រាជធានីភ្នំពេញ ៖ អាជីវករផ្សារព្រែកព្នៅបានកើនឡើងរហូតដល់៧០០នាក់ហើយដែលកើតទុក្ខមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍លុបចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលអនុញ្ញាតឱ្យរក្សារបងរបស់អាជីវករសង់ឡើងដើម្បីខណ្ឌចែករវាងផ្សារឯកជន និងផ្សាររដ្ឋនោះ ។ ម្យ៉ាងទៀតក្រុមអាជីវករបានព្រមានប្តឹងការចាញ់ក្តីនេះទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងព្រះមហាក្សត្រប្រយោជន៍ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ពិតប្រាកដដល់អាជីវករក៏ដូចជាប្រយោជន៍រួមរបស់ជាតិទាំងមូលផងដែរ ។ ក្រុមអាជីវករប្រកាសថា ដាច់ខាតមិនឱ្យរំលាយរបងផ្សារដែលសាងសង់រួចហើយនោះទេ និងហ៊ានយកឈាមទៅប្តូរ បើសិនជាជនណាហ៊ានចេញមុខទៅវាយរបងខណ្ឌផ្សាររដ្ឋ និងឯកជននេះ ។
កាលរសៀលថ្ងៃទី៩ មីនា ឆ្នាំ២០១១ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាបដិសេធសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឱ្យម្ចាស់ដីឡូត៍ (ផ្សារឯកជន) ឈ្នះក្តីមួយរយភាគរយតែម្តង ពោលគឺឱ្យអាជីវករលក់ដូរ៧០០នាក់ នៅផ្សាររដ្ឋព្រែកព្នៅចាញ់ ក្តីយ៉ាងអាម៉ាស់បំផុត ។ ប៉ុន្តែស្របពេលដែលសាលាឧទ្ធរណ៍ប្រកាសឱ្យចាញ់នោះ ភ្លាមៗក្រុមអាជីវករទាំងក្មេងចាស់ប្រុស-ស្រីបាននាំគ្នាទៅឈរនៅមុខសាលាឧទ្ធរណ៍ស្រែកខ្លាំងៗថា «មន្ត្រីសាលាឧទ្ធរណ៍ពុករលួយ កាត់ក្តីឱ្យបុគ្គលម្នាក់ពីរនាក់ឈ្នះ អាជីវកររាប់រយនាក់ចាញ់ ព្រោះតែផលប្រយោជន៍» ។
ស្ត្រីឈ្មោះគុជ ប៊ុនធី អាជីវករលក់គ្រឿងទេសបានអះអាងថា ពួកគាត់មិនសុខចិត្តចំពោះការកាត់ក្តីរបស់មន្ត្រីសាលាឧទ្ធរណ៍ដោយអយុត្តិធម៌បែបនេះឡើយ ព្រោះជាច្រើនឆ្នាំកន្លងមកហើយ ដែលម្ចាស់ដីឡូត៍ឈ្នះក្តីនេះ គាបសង្កត់អាជីវករដោយបង្ខំឱ្យបង់លុយ គឺគ្រាន់តែលក់បន្លែ១កញ្ច្រែងទាររហូតដល់៥.០០០រៀលឯណោះ ។ ពួកគាត់លក់ដូរនៅមុខឬក្នុងដីឡូត៍ពិបាកវេទនាប្រមាណ១០ឆ្នាំមកហើយ ទើបតែនៅក្រោយផ្សារព្រែកព្នៅរបស់រដ្ឋកើតឡើង ពួកគាត់មកលក់ដូរនៅក្នុងផ្សារនេះបានមានជីវភាពធូរស្រាលដោយសារតែផ្សាររដ្ឋយកថ្លៃឈ្នួលថោកបំផុត គឺ១ថ្ងៃត្រឹមតែ៨០០រៀលប៉ុណ្ណោះ ។
គាត់បន្តថា ក្រុមអាជីវករនឹងផ្តិតមេដៃប្តឹងដល់ទីបញ្ចប់ ដោយមិនរាថយចំពោះម្ចាស់ដីឡូត៍នេះទេ ព្រោះសកម្មភាពរបស់ក្រុមអាជីវករគឺជាការការពារផលប្រយោជន៍រួម មិនដូចការសម្រេចរបស់សាលាឧទ្ធរណ៍បែរជាការពារផលប្រយោជន៍បុគ្គល១នាក់ ២នាក់ទៅវិញ។ ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញជាការត្រឹមត្រូវបំផុត ហើយបើសិនមិនធ្វើរបងខណ្ឌដីទេ ច្បាស់ជាបាត់ដីរដ្ឋថែមទៀត ៕
ចែករំលែកព័តមាននេះ