ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​ខ្លាំង​… ប៉ូលិស​កំពុង​កាច់ធ្មុង ព្រោះ​គាត់​ហ៊ាន​ភ្ជង់​ឡានស្ទូច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កូន​ថៅកែ​កាប់​ជ្រូក​ម្នាក់ រួម​ទាំង​បក្សពួក​២​នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌប្ញស្សីកែវ សហការ​ជាមួយនគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឃាត់ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា បន្ទាប់​ពី​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​​លេខ​៥៧០ ពាក់​ផ្លា​ក​លេខ​រដ្ឋ​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កូន​ថៅកែ​កាប់​ជ្រូក​ម្នាក់ រួម​ទាំង​បក្សពួក​២​នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌប្ញស្សីកែវ សហការ​ជាមួយនគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឃាត់ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា បន្ទាប់​ពី​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​​លេខ​៥៧០ ពាក់​ផ្លា​ក​លេខ​រដ្ឋ​មួយ​គ្រឿង ​ហក់​ឡើង​សួនច្បារ​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី នៅ​វេលា​ម៉ោងជាង​២​ទៀប​ភ្លឺ ហើយ​នាំ​បក្សពួក​ទៅ​ស្ទាក់​ភ្ជង់​ដោយ​កាំភ្លើងខ្លី​យក​រថយន្ត ដែល​ប៉ូលិស​ស្ទូច​ដឹក​ទៅ​រក្សា​ទុក​នៅ​ការិ​យាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​រាជធានី ទៅ​ទុក​ផ្ទះ​របស់​ខ្លួន​វិញ ។

ហេតុការណ៍​រថយន្ត​បុក​បាក់​បង្គោល​ភ្លើង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ​សីហា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឫស្សី​កែវ ស្ថិត​នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ៖
១-​ឈ្មោះ ទ្រី ដា​រិ​ន ហៅ​ហ៊ា​ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ថៅកែ​កាប់​ជ្រូក និង​ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ពាក់​ផ្លា​ក​លេខ​រដ្ឋ​០៧ ២.៨៩៨៩ ដែល​បង្ក​គ្រោះថ្នាក់​បុក​បង្គោល​ភ្លើង ។
២-​ឈ្មោះ ស្រ៊ុ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក ។
៣-​ឈ្មោះ អ៊ុ​ល ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ហើយ នគរបាល​ក៏​បាន​ដកហូត​កាំភ្លើង​ម៉ាក​ប៉េអា​តា​មួយ​ដើម ​ដែល​ជន​នេះ​លាក់​ទុក​ក្នុង​បន្ទប់ទឹក​ជាន់​ទី​២ នៅ​ការដ្ឋាន​សំណង់​សង់​ថ្មី​នៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌប្ញស្សីកែវ ព្រមទាំង​ដក​ហូត​បាន​វត្ថុ​តាង​រថយន្ត​ដែល​បង្កហេតុ​បុក​បង្គោល​ភ្លើង​នោះ​មក​វិញ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ កូន​ថៅកែ​កាប់​ជ្រូក​ម្នាក់​នេះ​ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពាក់​ផ្លា​ក​លេខ​រដ្ឋ​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​សួនច្បារ​និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​រាប​ដល់​ដី ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​គេច​បាត់ ហើយ​នគរបាល​មូលដ្ឋាន​ ក៏​បាន​ហៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចុះ​ទៅ​វាស់វែង​ស្ទូច​យក​រថយន្ត​ទំនើប​នេះ ​ទៅ​ដាក់​នៅ​ការិ​យា​ល័យ​ចរាចរណ៍ ដើម្បី​ដោះស្រាយ​សំណង​ការ​ខូចខាត​សម្បត្តិ​សាធារណៈ ។ នៅ​ពេល​ដែល​រថយន្ត​ស្ទូច​បាន​ដឹក​រថយន្ត​នេះ​​ទៅ​ដល់​មុខ​វត្ត​ទួល​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ស្រាប់តែ​ជន​ជា​ម្ចាស់​រថយន្ត រួម​ទាំង​កូន​ចៅ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក បាន​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប៊ិច​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ​កណ្តាល​២A-១២៤៦​មួយ​គ្រឿង​ទៅ​កាក់​ឡានស្ទូច​ឱ្យ​ឈប់ ហើយ​ធ្វើ​សកម្មភាព​ភ្ជង់​អ្នក​បើករថយន្ត​ស្ទូច ឱ្យ​យក​រថយន្ត​របស់​ខ្លួន​យក​ទៅ​ដាក់​ផ្ទះ​ខ្លួន​វិញ ។

តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​ភ្ជង់​យក​វត្ថុ​តាង នគរបាល​ការិយាល័យ​ចរាចរណ៍ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រាយការណ៍​ទៅ​នគរបាល​ខណ្ឌឫស្សីកែវ និង​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ចុះ​ទៅ​ឡោម​ព័ទ្ធ​ឆែកឆេរ​ដកហូត រថយន្ត​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល ។

អ្វី​ដែល​គួរ​ឱ្យ​អាម៉ាស់​នោះ​ គឺ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​របស់​ថៅកែ​កាប់​ជ្រូក​នេះ​ បាន​បំពាក់​ផ្លា​ក​លេខ​រដ្ឋ​ដោយ​ខុសច្បាប់ ។ មតិ​ខ្លះ​ថា រថយន្ត​ដែល​បាន​បំពាក់​ផ្លា​ក​លេខ​រដ្ឋ​នេះ​ គឺជា​រថយន្ត​របស់​រដ្ឋ មិនមែន​របស់​ថៅកែ​កាប់​ជ្រូក​នេះ​ទេ ហើយ​បើសិនជា​យក​មក​ពាក់​លើ​រថយន្ត​ជា​កម្មសិទ្ធិ​របស់​ខ្លួន គឺ​ខុសច្បាប់​ហើយ និង​អាម៉ាស់​ដល់​ស្ថាប័នរដ្ឋ​ថែម​ទៀត​ផង និង​កុំ​ឆ្លើយ​ថា​ លេខ​សេះ​ហោះ​ឱ្យ​សោះ ព្រោះថា​ផ្លា​ក​លេខ​សេះ​ហោះ ​គឺ​ប៉ូលិស​ចរាចរណ៍​ស្គាល់​ច្បាស់​ណាស់ ។

អ្នកខ្លះ​និយាយ​ថា ប្រសិនបើ​រថយន្ត​នេះ​មិន​មាន​បញ្ហា​បុក​បង្គោល​ភ្លើង ហើយ​ម្ចាស់​ថ្លើមធំ​មិន​បាន​ប្រើ​កាំភ្លើង​ភ្ជង់​គេឯង ម្លេ​៉ះ​សម​រថយន្ត​ថៅកែ​កាប់​ជ្រូក​នេះ ​នៅ​តែ​ប្រើ​ផ្លា​ក​លេខ​រដ្ឋ​បែប​នេះ​រំភើយ​ រហូត​ហើយ​មើលទៅ ។ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ទ្រី​ដា​រិ​ន នេះ​ក៏​ជា​អតីត​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័​យ​ដែរ ចំណែក​រថយន្ត​និង​កាំភ្លើង​គឺ​អត់​ពន្ធ​និង​ច្បាប់ ។ ជន​ទាំង​៣​នាក់​និង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ថ្ងៃនេះ ៕

https://www.youtube.com/watch?v=HBaAKgVetAc

អត្ថបទសរសេរ ដោយ