ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បោះទុន​300​លាន​ដុល្លារ​បង្កើត​រោងចក្រ​កៃ​ច្នៃ​កាក​សំណល់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វិនិយោគិន​ចិន​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​រោងចក្រ​កែ​ច្នៃ និង​កម្ទេច​កាក​សំណល់ ដែល​គម្រោង​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​៣០០​លាន​ដុល្លារ លើ​ផ្ទៃដី​សរុប​ជាង​៣០​ហិ​កតា ដែល​មា​នទី​តាំងនៅ​ស្រុក​ស្ទឹង​ហាវ ។ នៅ​ក្នុង​ជំនួប​ជាមួយ​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី…

ខេត្ត​ព្រះ​សីហ​នុ ៖ វិនិយោគិន​ចិន​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​រោងចក្រ​កែ​ច្នៃ និង​កម្ទេច​កាក​សំណល់ ដែល​គម្រោង​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​៣០០​លាន​ដុល្លារ លើ​ផ្ទៃដី​សរុប​ជាង​៣០​ហិ​កតា ដែល​មា​នទី​តាំងនៅ​ស្រុក​ស្ទឹង​ហាវ ។

នៅ​ក្នុង​ជំនួប​ជាមួយ​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ១៣ សីហា កន្លង​ទៅ​នេះ តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន លោក សុំ ពិសិដ្ឋ បាន​លើក​ឡើង​ថា កិច្ចការ​មួយ​នេះ ប្រសិនជា​គ្មាន​ការ​រាំងស្ទះ​ណាមួយ​ទេ ក្រុមការងារ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​រោងចក្រ​នៅ​ឆ្នាំ​២០១៨​នេះ​ហើយ ដោយ​ត្រូវ​ចំណាយពេល​សាងសង់​ចំនួន​២​ឆ្នាំ និង​ចាប់ផ្តើម​ដំណើរការ​សាកល្បង​ជំហាន​ដំបូង​នៅ​ឆ្នាំ​២០២១ ។ លោក​បន្ត​ថា ៖« ទីតាំង​ដែល​គ្រោង​សង់រោង​ចក្រ​នេះ ជាទី​កន្លែង​ដែល​មិនសូវ​មាន​ដើមឈើ​និង​សត្វព្រៃ​រស់នៅ​ទេ »​។

តាម​លទ្ធផល​សិក្សា​របស់​ក្រុមហ៊ុន​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បង្កើត​រោងចក្រ​នៅ​ទី​នេះ ដែល​ជា​ផ្នែក​មួយ​អាច​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ពួក​គាត់​ផង​ដែរ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ខាងលើ ជា​អ្នក​ប្រកប​របរ​ដុត​ឡធ្យូង និង​ចិញ្ចឹម​ត្រី​ឆ្ពង់​តិចតួច​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ក្រុមហ៊ុន​នឹង​ចូល​រូ​ម​ជា​មូលនិធិ​ជូន​ក្រសួងបរិស្ថាន​ក្នុង​១​ឆ្នាំ​ចំនួន​៨​ពាន់​ដុល្លារ លើ​ផល​ប៉ះពាល់​នានា​ដែល​កើត​មាន​ឡើង​តិចតួច ។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក សុំ ពិសិដ្ឋ ។ លោក​បន្ដ​ថា នៅ​ពេល​រោងចក្រ​ដំណើរការ នឹង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន​៥០០​នាក់ និង​មាន​ក្រុម​អ្នកបច្ចេកទេស និង​អ្នកជំនាញ​របស់​ចិន​ប្រមាណ​ជាង​២០​នាក់​ថែម​ទៀត ដើម្បី​ឲ្យ​ការងារ​កាន់តែ​រលូន ។
លោក​បាន​អះអាង​ថា ៖« ចំពោះ​ប្រភព​សំណល់​ដែល​យក​មក​ប្រើប្រាស់ គឺ​មាន​ក្រុមហ៊ុន​មួយ​ដៃគូ​ដែល​ជា​អ្នក​ទទួល​ប្រមូល​ពី​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​មានការ​នាំ​ចូល​សំណល់​ពី​ប្រទេស​ក្រៅ​ឡើយ »​។

លោក​ថា ៖ « នៅ​ដំណាក់កាល​ដំបូង តាម​ការ​ប៉ាន់​ប្រមាណ ក្រុមហ៊ុន​អាច​ប្រមូល​សំណល់​បាន​ចំនួន​១៦៤​តោន​ក្នុង​១​ឆ្នាំ មក​ពី​ទីតាំង​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​គ្រប់គ្រង​សំណល់​រាវ ក្រុមហ៊ុន​មាន​អាង​ប្រព្រឹត្តិកម្ម​រួម តាម​លក្ខណៈ​បច្ចេកទេស មុន​បង្ហូរ​ចេញ​ទៅ​ក្រៅ​។ ចំពោះ​សំណល់​រឹង​ក្រោយ​ការ​កែ​ច្នៃ ក្រុមហ៊ុន​នឹង​មាន​សារធាតុ​បន្សាប​ជាតិពុល​រួច​យក​ទៅ​ចាក់​នៅ​ទីលាន​ដែល​អាច​ផ្ទុក​បាន​ក្នុង​រយៈពេល​២០​ឆ្នាំ ដោយ​ការពារ​មិន​ឲ្យ​មានការ​លេច​ជ្រាប ហើយ​ចុង​ក្រោយ នឹង​យក​ទៅ​ក​ប់រូច​ដាំ​ដើមឈើ​ពីលើ » ។

លោក ឈិ​ន សេង​ងួ​ន អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នូវ​ចំណុច​មួយ​ចំនួន​ដូច​ជា ១-​ក្រុមហ៊ុន​ត្រូវ​កំណត់​ឲ្យ​ច្បាស់​នូវ​ប្រភព​ថាមពល​ដែល​ក្រុមហ៊ុន​ត្រូវ​ប្រើ ថា​តើ​ត្រូវ​ដុត​អុស​, ដុត​ប្រេង ឬ​ប្រើ​ថាមពលអគ្គីសនី​ក្នុង​ការ​បំបែក​កែ​ច្នៃ​សំណល់​ទាំងនោះ​។ ២-​ក្រុមហ៊ុន​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ដំណើរការ​នៃ​អាង​ប្រព្រឹត្តិកម្ម និង​៣-​ស្នើ​ឲ្យ​មានការ​សិក្សា​អំពី​បច្ចេកទេស​និង​ផល​ប៉ះពាល់​បរិស្ថាន ឲ្យ​បាន​ស៊ីជម្រៅ ចៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន និង​ជីវៈចម្រុះ​នានា​នៅ​ទីតាំង​នោះ ។

លោក ហេង ណា​រ៉េ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​មិន​ទាន់​បានដឹង​ដល់​ក្រសួង​នៅឡើយ​ទេ ក៏​ប៉ុន្តែ​លោក​ថា បើសិនជា​គម្រោង​នេះ​ប្រមូល​យកស​ម្រាម​តែ​នៅ​ក្នុងស្រុក​សម្រាប់​កែ​ច្នៃ ខាង​ក្រសួង​សូម​ស្វាគមន៍​និង​សាទរ​ចំពោះ​កិច្ចការ​នេះ តែ​ហាម​ដាច់ខាត​នូវ​ការ​នាំ​ចូល​កាក​សំណល់​ពី​ប្រទេស​ក្រៅ​មក​កែ​ច្នៃ​ក្នុងស្រុក ។ លោក​ថ្លែង​ថា ៖« យើង​សាទរ​ចំពោះ គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​ទីនោះ តែ​សូម​ឲ្យ​ប្រមូល​សំរាម​ក្នុងស្រុក​កែ​ច្នៃ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​ក៏​កំពុង​តែ​មាន​បញ្ហា​ប្រឈម​ពី​បញ្ហា​សំរាម​នេះ​ដែរ ។ ដូច​យើង​ឃើញ​ស្រាប់ សំរាម​ក្នុងស្រុក​យើង​ត្រូវ​បាន​យក​ចាក់ចោល និង​មិន​ទាន់​មានការ​កែ​ច្នៃ​ណាមួយ​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ