ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ

15 ឆ្នាំ មុន

ក្រុម​ឧតុ​និយម​ថៃ​ បាន​ប្រកាស​អាសន្ន​ពី​ស្ថាន​ភាព​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​កំពុង​ទទួល​សម្ពាធ​អាកាស​ធាតុ​ទាប​គ្រប​ដណ្តប់​នៅ​បរិ​វេណ​ភាគ​ខាង​ត្បូង​ផ្នែក​កណ្តាល​ ធ្វើ​ឱ្យ​តំបន់​ភាគ​ខាង​ត្បូង​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​ជា​ច្រើន។ ប្រជា​ជន​​ប្រុង​ប្រយ័ត្ន​គ្រោះ​ថ្នាក់​​ទឹក​ជំនន់​ និង​ទឹក​ហូរ​ធ្លាក់​ពី​ទីខ្ពស់ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ឈុម​ផន រ៉ាណង ផាង​ង៉ា ភូកេត ស៊ូរ៉ាត​ថានី ណាក់​ខនស៊ីថា​ម៉ារាជ ប៉ាតាលុង ក្រាប៊ី ត្រាំង និង​ខេត្ត​ស្ទូល។ សម្រាប់​រលក​ទឹក​សមុទ្រ​ក្នុង​ឈូង​សមុទ្រ​ថៃ​មាន​កំពស់​ពី​២-៣​ម៉ែត្រ អ្នក​នេសាទ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​បំផុត​ក្នុង​ការ​ដើរ​សមុទ្រ។
ស្រប​ពេល​ជា​មួយ​គ្នា​នេះ យោង​តាម​ប្រភព​ពី​ខេត្ត​ណាក់​ខន​ស៊ីថា​ម៉ារាជ បាន​បញ្ជាក់​ថា ស្ថាន​ភាព​ទឹក​ជំនន់​នា​ពេល​បច្ចុ​ប្បន្ន​មាន​សភាព​ខ្លាំង​ក្លា​ ដោយ​ជើង​ហោះ​​ហើរ​នានា​ត្រូវ​បាន​ផ្អាក ព្រោះ​ទឹក​បាន​លិច​ចូល​ទៅ​ក្នុង​ទីលាន​អាកាស​យាន​ដ្ឋាន។
ប្រភព​ខាង​លើ​បន្ត​ថា ស្ថាន​ការណ៍​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ណាក់​ខន​ស៊ីថា​ម៉ារាជ​​នៅ​ជន់​លិច​ក្នុង​ស្រុក​ជា​ច្រើន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរា​ចរណ៍​​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រជា​ជន។
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា កន្លង​មក អាកាស​យាន​ដ្ឋាន​ក្នុង​ខេត្ត​ណាក់​ខន​ស៊ីថា​ម៉ារាជ បាន​ប្រកាស​លុប​ចោល​ជើង​ហោះ​ហើរ​គ្រប់​ទិសទី ព្រោះ​សភាព​ផ្លូវ​យន្ត​ហោះ​ត្រូវ​ទឹក​​ជំនន់​ជន់​លិច។
គួរ​បញ្ជាក់​ថា ស្ថាន​ភាព​អាកាស​ធាតុ និង​​គ្រោះ​​ធម្ម​ជាតិ​នា​ពេល​បច្ចុ​ប្បន្ន​កំពុង​បង្ក​ឡើង​ឥត​ឈប់​ឈរ ខណៈ​ពេល​កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក មាន​គ្រោះ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី​នៅ​ប្រទេស​ជប៉ុន បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង និង​ប្រជា​ជន​ជា​ច្រើន​នាក់​បាន​ស្លាប់​ និង​រង​របួស។ លើស​ពី​នេះ​ទៀត​កាល​ពី​ថ្ងៃ​ទី​២៥ មីនា កន្លង​ទៅ​ក៏​កើត​មាន​រញ្ជួយ​ដី​នៅ​ប្រទេស​ភូមា និង​មាន​សភាព​ប៉ះ​ពាល់​ដល់​​ប្រទេស​ជា​ច្រើន​​នៅ​ជុំ​វិញ​ដូច​ជា​ប្រទេស​ថៃ វៀត​ណាម ឡាវ និង​ប្រទេស​ចិន។
ជាក់​ស្តែង​នៅ​ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​ក៏​មាន​កើត​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំនន់​ជន់​លិច​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ជា​តំបន់​មួយ​បច្ចុ​ប្បន្ន​កំពុង​ទទួល​រង​ការ​ធ្វើ​ឃាត​ពី​សំណាក់​ក្រុម​ជ្រុល​និយម​នៅ​ភាគ​ខាង​ត្បូង​​បង្ក​ឱ្យ​មនុស្ស​ជា​ច្រើន​​នាក់​បាន​ស្លាប់។
ទោះ​ជា​បែប​ណា​ក៏​ដោយ ស្ថាន​ភាព​នៃ​​គ្រោះ​ធម្ម​ជាតិ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​រមែង​កើត​ឡើង​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ទុក​ជា​មុន ដោយ​ប្រការ​នេះ​រមែង​ធ្វើ​ឱ្យ​ប្រជា​ជន​នៅ​ទូទាំង​ពិភព​លោក​មាន​ក្តី​បារម្ភ៕