រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញខោអាវលួចក្លែងបន្លំផលិតនៅប្រទេសកម្ពុជាមួយកន្លែងត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញចុះឆែកឆេរបង្ក្រាបដោយរកឃើញខោអាវរ៉ូបរាបពាន់កេសដែលចៅកែជាជនជាតិចិននាំចូលមកក្លែងបន្លំដើម្បីនាំចេញទៅប្រទេសតំបន់អឺរ៉ុប ។
ការចុះបង្ក្រាបខោអាវក្លែងម៉ាកនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងលេខ៧២២ ផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក យឹម សុជាតិ ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមព័ត៌មានអោយដឹងថា ឃ្លាំងដែលត្រូវចុះឆែកឆេរមានថៅកែជាជនជាតិចិនដែលបាននាំខោអាវចូលពីប្រទេសចិន ហើយមកស្តុកទុកក្លែងម៉ាក និងក្លែងបន្លំផលិតនៅប្រទេសម្ពុជាដោយពុំមានរោងចក្ររួចនាំចេញទៅប្រទេសតំបន់អឺរ៉ុប ។
តាមនគរបាលបានអោយដឹងថា ដោយមានការស្រាវជ្រាវពីនគរបាលជំនាញអស់រយៈពេលជាយូរដោយរកឃើញថា ឃ្លាំងនោះបានលួចក្លែងបន្លំខោអាវដើម្បីនាំចេញទៅលក់នៅប្រទេសតំបន់អឺរ៉ុបដើម្បីរួចពន្ធទើបសមត្ថកិច្ចសុំគោលការណ៍ចុះត្រួតពនិត្យតែម្តង ។
តាមនគរបាលអោយដឹងទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញខោអាវរ៉ូបរាប់ពាន់កេសដែលវាយស្លាកផលិតនៅប្រទេសកម្ពុជាដើម្បីក្លែងបន្លំនាំចេញទៅលក់នៅទីផ្សារអឺរ៉ុប ។ ការឆែកឆេរអស់ជាច្រើនម៉ោងគណៈកម្មាការចម្រុះក៏បានសម្រេចធ្វើបិទទីតាំងខាងលើបណ្តោះអាសន្នដើម្បីអោយម្ចាស់យកឯកសារបង្ហាញ ៕
ចែករំលែកព័តមាននេះ