ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនជនជាតិថៃចំនួន២នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១០នាទីយប់ ដោយទទួលបាននូវបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញការិយាល័យសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០២នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងដែរថា ក្រោយពីទទួលបានព័ត៌មានពីករណីជួញដូនូវសារធាតុញៀនខុសច្បាប់ ។ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការអនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់១-ឈ្មោះ ថៃ សំរាន (ហៅ តាឡិក) ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិសាថន សង្កាត់យ៉ាណាវ៉ា ក្រុងប៉ាងកក ២-ឈ្មោះ ភីនយ៉ៃ ធប់កែវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិ ម៣ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ និងរឹបអូសបានវត្ថុតាងរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៣ថង់កិប ស្មើ៣០៦.៤ក្រាម ទូរស័ព្ទដៃចំនួន០២គ្រឿង លិខិតឆ្លងដែនជនជាតិថៃឈ្មោះ ទេពកាសេម គេត្រាត ចំនួន០១ក្បាល កូនកាំបិតបត់ចំនួន០១ដើម ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យ (ភីនយ៉ៃ ធប់កែវ) បានសារភាពថា ខ្លួនបានជួញដូរសារធាតុញៀននេះ រយៈពេល០៤ខែមកហើយ ដោយទិញពីថៅកែម្នាក់តាមរយៈតាឡិកម្តង០២ទៅ ០៣ថង់កិប និងតាឡិកក៏ជាអ្នកជួយចែកចាយបន្តដែរ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យរួមជាមួយវត្ថុតាងជាក់ស្តែង ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយដែរ ៕
ចែករំលែកព័តមាននេះ