យោងតាមការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Indiana Universityដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា រសជាតិរបស់ស្រាបៀរអាចជាមូលហេតុនៃការបញ្ចេញ Dopamineដែលជាសារធាតុគីមីផ្តល់ការសប្បាយនៅក្នុងខួរក្បាល ។
នៅក្នុងការពិសោធន៍លើបុរស៤៦នាក់ អ្នកស្រាវជ្រាវបានឱ្យពួកគេផឹកស្រាបៀរដែលពួកគេម្នាក់ៗចូលចិត្តក្នុងកម្រិតមួយយ៉ាងតិចពោលគឺល្មមតែឱ្យដឹងរសជាតិ និងមិនធ្វើឱ្យកម្រិតអាល់កុលក្នុងឈាមផ្លាស់ប្តូរឡើយ ។ ខណៈក្រុមអ្នកស្ម័គ្រចិត្តកំពុងភ្លក្សរសជាតិ ការស្គែនខួរក្បាលក៏ត្រូវបានធ្វើឡើងផងដែរ ។ ជាលទ្ធផលបានបង្ហាញថា កម្រិតសារធាតុ Dopamineនៅក្នុងខួរក្បាលក្រុមអ្នកភ្លក្សរសជាតិស្រាបៀរកើនឡើងខ្ពស់ជាងអ្នកផឹកទឹកឬភេសជ្ជៈធម្មតា ។
អ្នកដឹកនាំការស្រាវជ្រាវលោកសាស្ត្រាចារ្យ David Karekenបានថ្លែងថា៖«យើងជឿជាក់ថា នេះជាការពិសោធន៍លើមនុស្សលើកដំបូងដែលបានបង្ហាញថា ក្រេបរសជាតិភេសជ្ជៈមានជាតិស្រវឹងអាចបង្កើតសកម្មភាពសារធាតុ dopamineនៅក្នុងទីបញ្ជាការកណ្តាលរបស់ខួរក្បាល »។ ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យបានបន្ថែមថា ការរកឃើញលើកនេះមិនធ្វើឱ្យភ្ញាក់ផ្អើលណាស់ណាទេ ប៉ុន្តែវាបានរកឃើញមធ្យោបាយក្នុងការវាយតម្លៃរោគសញ្ញាញៀនស្រា ៕
ចែករំលែកព័តមាននេះ