​ធ្វេសប្រហែស​ក្នុង​ការ​បំប៉ន​អ្នកមាន​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​នៅ​ឆ្នាំ​២០២៣​នោះ​ទេ ដើម្បី​កុំឱ្យ​បាក់មុខ​សហព័ន្ធ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ លោក​ប្រកាស​ត្រៀម​បង្វឹក​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​ច្រើន​នាក់ ដើម្បី​ឱ្យ​ក្លាយជា​ធនធាន​របស់​កម្ពុជា​ក្រោយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​មួយ​លើក​ទៀត​ត្រូវ​បាន​បញ្ចប់​។

លោក​អគ្គលេខាធិការ​រូប​នេះ​នៅ​តែ​បង្ហាញពី​ការ​រំពឹង​ថា កម្ពុជា​នឹង​ក្ដោប​ក្ដាប់​មេដាយ​មាស​​សម្រាប់​វិញ្ញាសា​មួយ​ចំនួន​ក្នុង​ការ​ប្រកួត​កាយសម្ព័ន្ធ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម បើ​ទោះជា​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​ខាង​មុខ​កីឡាករ​បរទេស​ហាក់​មាន​ប្រៀប​ជាង​កម្ពុជា​ទាំង​ការ​កាត់ក្ដី​ជាដើម ។ លោក​ថា កីឡាករ សំ រី​ម គឺជា​សមាស​ភាព​របស់​កម្ពុជា​ដែល​មាន​សមត្ថភាព ទើប​កម្ពុជា​រមែង​យកចិត្តទុកដាក់​បញ្ជូន​ឱ្យទៅ​ប្រកួត​និង​ហ្វឹកហាត់​នៅ​បរទេស​ដូច​ជា​ករណី​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នៅ​ក្នុង​ពេល​នេះ​ជាដើម ។

លោក​សង្ឃឹមថា កីឡាករ​កម្ពុជា​នឹង​ដណ្តើម​មេដាយ​ពី​ព្រឹ​តិ្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជូន​ជាតិ​មាតុភូមិ ព្រោះ​រូបគេ​ជា​កីឡាករ​ម្នាក់​គត់​ដែល​សហព័ន្ធ​គ្រោង​​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Artistic ក្នុង​ព្រឹត្តិការណ៍​នេះ ។ ក្នុង​នោះ លោក​​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក៏​ធ្លាប់​បើក​វគ្គ​បំប៉ន​​បច្ចេកទេស និង​ជំនាញ​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ ដែល​រៀបចំ​ដោយ​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) កន្លង​មក​ផង​ដែរ ដែល​សុទ្ធតែ​ជា​ទិស​ដៅ​បណ្តុះ​ធនធាន​គ្រូ​ជំនាញ និង​កីឡាករ​វ័យក្មេង ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ប្រភព​ពី​ខាង​សហព័ន្ធ​បញ្ជាក់​ថា កម្ពុជា​នឹង​បណ្ដុះ​គ្រាប់ពូជ​កីឡាករ​កីឡាការិនី​ឱ្យ​បាន​ល្អ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ក៏​បាន​ចំណាយពេល​បង្វឹក​ពួក​គេ​ឱ្យ​ក្លាយជា​ធនធាន​ល្អ និង​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ផង​ដែរ ដោយ​មិនមែន​បណ្ដោយ​ឱ្យ​សហព័ន្ធ​ទាំងមូល​មិន​មាន​កីឡាករ​កីឡាការិនី​ដែល​មាន​កម្រិត​ប្រកួតប្រជែង​នៅ​ក្នុង​សហព័ន្ធ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ