រាជធានីភ្នំពេញ ៖ ឈាមជ្រូកចំនួន៤៣,៥គីឡូក្រាម ត្រូវបានមន្ត្រីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយគណៈកម្មការផ្សារច្បារអំពៅ ធ្វើការដកហូតពីអាជីវករ២នាក់ រួចយកទៅដុតកម្ទេចចោលភ្លាមៗ ក្រោយពីមន្ត្រីជំនាញពិនិត្យឃើញថា ឈាមជ្រូកទាំងនោះ មានលាយសារធាតុគីមីដែលហាមឃាត់ ។
ការចុះពិនិត្យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា នៅផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ មន្ត្រីកាំកុងត្រូលឱ្យដឹងថា ការចុះពិនិត្យមើលនៅពេលនេះ គឺដើម្បីរកមើលទំនិញឬម្ហូបអាហារណាដែលអាចមានសារធាតុគីមី ។
ដោយឡែក រាល់ទំនិញផ្សេងៗជាច្រើនទៀត ដែលមិនអាចពិនិត្យឃើញលទ្ធផលភ្លាមៗនោះ គឺក្រុមមន្ត្រីជំនាញមិនធ្វើការពិនិត្យឡើយ ព្រោះទំនិញទាំងនោះត្រូវការឆ្លងកាត់មន្ទីរពិសោធន៍ទើបអាចដឹងច្បាស់ពីលទ្ធផលពិតនៃទំនិញ ។
ក្រោយពីការពិនិត្យរួច មន្ត្រីជំនាញបានសង្កេតឃើញទីតាំងលក់ឈាមជ្រូក២កន្លែង ដែលសង្ស័យអាចមានសារធាតុគីមី ទើបសម្រេចពិនិត្យមើលដោយប្រើប្រាស់ទឹកអន្សាសម្រាប់ពិនិត្យ ។ ជាលទ្ធផលឃើញថា ឈាមជ្រូកចំនួន៤៣,៥គីឡូក្រាម នៅទីតាំងទាំង២ ពិតជាមានលាយសារធាតុគីមីខុសច្បាប់ប្រាកដមែន ។
ដូច្នេះហើយ ទើបមន្ត្រីជំនាញសម្រេចធ្វើការដកហូតឈាមជ្រូកទាំងអស់នោះ ធ្វើការដុតចោលនៅនឹងកន្លែងភ្លាមៗ និងបានឱ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរឈាមជ្រូកដែលមានលាយសារធាតុគីមីដូចខាងលើនេះបន្តទៀត បើពុំដូច្នេះទេនឹងត្រូវមានវិធានការផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ការចុះពិនិត្យទំនិញនិងម្ហូបអាហារខាងលើនេះ មន្ត្រីកាំកុងត្រូលក៏បានពិនិត្យមើលម្ហូបអាហារនិងបន្លែផ្សេងៗទៀតដែរ ប៉ុន្តែទំនិញទាំងនោះពុំមានលាយសារធាតុគីមីហាមឃាត់ដូចឈាមជ្រូកនេះទេ ។
មន្ត្រីកាំកុងត្រូល សូមអំពាវនាវដល់ក្រុមអាជីវករទាំងអស់ សូមបងប្អូនលក់តែទំនិញណា ដែលមានគុណភាពល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋទិញយកទៅបរិភោគ ចៀសវាងការលក់ដូរទំនិញដែលលាយសារធាតុហាមឃាត់ខុសនឹងច្បាប់ ព្រោះតែដើម្បីបំពេញផលចំណេញផ្ទាល់ខ្លួន ហើយមិនបានគិតពីផលអាក្រក់ដែលបំផ្លាញសុខភាពអ្នកទទួលទាន ៕
ចែករំលែកព័តមាននេះ