ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ ពី​ក្មេង​ដើរ​រើស​ផ្លែ​ត្នោត​ទុំ​លក់​មក​ជា​អ្នក​ប្រដាល់​ល្បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ដែល​មាន​ជំនាញ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ផ្ដួល​គូប្រកួត​រឿង សោ​ភ័​ណ្ឌ តាម​ពិតជា​កូន​កសិករ​នៅ​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ឪពុក​ឈ្មោះ​រឿង ទិ​ត្យ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ដែល​មាន​ជំនាញ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ផ្ដួល​គូប្រកួត​រឿង សោ​ភ័​ណ្ឌ តាម​ពិតជា​កូន​កសិករ​នៅ​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ឪពុក​ឈ្មោះ​រឿង ទិ​ត្យ អាយុ​៥២​ឆ្នាំ ម្ដាយ​ឈ្មោះ​ឃុ​ត លាប អាយុ​៥១​ឆ្នាំ និង​មាន​បងប្អូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ លោក​គឺជា​កូន​ទី​២​នៅ​ក្នុង​គ្រួសារ​។

រឿង សោ​ភ័​ណ្ឌ ប្រាប់​ថា ដោយសារ​តែលោក​មាន​និស្ស័យ​ចូល​ចិត្ត​កីឡាប្រដាល់ ទើប
សម្រេចចិត្ត​ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​៩​និង​បាន​ឡើង​សង្វៀន​ប្រកួត​តាំងពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ ។

កាល​ណោះ​លោក​គឺជា​សិស្ស​គុន​នៅ​ក្នុង​ក្លិបខេមរៈ​កីឡា ដែល​មាន​លោក គឹ​ម ឡា​វី ជា​គ្រូ​បង្វឹក ។ ប៉ុន្តែ​ក្រោយមក​លោក​ក៏​បាន​ផ្លាស់​មក​នៅ​ក្នុង​ក្លិប​មកុដ​រាជសីហ៍​វិញ ដែល​មាន​​លោក​ឈិ​ន ក្វា​ន់​ចៃ ជា​គ្រូបង្វឹក ។ រឿង សោ​ភ័​ណ្ឌ​បាន​រំលឹក​ពី​ប្រវត្តិ​កម្សត់​របស់​ខ្លួន​មុន​​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ល្បី​ថា ដើម​ឡើយ​គេ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ ស្ទើរ​តែ​រ​កបាយ​ហូប​ពុំ​បាន​ផង ។ ពេលទំនេរ​ពី​ការ​សិក្សា លោក​បាន​ដើរ​រើស​ផ្លែ​ត្នោត​ទុំ​លក់​ដើម្បី​​យក​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​សម្រាប់​តែ​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ ។

ហេតុ​ដូច្នេះ​ហើយ​​ទើប​លោក​សម្រេចចិត្ត​បោះបង់​ចោល​ការ​សិក្សា​មក​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត​ទៅ​តាម​និស្ស័យ​ស្រឡាញ់ចូល​ចិត្ត​តាំងពី​តូច ។ រឿង សោ​ភ័​ណ្ឌ ថា មុន​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​សព្វថ្ងៃ​នេះ​លោក​​ពិតជា​មានការ​តស៊ូ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ គួប​ផ្សំ​ជាមួយនឹង​ការ​មាន​និស្ស័យ​ពី​ធម្មជាតិ​ផង​នោះ ធ្វើ​ឱ្យ​ការងារ​ប្រដាល់​របស់​លោក​មានការ​រីក​ចម្រើន​និង​ទទួល​ភាព​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស ។

ដោយសារ​តែ​មានការ​ជឿ​ទុកចិត្ត​ពី​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទៅ​លើ​ថ្វីដៃ​ប្រកួត និង​ការ​គោរព​វិន័យ រឿង សោ​ភ័​ណ្ឌ​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​បញ្ជូន​ឱ្យទៅ​ប្រកួត និង​ផ្សព្វផ្សាយ​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់ ដែល​មក​ទល់​ពេល​នេះ​លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​៨​និង​ពាន​ជា​ច្រើន​ទៀត​ពី​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ក្នុង​និង​ក្រៅ​ស្រុក ។

ខ្សែក្រវាត់​ដំបូង​គេ​ដែល​រឿង សោ​ភ័​ណ្ឌ ដណ្ដើម​បាន​គឺ​នៅ​ឆ្នាំ​២០១៤​ជា​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៦៧​គីឡូក្រាម ។ នៅ​ឆ្នាំ​២០១៤​ដដែល​លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ពី​ការ​ប្រកួត​នៅ​ប្រទេស​បារាំង ហើយ​នៅ​ឆ្នាំ​២០១៥​ដណ្ដើម​បាន​ខ្សែក្រវាត់​១​ទៀត​នៅ​ប្រទេស​​បារាំង​ដដែល ។ នៅ​ឆ្នាំ​២០១៦​ដណ្ដើម​បាន​ខ្សែក្រវាត់​គោ​ជល់ ឆ្នាំ​២០១៧​ដណ្ដើម​​បាន​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ និង​ខ្សែក្រវាត់​គោ​ជល់ និង​នៅ​ឆ្នាំ​២០១៨​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​២​បន្ថែម​ទៀត​នៅ​ប្រទេស​បារាំង ព្រម​ទាំង​​ពាន​ចំនួន​៤​ផ្សេង​ទៀត​។

រឿង សោ​ភ័​ណ្ឌ បាន​ប្រាប់​បន្ត​ថា ថ្វី​ដ្បិតតែ​ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​រហូត​ដល់​៨​ក៏​ពិត
មែន ប៉ុន្តែ​លោក​នៅ​តែ​មាន​ម​ហិ​ច្ឆិ​តា​ចងបាន​ខ្សែក្រវាត់​ច្រើន​ជាង​នេះ​ទៀត ដោយសារ​សព្វ​ថ្ងៃនេះ​កម្លាំង​នៅ​មាន​អាច​ប្រកួត​បាន ។

លោក​ថា លោក​មិន​ចង់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​នោះ​ទេ តែ​ពេល​ខ្លះ​ត្រូវ​បង្ខំចិត្ត​ប្រកួត​ដើម្បី​តម្រូវ​ចិត្ត​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ប្រកួត និង​ស្ថានីយទូរទស្សន៍​តែ​ប៉ុណ្ណោះ ។ ការ​ប្រកាន់​ជំហរ​បែប​នេះ​ទើប​រូប​លោក​តែងតែ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​សង្វៀន​ប្រកួត​ជា​ញឹកញាប់ ដោយ​ទទួលលទ្ធផល​មិនសូវ​ដែល​ចាញ់ និង​មាន​អ្នកគាំទ្រ​ច្រើន​ផង​កាន់តែ​ធ្វើ​ឱ្យ​លោកមា​នទី​ផ្សារ​ប្រកួត​កាន់តែ​ច្រើន ។ ជា​មធ្យម​លោក​ឡើង​សង្វៀន​ប្រកួត​ចាប់ពី​២​ទៅ​៣​ដង​ក្នុង​១​ខែ​ និង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចាប់ពី​៥០០​ដុល្លារ​ដល់​១០០០​ដុល្លារ​ឯណោះ ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​វិញ ត្រូវ​បាន​អ្នក​ប្រដាល់​ល្បី​រូប​នេះ​ប្រាប់​ថា លោក​មិន​ទាន់​គិតគូរ​នៅឡើយ​ទេ ដោយសារ​ទុក​ពេល​រក​ប្រាក់​ឱ្យ​បាន​ច្រើន​ជួយ​ដល់​ឪពុក​ម្ដាយ​របស់​រប​ស់លោក​សិន ។ ចំណែក​គោលបំណង​ទៅ​អនាគត​រឿង សោ​ភ័​ណ្ឌ បញ្ជាក់​ថា ពេល​ប្រកួត​លែង​កើត​លោក​ចង់​បើក​ក្លិប​ប្រដាល់​មួយ​សម្រាប់​បណ្ដុះបណ្ដាល​ក្មេង​ៗ​ស្រករ​ក្រោយ​ដើម្បី​បន្តវេន​ពី​លោក ហើយ​បើសិនជា​មាន​ឱកាស​និង​ដើមទុន​គ្រប់គ្រាន់ លោក​នឹង​បើក​មុខរបរ​រកស៊ី​បន្ថែម​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ