ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនោរ​លំ​ហាត់ប្រាណ​នៅ​តាម​ក្លិប និង​​កន្លែង​ស្ទី​ម​មាន​សន្ទុះ​​គួរ​កត់សម្គាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​មាន​អ្នកនិយាយ​ថា សកម្មភាព​បញ្ចេញ​ញើស​តាម​រយៈ​ការ​ធ្វើ​ការងារ​ដោយ​កម្លាំង ដើរ​ហាត់ប្រាណ និង​រាំ​តាម​ចង្វាក់ភ្លេង​ជាដើម សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព ក៏​អ្នកជំនាញ​នៅ​តែ​អះអាង​ថា សកម្មភាព​ទាំងនោះ​នៅ​តែ​មិន​អាច​ទទួល​បាន​ផល​ល្អ​ខ្លាំង​ដូច​គ្នា​នឹង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប និង​ការ​បញ្ចេញ​ញើស​នៅ​កន្លែង​ស្ទី​ម​បាន​ទេ…

រាជធានី​ភ្នំពេញ ៖ ទោះជា​មាន​អ្នកនិយាយ​ថា សកម្មភាព​បញ្ចេញ​ញើស​តាម​រយៈ​ការ​ធ្វើ​ការងារ​ដោយ​កម្លាំង ដើរ​ហាត់ប្រាណ និង​រាំ​តាម​ចង្វាក់ភ្លេង​ជាដើម សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព ក៏​អ្នកជំនាញ​នៅ​តែ​អះអាង​ថា សកម្មភាព​ទាំងនោះ​នៅ​តែ​មិន​អាច​ទទួល​បាន​ផល​ល្អ​ខ្លាំង​ដូច​គ្នា​នឹង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប និង​ការ​បញ្ចេញ​ញើស​នៅ​កន្លែង​ស្ទី​ម​បាន​ទេ ដោយសារ​តែ​ការ​បញ្ចេញ​ញើស​ដោយ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប និង​នៅ​កន្លែង​ស្ទី​ម វា​មាន​លទ្ធភាព​ធ្វើ​ឱ្យ​រន្ធ​ញើស​បើកចំហ​បញ្ចេញ​ជាតិពុល​បាន​ល្អ​ជាង​ការ​ធ្វើ​សកម្មភាព​បញ្ចេញ​ញើស​ខុស​ស្ដង់ដារ ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​មនុស្ស​ច្រើន​ឡើង​ងាក​ទៅ​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ក្លិប និង​ទៅ​បញ្ចេញ​ញើស​នៅ​កន្លែង​ស្ទី​ម ជា​ពិសេស​​អ្នក​ដែល​ត្រូវការ​ទាំង​រូបរាង​ស្អាត និង​សុខភាព​ល្អ​។

លោក រស់ សោ​ភ័​ណ្ឌ ជា​គ្រូបង្វឹក​លំ​ហាត់ប្រាណ​ក្នុង​សណ្ឋាគារ​ធំ​ៗ និង​ជា​តារា​សម្ដែង​ដែល​មាន​សាច់ដុំ​ធំ​ស្រស់​សង្ហារ បាន​អះអាង​ថា ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន ឬ​ដើរ​ហាត់ប្រាណ និង​ហាត់ប្រាណ​ក្នុង​ក្លិប​មិន​ដូច​គ្នា​នោះ​ទេ ហើយ​វា​រឹតតែ​ខុស​គ្នា​ទៅ​ទៀត​បើ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​មាន​គ្រូបង្វឹក​ច្បាស់លាស់ ។

លោក​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​នឹង​លេច​ចេញ​លទ្ធផល​គាប់ចិត្ត​ឱ្យ​អ្នក​ប្រឹងប្រែង​ហ្វឹកហាត់​តាម​ដែល​ខ្លួន​ចង់បាន ដូច​ជា​ការ​ចង់​សម្រក​ក្បាលពោះ​ត្រូវ​ហាត់​ជាមួយ​ឧបករណ៍​ណា ចង់​សម្រក​ខ្លាញ់​កំភួនជើង​ត្រូវ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍​ណា និង​ត្រូវ​ហ្វឹកហាត់​យ៉ាងម៉េច​ឱ្យ​ល្អជា​ដើម ។ លោក​ថា អ្នក​ចង់​ហាត់ប្រាណ​គ្រាន់តែ​ឱ្យ​បែកញើស គឺ​ពិតជា​ឱ្យ​តម្លៃ​លើ​ការ​ហាត់ប្រាណ​តាម​សួន តែបើ​ចង់បាន​រាង​កាយ​ស្អាត និង​ចង់បាន​សាច់ដុំ ឬ​សម្រក​ខ្លាញ់​ត្រង់​ចំណុច​ណាមួយ គឺ​មិន​មាន​អ្វី​ប្រសើរ​ជាង​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​នោះ​ទេ ។

លោក​ថា បើ​ទោះ​អ្នក​ហាត់ប្រាណ​តាម​សួន និង​ហាត់ប្រាណ​ដោយ​រត់ ឬ​ដើរ នៅ​តែ​មាន​ចំនួន​ច្រើន ប៉ុន្តែ​អ្នក​ហាត់ប្រាណ​ក្នុង​ក្លិប​ក៏​មាន​កំណើន​ច្រើន​ដែរ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​​សឹង​មិន​មាន​ពេល​បង្វឹក​បច្ចេកទេស​ដល់​អ្នក​ចង់បាន​សាច់​ស្អាត និង​ចង់​មាន​សុខ​ភាព​ល្អ​ដែល​តម្រូវ​ឱ្យ​លោក​ទទួល​ការងារ​នោះ​ផង ។ លោក​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គេ​មាន​ទម្រង់ និង​បច្ចេកទេស​របស់​គេ​ច្បាស់លាស់ ហើយ​ក្រោយ​ការ​ព្យាយាម​គឺ​អ្នក​ហាត់​នឹង​ទទួល​បាន​លទ្ធផល​ច្បាស់លាស់ ដែល​ផ្ទុយ​ពី​ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន គឺ​បាន​ត្រឹមតែ​បែកញើស​តែ​មិន​ច្បា​ស់ថាបាន​ផ្នែក​ណាមួយ​តាម​ការ​ពេញចិត្ត​នោះ​ទេ ។

លោក​ថា ការ​ហាត់ប្រាណ​តាម​ក្លិប​គឺ​អ្នក​ហាត់​នឹង​មាន​សាច់​ម៉ា​ន់ រឹង​មាំ ហើយ​បើ​និយាយ​ពី​រាង​កាយ​គឺ​មានការ​ប្រែប្រួល ដោយ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ឡើង​នៅ​ពេល​អ្នក​ហាត់​កាន់តែ​បន្ត​ហាត់​ឱ្យ​បាន​ដិត​ដល់ ។ ក្នុង​នោះ​បើ​និយាយ​ពី​សុវត្ថិភាព​ក៏​ខុស​គ្នា​ណាស់​ដែរ ដោយសារ​តែ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​មិន​ភ័យ​រឿង​ចោរឆក់​ចោរប្លន់ ។ យ៉ាងណាមិញ លោក​ទទួលស្គាល់​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គឺ​ពិតជា​តម្រូវ​ឱ្យ​អ្នក​ចង់​ហាត់​ចំណាយ​ពេល​​ច្រើន និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ច្រើន​មែន ដែល​ផ្ទុយ​ពី​ការ​ហាត់ប្រាណ​ដោយ​រាំ​តាម​សួន គឺ​ឃើញ​កន្លែង​ណា​អាច​ចូល​ហាត់​កន្លែង​ហ្នឹង​បាន ។

លោក​ថា ការ​ហាត់​ប្រាណ​​ក្នុង​ក្លិប​បើ​ត្រូវ​ហាត់ប្រាណ​ក្នុង​ក្លិប​ល្អ​ៗ ហើយ​មាន​គ្រូបង្វឹក​ជំនាញ​ទៀត គឺ​រឹតតែ​ត្រូវ​ចំណាយ​ដល់​ខ្ទង់រយ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​ពេល​ដែល​ការ​ហ្វឹកហាត់​នោះ​ក៏​មាន​ពី​របៀប​តម​អាហារ និង​ថែ​សុខភាព​ច្បាស់លាស់​ផង​ដែរ​។ លោក​ថា ការ​ហាត់ប្រាណ​ដោយ​ស្ទី​ម​ក៏​ល្អ​ដែរ ប៉ុន្តែ​ល្អ​សម្រាប់​តែ​អ្នកមាន​វ័យ​ជ្រេ​មិនសូវ​ចង់​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ប៉ុណ្ណោះ​។

លោក ខេ​វិ​ន ជា​អ្នក​ចូល​ចិត្ត​ជ្រើសរើស​យក​ការ​បញ្ចេញ​ញើស​នៅ​កន្លែង​ហាត់ប្រាណ បាន​អះអាង​ថា ក្រោយ​ការ​បង់លុយ​ហ្វឹកហាត់​ក្នុង​ក្លិប​លោក​យល់​ថា ការ​ហាត់ប្រាណ​ក្នុង​ក្លិប​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង បើ​ទោះ​ជា​បរិយាកាស​គឺ​មិន​សប្បាយ​ដូច​គ្នា​នឹង​ការ​ហាត់​តាម​របៀប​រាំ​នៅ​តាម​សួន​នានា​ក្ដី ។

លោក​ថា ការ​ចំណាយពេល​ហាត់​ប្រាណ​នៅ​ខាងក្រៅ​ក្លិប បាន​ត្រឹមតែ​បែកញើស និង​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​លោក​ប្ដូរ​មក​ហាត់ប្រាណ​ក្នុង​ក្លិប​វិញ គឺ​មាន​ការ​ប្រែប្រួល​ជាង​មុន ជា​ពិសេស​គឺ​ដឹង​ពី​របៀប​ហាត់​យក​រាង ហាត់​យក​សាច់​ស្មា ហាត់​យក​សាច់​ដុំដៃ ហាត់​យក​សាច់ដុំ​ក្បាលពោះ និង​ហាត់​យក​សាច់ដុំ​ផ្នែក​ផ្សេង​ៗ ដោយ​លោក​បញ្ជាក់​ថា ក្រោយ​ការ​ប្រឹងប្រែង​គឺ​ឃើញ​រាង​របស់​ខ្លូ​ន​ចាប់ផ្ដើម​ស្រឡាញ់​ជាង​មុន។ យ៉ាងណាមិញ លោក​ថា​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​គឺ​ត្រូវ​ប្រើ​ការ​អត់ធ្មត់ និង​ភាព​តស៊ូ ដោយសារ​តែ​ឧបករណ៍​ដែល​តម្រូវ​ឱ្យ​ហ្វឹកហាត់​ជាមួយ​សុទ្ធតែ​បណ្ដាល​ឱ្យ​ឈឺខ្លួន​ខ្លាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង ជា​ពិសេស​សម្រាប់​អ្នក​មក​ហាត់​ឈប់​ៗ​មិន​ជាប់លាប់ គឺ​រឹតតែ​ពិបាក។

ដោយឡែក សម្រាប់​លំ​ហាត់ប្រាណ​នៅ​កន្លែងស្ទី​ម លោក​ថា​ក៏​ល្អ​ម្យ៉ាងដែរ ដោយសារ​តែ​មាន​ទាំង​ទឹក​ក្ដៅ ទឹក​ត្រជាក់ និង​មាន​បន្ទប់​កំ​ដៅ​ធ្វើ​ឱ្យ​ចេញ​ញើស​បាន​ល្អ សម្រាប់​អ្នក​មិន​ចង់​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង ។ ប៉ុន្តែ​លោក​ថា​ការ​ហាត់ប្រាណ​នៅ​កន្លែង​ស្ទី​ម បាន​ត្រឹមតែ​យូរ​ៗម្ដង​ប៉ុណ្ណោះ បើ​ញឹកញាប់​ពេក​ដូច​ហាត់ប្រាណ​ក្នុង​ក្លិប ក៏​ឆាប់​ខ្សោះ​ខ្លួន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​ហាត់ប្រាណ និងកន្លែង​ស្ទី​ម​ហាត់ប្រាណ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​កំណើន ដោយសារ​អ្នក​ពេញ​និយម​ហាត់ប្រាណ និង​ចង់​បញ្ចេញ​ញើស​បែប​នេះ​មាន​ចំនួន​ច្រើន​ឡើង ដោយ​ក្លិប​ហាត់ប្រាណ​ត្រូវគេ​ឃើញ​វិនិយោគ​ស្ទើរ​គ្រប់​ទី​កន្លែង​​សូ​ម្បី​តែ​នៅ​កន្លែង​កន្លុកកន្លៀត ផ្ទះ​១​ល្វែង​ក៏​គេ​អាច​បើក​បម្រើ​អតិថិជន​បាន​ដែរ លើកលែងតែ​កន្លែង​ស្ទី​ម​ដែល​គេ​និយម​បោះទុន​តែ​នៅ​ទីប្រជុំ​ធំ​ៗ​។

ចំពោះ​តម្លៃ​ចូល​ក្លិប​ហាត់ប្រាណ​ក្នុង​មួយ​លើក​២​ពាន់​រៀល និង​បើ​ប្រើ​ម៉ាស៊ីន​ដោយ​សេរី​គឺ​មួយ​ខែ​៣០​ដុល្លារ និង​មាន​តម្លៃ​ខ្ពស់​ទាប​ជាង​នេះ អាស្រ័យ​លើ​ការ​កំណត់ ខណៈ​ដែល​តម្លៃ​ក្នុង​ការ​ស្ទី​ម​មួយ​លើក​វិញ​គឺ​៣-៤​ដុល្លារ ឬ​លើស​នេះ អាស្រ័យ​លើ​ទីតាំង និង​សេវាក​ម្ម​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ