ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាំងនន​បើក​ហើយ លទ្ធផល​ផ្លូវការ​ថ្ងៃនេះ​បក្ស​ប្រជាជន​កម្ពុជា​បាន​អាសនៈ​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៦ បាន​ចេញ​ជា​ផ្លូវការ​ហើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៦ បាន​ចេញ​ជា​ផ្លូវការ​ហើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង ទោះបីជា​ក្រៅផ្លូវការ​ក្ដី ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​ថា តាម​ការ​សម្រេច​របស់ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែសីហា ។
លោក​អគ្គលេខាធិការ​រង គ​.​ជ​.​ប បញ្ជាក់​ថា ការ​ប្រកាស​លទ្ធផល​ផ្លូវការ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ចំនួន​៣​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​តែ​ម្តង ក្នុង​នោះ ៖ ទី​១-​លទ្ធផល​នៃ​ការ​ទទួល​បាន​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ទី​២-​ចំនួន​អាសនៈ​របស់​គណបក្ស​នីមួយ​ៗ​ទទួល​បាន និងទី​៣-​ប្រកាស​ពី​បេក្ខជន​ជាប់​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ជាមួយ​គ្នា​នេះ លោក សោម សូ​រី​ដា ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា នេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ទទួល​បាន​អាសនៈ​ឬ​កៅអី ចំណែក​គណ បក្សនយោបាយ​ចំនួន​១៩​ទៀត​មិន​បាន​ទទួល​អាសនៈ​នៅ​ក្នុង​សភា​នោះ​ទេ ។

លោក​អគ្គលេខាធិការ​រង គ​.​ជ​.​ប គូសបញ្ជាក់​ថា ៖ «​តាម​អ្វី​ដែល គ​.​ជ​.​ប សម្រេច​ពី​ព្រឹក​មិ​ញ​នេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ទទួល​បាន​អាសនៈ​១២៥ នៅ​ក្នុង​រដ្ឋសភា​» ។ចំពោះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នេះ​ដែរ ត្រូវ​បាន​លោក សោម សូ​រី​ដា ថ្លែង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បែងចែក​ទៅ​គណ
បក្សនយោបាយ​ផ្សេង​មិន​អាច​ធ្វើ​បាន​ទេ ។ លោកគូសបញ្ជាក់​ថា​៖«​ករណី​នេះ​មិន​អាច​ធ្វើ​បាន​ទេ
ចំពោះ​ការ​បែងចែក​អាសនៈ​ទៅ​ឲ្យ​បក្ស​ដទៃ តែអាច​ធ្វើ​ទៅ​បាន ក្នុង​ករណី​គណបក្ស​ប្រជាជន កម្ពុជា​ខ្វះ​បេក្ខជន​ដែល​ទទួលយក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា តែ​ចំណុច​នេះ​មិន​អាច​ខ្វះ​ទេ​» ។

លោក សោម សូ​រី​ដា បាន​លើក​ឡើង​ថា នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ចែង​ថា គណបក្ស​នយោបាយ​ណាមួយ​ទទួល​បាន​អាសនៈ​ត្រូវ​តែ​ទទួលយក​អាសនៈ គាត់​គ្មាន​សិទ្ធិ​រំលែក​អាសនៈ​ដែល​កើត​ចេញពី​ឆន្ទៈ​រាស្ត្រ​ឲ្យ​គណបក្ស​ណា​ផ្សេង​ទេ ។ លុះត្រាតែ​មាន​ករណី​ខ្លះ​នៅ​ត្រង់​ចំណុច​«​ឃ​»​ឬ​«​ង​»​នៃ​មាត្រា​១៣៥​នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ ឬ​ស្ថិត​នៅ​ក្នុង​មាត្រា​៣៨ ឬ​មាត្រា​៣៨​ផ្ទួន​នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ ឬ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​វិ​សោធន​កម្ម​នៃ​ច្បាប់​ស្តី​ពី​ជ្រើសតាំង​តំណាងរាស្ត្រ ។

ទោះជា​យ៉ាងណា​ក្តី លោក​អគ្គ​លេខាធិ​ការ​រង​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា​គណបក្សនយោបាយ​អាច​ចែក​បាន​លុះត្រាតែ​ខ្វះ​បេក្ខជន​ក្នុង​ការ​បំពេញបន្ថែម​ដើម្បី​ទទួល​បាន​អាសនៈ ហើយ​គាត់មិន​អាច​បំពេញបន្ថែម​ទើប​ចែក​ឲ្យ​បក្ស​ផ្សេង​បាន ។លោក​ថ្លែង​ថា គ​.​ជ​.​ប អាច​ធ្វើការ​បែងចែក​អាសនៈ​បាន លុះត្រាតែ​គណបក្សនយោបាយ​ណា​ដែល​មិន​ប្រកាសទទួលយក​អាសនៈ ឬ​មិន​ចូល​ប្រជុំសភា​ដើម្បី​ប្រកាស​សុពលភាព តាម
ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រនៅ​សម័យប្រជុំ​លើក​ដំបូង ឬ​ចូល​ស្បថ​ចូល​កាន់​តំណែង ។
លោក សោម សូ​រី​ដា ក៏​បាន​បង្ហាញពី​មូលហេតុ​ដែល គ​.​ជ​.​ប ប្រកាសលទ្ធផល​ផ្លូវការ​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ ខែសីហាថា ដោយសារ​តែ គ​.​ជ​.​ប រង់ចាំ​ការ​ដោះស្រាយបណ្តឹង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​រួច​សិន ។ ប៉ុន្តែ​លោក​បាន​អះអាង​ថា​ទោះបីជា​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ទាន់​ដោះស្រាយ​ចប់​ក៏ គ​.​ជ​.​ប ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា​ដែរ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណា​ង​រាស្ត្រ​នីតិកាល​ទី​៦ មាន​គណបក្ស​ន​យោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង ។ ការ​បោះ​ឆ្នោត​មាន​អ្នក​សង្កេតការណ៍​អន្ដរជាតិ​ចំនួន​២២០​នាក់ តំណាង​ឲ្យ​អង្គការ ស្ថាប័ន និង​តំណាង​ប្រទេស​ចំនួន​៥២​នៃ​ទ្វីប​ទាំង​៥​នៅ​លើ​ពិភពលោក​ចូលរួម​សង្កេតការណ៍ ។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ​នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​៨០.០០០​នាក់ មក​ពី​១០៧​ស្ថាប័ន​ចូលរួម​សង្កេតការណ៍​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ