ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ នឹង​រៀបចំ​កាន់តែ​ធំ​ជាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៧​ហើយ​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ និង​ជា​ជុំ​ទី​២ សម្រាប់​ខេត្តកោះកុង​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ​២០១៤ ប្រកបដោយ​ជោគជ័យ ។…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៧​ហើយ​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ និង​ជា​ជុំ​ទី​២ សម្រាប់​ខេត្តកោះកុង​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ​២០១៤ ប្រកបដោយ​ជោគជ័យ ។

តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា បុណ្យ​សមុទ្រ​លើក​ទី​៧​នេះ នឹង​ត្រូវធ្វើ​ឡើង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ត្រូវ​រៀបចំ​ឲ្យ​កាន់តែ​ធំ​ជាង​មុន ដោយ​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​៣០​ម៉ឺន​នាក់ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៣ សីហា នៅ​សាលាខេត្ត​កោះកុង​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក្រសួង​នឹង​ធ្វើ​ឲ្យ​ធំ និង​មាន​ភាព​អធិកអធម​ជាង​មុន​សម្រាប់​ខេត្តកោះកុង ដែល​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិធី​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ​២០១៤ ដោយ​មាន​ភ្ញៀវ​ចូលរួម​ជាង​១០​ម៉ឺន​នាក់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ លោក​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ ។

លោក ថោ​ង ខុន បាន​អះអាង​ថា ៖« ខេត្តកោះកុង មាន​តំបន់​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ដ ក្នុង​នោះ​ដូច​ជា តំបន់​កោះ​ស្ដេច តំបន់​អា​រ៉ែ​ង តំបន់​ព្រៃកោងកាង រួម​ទាំង​តំបន់​សហគមន៍​ទេសចរណ៍​មួយ​ចំនួន​ទៀត​។ ទន្ទឹម​នោះ យើង​ក៏​បាន​ឯកភាព​គ្នា​ថា នឹង​ខិតខំ​រៀបចំ​តំបន់ឆ្នេរ​ខ្សាច់​សម្រាប់​ភ្ញៀវ​ទេសចរ​ថែម​ទៀត » ។ តាម​លោក​រដ្ឋមន្ត្រី បុណ្យ​សមុទ្រ​ដែល​មាន​រយៈពេល​៣​ថ្ងៃនេះ មានកម្ម​វិធី​ច្រើន​ជាង​មុន ធំ​ជាង​មុន ជាមួយនឹង​ការ​អញ្ជើញ​ក្រុម​សិល្បៈ និង​ក្រុមកីឡា​មក​ពី​ប្រទេស​ជិតខាង ដូច​ជា ថៃ ឡាវ និង​វៀតណាម​ចូលរួម ដើម្បី​ញ៉ាំង​ឲ្យ​ពិធីបុណ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ។ លោក​ថា ៖« ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ យើង​រៀបចំ​ឲ្យ​ប្លែក និង​ធំ​ជាង​ឆ្នាំ​មុន នៅ​ត្រង់​ថា យើង​នឹង​រៀបចំ​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ដែល​បាន​លើក​ឡើង​ខាងលើ ដើម្បី​ស្រូប​ទាញ​ទេសចរ​ទៅ​កាន់​តំបន់​នោះ » ។

ទោះ​យ៉ាងនេះ​ក្ដី លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម ដែល​នឹង​ត្រូវ​រៀបចំ​ដោះស្រាយ​ឲ្យ​រួចរាល់​ផង​ដែរ ពិសេស​គឺ​ផ្លូវ​គមនាគមន៍​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​គ្រោះ​ទឹកជំនន់ ។ ក្នុង​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​សន្យា​ហើយ​ថា លោក​នឹង​ខិតខំ​ស្ដារ និង​ជួសជុល​ឲ្យ​បាន​ទាន់​មុន​ពិធីបុណ្យ​សមុទ្រ​នេះ ។

លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ដែរ​ថា ពិធី​សមុទ្រ​ឆ្នាំ​នេះ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ និង​ការ​បោះ​តង់ ជាដើម ។ ទន្ទឹម​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ផ្សព្វផ្សាយ និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំផ្ទះ​សម្បែង​រៀង​ៗ​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ផង​ដែរ ក្នុង​ករណី​ភ្ញៀវ​ចង់​ស្នាក់​នៅផ្ទះ​ប្រជាពលរដ្ឋ ។
លោក​ជំទាវ​អភិបាលខេត្ត បាន​បន្ដ​ថា ៖«​ក្រៅពី​ការ​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ពិធីបុណ្យ​នេះ អាជ្ញាធរ​ខេត្ត រួម​ទាំង​មន្ត្រី​ជំនាញ ក៏​បាន​ត្រៀម​រៀបចំ​នូវ​ក្រុម​សិល្បៈ សំខាន់​សិល្បៈ​ដែល​បង្ហាញ​នូវ​ទម្រង់​ប្រពៃណី ទំនៀមទម្លាប់​របស់​ខេត្ត ដើម្បី​ចូលរួម​សម្ដែង និង​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​ឈ្វេងយល់​ផង​ដែរ » ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​សមុទ្រ និង​ចូលរួម​ថែរក្សា​បរិស្ថាន​សមុទ្រ​ឲ្យ​បាន​ស្អាត និង​និរន្តរភាព ពិសេស​ជា​ការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ទៅ​កាន់​ពិភពលោក ឲ្យ​បាន​ស្គាល់​ច្រើន​ថែម​ទៀត ។ លោក​បន្ត​ថា ៖« ពិធី​នេះ​ក៏​ជា​ការ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​ជុំវិញ​តំបន់​នោះ ដោយ​ពួក​គេ​អាច​លក់​ផលិតផល​របស់​ពួក​គេ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ » ។ លោក​បន្ថែម​ថា ៖« វិស័យ​ទេសចរណ៍​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ការ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច ដោយ​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា សកម្មភាព​សេដ្ឋកិច្ច​បាន​បង្កើត​ឡើង​នៅ​ទីនោះ » ។

ទោះ​យ៉ាងនេះ​ក្ដី ដើម្បី​ឲ្យ​ការ​រៀបចំ​ពិធីបុណ្យ​លើក​នេះ​កាន់តែ​រលូន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ថែម​ទៀត​នោះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែនការ​សំខាន់ និង​ចាំបាច់​ចំនួន​៦​ចំណុច​ដូច​ខាងក្រោម ​៖១-​រៀបចំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៅ​ខេត្ត ដោយ​ភ្ជាប់​គោលដៅ​ទេសចរណ៍ ជាមួយ​សហគមន៍​អេកូ​ទេសចរណ៍ ពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​ឆ្នេរ​ខ្សាច់​មួយ ដើម្បី​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត ។ ២-​ពង្រឹងគុណភាព​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍ ពិសេស​សេវា​ស្នាក់​នៅ ម្ហូបអាហារ ដឹក​ជញ្ជូន និង​រមណីយដ្ឋាន​ទេសចរណ៍ ។ សំខាន់​ត្រូវ​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​។ ៣-​ការ​រៀបចំ​កែ​លម្អ និង​លើកកម្ពស់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថាន​ស្អាត និង​ការ​តុបតែង​លម្អ​នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា ពិសេស​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម និង​រៀបចំ​ទទួល​ទេសចរ ។ ៤-​ការ​ត្រៀម​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ នៅ​ខាង​ទឹកដី​ថៃ និង​ទឹកដី​កម្ពុជា តាម​រយៈ​ការ​បង្កើន​ទំនាក់ទំនង និង​កិច្ចសហការ​ដ៏​ល្អ​រវាង​កម្ពុជា​-​ថៃ ។ ៥-​ត្រៀម​រៀបចំ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ មាន​ដូច​ជា ការ​សម្ដែង​សិល្បៈ​វប្បធម៌ ការ​ហែ​ក្បួនព្យុហយាត្រា ការ​ប្រកួត​កីឡា​លើ​ទឹក លើគោក លើ​អាកាស ការ​តាំងពិព័រណ៍​ផលិតផល និង​ម្ហូបអាហារ និង​ការ​ដាំ​ដើមឈើ ជាដើម ។ ៦-​រៀបចំ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដើម្បី​សម្របសម្រួល និង​ដំណើរការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ និង​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ