ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឹ​ម គាន​ហោ ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កើត​ផល​របស់​ប្រជា​កសិករ​បន្ថែម

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក លឹ​ម គាន​ហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់ ៖ លោក លឹ​ម គាន​ហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើន​ផល​របស់​បងប្អូន​ប្រជា​កសិករ​ព្រមទាំង​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​សាងសង់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់​ទំនប់​លេខ​៣ ទំនប់​លេខ​៥ ជំហាន​ទី​២ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​-​វត្ត​លួង លោក​រដ្ឋមន្ត្រី​បាន​ទទួលយក​នូវ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន គឺ​ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ។ ការ​ខ្វះខាត​ទឹក​នេះ​មូលហេតុ គឺ​ដោយសារ​គម្រោង​កំពុង​តែ​ដំណើរការ​សាងសង់ ដូចនេះ​ទើប​មានការ​រអាក់រអួល​ក្នុង​ការ​បញ្ជូន​ទឹក​ទៅ​កាន់​ស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាត​តូច​ចំនួន​០៦​គ្រឿង សម្រាប់​បូមទឹក​ពី​ប្រឡាយ​មេ​បញ្ចូល​ទៅ​ប្រឡាយ​រង ដើម្បី​ស្រោចស្រព​ស្រែ​របស់​ប្រជាពលរដ្ឋ ។ គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់ ទំនប់​លេខ​៣ និង​លេខ​៥ ជំហាន​ទី​២ មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម​បាន​ទំហំ​ប្រមាណ​១៩.៧០០​ហិ​កតា នៅ​រដូវវស្សា និង​១០.៥០០ ហិ​កតា​នៅ​រដូវប្រាំង ហើយ​ក៏​រួមចំណែក​ផង​ដែរ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​កាត់​បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្រោម ។

ជា​រួមការ​អភិវឌ្ឍ​ស្ទឹង​ពោធិ៍សាត់ ទំនប់​លេខ​៣ និង​លេខ​៥ ជំហាន​ទី​២​នេះ នឹង​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ពេញលេញ​មួយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន អាច​ដោះស្រាយ​បញ្ហា​ទឹកបាន​មួយ​កម្រិត​ធំ ដែល​ពី​មុន​យើង​ពឹងផ្អែក​ភាគច្រើន​ទៅ​លើ​ប្រភព​ទឹកភ្លៀង​នៅ​រដូវវស្សា ។

បន្ទាប់​មក​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ដែល​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​នេះ​ត្រូវ​បាន​បែងចែក​ជា​០៣​កញ្ចប់ រួម​មាន ៖ កញ្ចប់​ទី​១- សាងសង់​សំណង់​មេ កាត់​ស្ទឹង​ពោធិ៍សាត់​ចំនួន​០១​កន្លែង ត្រង់​ចំណុច​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។ កញ្ចប់​ទី ២ – ជីក​ប្រឡាយ​មេ​០១​ខ្សែ ប្រវែង​១៦.០០០​ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ​សរុប​២៨​កន្លែង ។ កញ្ចប់​ទី​៣- ជីក​ប្រឡាយ​រង​០៤​ខ្សែ​ប្រវែង​៦៨.៩៨១​ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ​សរុប​២១៥ កន្លែង ។

នៅ​ក្នុង​ការ​សាងសង់​ជំហាន​ដំបូង​ក្រសួង​បាន​ចាប់​អនុវត្ត​នូវ​កញ្ចប់​ទី​២ គឺ​ការ​ជីក​ប្រឡាយ​មេ​០១​ខ្សែ ប្រវែង​១៦​គីឡូម៉ែត្រ​លាតសន្ធឹង​លើ​ឃុំ​ផ្ទះ​រុង ឃុំ​សំរោង ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ និង​ឃុំ​តា​លោ ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ។ ប្រឡាយ​មេ​០១​ខ្សែ​នេះ​នឹង​មាន​បំពាក់​នូវ​សំណង់​សិល្បការ​តូច​- ធំ សរុប​ចំនួន​២៨​កន្លែង ។

នៅ​ក្នុង​ការ​ពិនិត្យ​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​សាងសង់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់ ជំហាន​ទី​២ ក៏​ដូច​ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​-​វត្ត​លួង និង​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវ​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​គុណភាព និង​សោភ័ណ​ភាព​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ