ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​បាន​ក្តៅ​ៗ… តែ​កំពុង​ធ្វើ​ឱ្យ​ប៉ូលិស​ភ្នែក​.​ស​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ ធ្វើការ​ស្រាវ​ជ្រាវតាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ តាំងពី​យប់​ថ្ងៃ​ទី​១៣​និង​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ដែល​ជន​ទាំង​២​នាក់​នេះ​សង្ស័យ​មាន​ជាប់ពាក់ព័ន្ធក្នុង​ករណី​លួច​ចូល​ផ្ទះ​គេ​ម្នាក់ ​នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ ធ្វើការ​ស្រាវ​ជ្រាវតាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ តាំងពី​យប់​ថ្ងៃ​ទី​១៣​និង​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ដែល​ជន​ទាំង​២​នាក់​នេះ​សង្ស័យ​មាន​ជាប់ពាក់ព័ន្ធក្នុង​ករណី​លួច​ចូល​ផ្ទះ​គេ​ម្នាក់ ​នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង លួច​យក​លុយ​និង​គ្រឿងអលង្ការ​មួយកាបូប ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ ម្នាក់​ឈ្មោះ វ៉ា​ន់ រ៉ា​វ័​ន្ត អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជើងឯក សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ក្បឿង ប៉ាវ អាយុ​២៥​ឆ្នាំ ។ ពួក​គេ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​បន្លំ​ខ្លួន​ចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ គឹ​ម​ហេង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ចំណុច​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​
ទី​១៣ សីហា រួច​គាស់កកាយ​លួច​យក​លុយ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់​ដែល​ម្ចាស់​ទុក​ក្នុង​កាបូប ។
ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ វ៉ា​ន់ រ៉ា​វ័​ន្ត ក្រោយ​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ម៉ោង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ទើប​តាម​ឃាត់ខ្លួន​ឈ្មោះ ប៉ាវ និង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង ។

ជាមួយនឹង​ការ​បាត់បង់​ទ្រព្យសម្បត្តិ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ស្រង់​ពី​ជន​រង​គ្រោះ​រួម​មាន ខ្សែ​ក​ប្លា​ទី​ន​២​ខ្សែ មាន​តំលៃ​២៤៥០​ដុល្លារ​, ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​តំលៃ​១៨០០​ដុល្លារ​,​កងដៃ​ប្លា​ទី​ន​១​គូ តំលៃ​៤៥០​ដុល្លារ និង​ប្រាក់​ចំនួន​២០០០​ដុល្លារ រួម​ទាំង​ឯកសារ​គ្រួសារ និង​ឯកសារ​យានយន្ត​មួយ​ចំនួន​ផង​ដែរ ដែល​ទុក​ក្នុង​កាបូប​ជាមួយ​គ្នា ។ ដោយឡែក​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ មន្ត្រី​ជំនាញ​បាន​ឆែកឆេរ​ និង​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​ដែល​មាន​គ្រឿងអលង្ការ​ជា​ច្រើន​ប្រភេទ និង​ឯកសារ​ជា​ច្រើន​ផង​ដែរ ដែល​នៅ​ក្នុង​កាបូប​ជាមួយ​គ្នា ។

ប៉ុន្តែ​បើ​តាម​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា​ គ្រឿងអលង្ការ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ស្ទើរ​ទាំងអស់ ជា​គ្រឿង​អលង្ការ​ក្លែងក្លាយ​(​កាឡៃ​) ហើយ​ក្រៅពី​នេះ មាន​វិ​ក័យ​ប័ត្រ​លក់​គ្រឿងអលង្ការ​ចំនួន​៤,​ វិ​ក័យ​ប័ត្រ​បញ្ចាំ​គ្រឿងអលង្ការ​១,​ លុយ​ចំនួន​៩​ដុល្លារ រួម​ទាំង​ឯកសារ​យានយន្ត​មួយ​ចំនួន​ផង ដែល​ជា​របស់​ជន​រង​គ្រោះ ។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បដិសេធ​ចំពោះ​វត្ថុ​តាង​គ្រឿងអលង្ការ​ ដែល​ដកហូត​បាន​នោះ​ថា មិនមែន​ជា​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បាន​ទទួលស្គាល់​នូវ​ឯកសារ​នានា ។

តាម​ការ​ស្រង់​សំដី​ពី​ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ គឹ​ម​ហេង បាន​និយាយ​ថា គ្រឿងអលង្ការ​របស់​គាត់ ដែល​ត្រូវ​ចោរលួច​នោះ​ជា​របស់​ពិត ។ រីឯ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​ទាំងនោះ​ យក​មក​បង្ហាញ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​ ។ ព្រម​ៗ​គ្នា​នោះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ និង​ម្ចាស់​គ្រឿងអលង្ការ ជនសង្ស័យ​ទាំង​២​នាក់ ជា​ចោរ​ដែល​ទើប​លួច​បាន​ក្តៅ​ៗ ក៏​បាន​ឆ្លើយ​ដោះ​បន្ទុក​វិញ​ភ្លាម​ៗ​ដែរ​ថា ខ្លួន​មិន​បាន​ដោះ​ដូរ​គ្រឿងអលង្ការ​នៅ​ក្នុង​កាបូប​នោះ​ទេ ។ គ្រឿងអលង្ការ​និង​ឯកសារ​នានា ដែល​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច គឺជា​របស់​ដែល​មាន​ក្នុង​កាបូប​នោះ​ទាំងអស់ ខ្លួន​មិន​បាន​ដោះ​ដូរ​ទេ​គឺ​លួច​បាន​ប៉ុន្មាន​នៅ​ប៉ុណ្ណឹង ។

ជុំវិញ​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ អំពី​រឿង​ដកហូត​បាន​វត្ថុ​តាង​ក្លែង​ក្លាយពី​ក្រុម​ចោរ​ខាងលើ​នេះ បែរជា​ធ្វើ​ឱ្យ​សមត្ថកិច្ច ដែល​ចុះ​បំបែកសំណុំរឿង​នេះ​ ចង់​ភ្នែក​.ស​ទៅ​វិញ ដោយ​សារ​តែ​ម្ចាស់​គ្រឿងអលង្ការ​បដិសេធ​មិន​ទទួលស្គាល់ ។ ប៉ុន្តែ​ដោយសារ​ការ​បដិសេធ​របស់​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រាល់វិ​ក័យ​ប័ត្រ​លក់ និង​បញ្ចាំ​គ្រឿងអលង្ការ​របស់​ជន​រង​គ្រោះ​នេះ​ ដែល​គេ​សង្ស័យ​ថា អាច​ពាក់ព័ន្ធ​និង​គ្រឿងអលង្ការ​ក្លែងក្លាយ​នោះ ដែល​ជា​រឿង​អាថ៌​កំបាំង​នៅ​ក្នុង​គ្រួសារ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ទោះជា​យ៉ាងណា​ ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។ ជន​សង្ស័យ​​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​ទាំងនោះ​ពី​ក្នុងផ្ទះ​ជន​រង​គ្រោះ​នោះ​មែន ។ ពេល​នេះ​ មន្ត្រី​កំពុង​សួរនាំ​ជន​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ និង​បន្ត​ស្រាវជ្រាវ​ទៀត ដើម្បី​លុបលាង​កុំឱ្យ​ភ្នែក​.ស ៕

អត្ថបទសរសេរ ដោយ