ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​គាត់​មិន​សុខចិត្ត​ទេ​…​ដោយសារ​តែ​សព​កូន​មាន​មន្ទិល​សង្ស័យ​ច្រើន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ទាំង​មាន​មន្ទិល​សង្ស័យ​ដោយ​ឯកសារ​របស់​ថៃ​បញ្ជាក់​ថា ជា​ការ​ឆក់​ចរន្តអគ្គិសនី ប៉ុន្តែ​ឱ​ពុក​ម្តាយ និង​សាច់ញាតិ​សព​សង្ស័យ​ថា អាច​ជា​អំពើរ​ឃាតកម្ម ។ ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ទាំង​មាន​មន្ទិល​សង្ស័យ​ដោយ​ឯកសារ​របស់​ថៃ​បញ្ជាក់​ថា ជា​ការ​ឆក់​ចរន្តអគ្គិសនី ប៉ុន្តែ​ឱ​ពុក​ម្តាយ និង​សាច់ញាតិ​សព​សង្ស័យ​ថា អាច​ជា​អំពើរ​ឃាតកម្ម ។

ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន ជី​ហួរ ហៅ​ភក្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​របស់​ក្រុមហ៊ុន​មួយ ក្នុង​ខេត្ត​ន​ន់​ថា​ក់បូ​រី ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​វេលា​ទាប​ភ្លឺ​ម៉ោង​ជិត​៣​ព្រឹក ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ពេល​គេ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ឯ​ក្រុង​បាងកក ។

តាម​ប្រភព​ពលករ​ម្នាក់​ដែល​ស្នាក់​នៅ​ជុំ​គ្នាដែល​ត្រូវជា​បងជីដូនមួយ​សព​ឈ្មោះ កឹ កុយ ហៅ​គុយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ប្រាប់​ថា ជន​រង​គ្រោះ​សព្វមួយដង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ខាងលើ លុះ​យប់​ថ្ងៃ​ទី​៨ ខែសីហា ខាង​ក្រុមហ៊ុន​គេ​ដឹក​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក ។

គាត់​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា មាន​គេ​ទាក់ទង​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ហើយ​គឺ​ដោយសារ​ឆក់​ចរន្ត​អគ្គី​ស​នី​ពេល​ទៅ​ធ្វើការ​ត​ម៉ាស៊ីនត្រជាក់​ឲ្យ​គេ​នៅ​ឯ​ក្រុង​បាងកក ។ ថ្វី​ត្បិត​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​មាន​លិខិតបញ្ជាក់​ពី​ខាង​ពេទ្យ​ថា ដោយសារ​ឆក់​ចរន្តអគ្គិសនី ប៉ុន្តែ​លើ​រាង​កាយ​សព​បាន​បន្សល់​នៅ​មន្ទិល​ជា​ច្រើន ដូច​ជា​លើ​ថ្ពាល់​ខាងឆ្វេង​មាន​ស្នាម​មុត​វែង​ជ្រៅ​រហូត​ដល់​ធ្មេញ​, ឆ្អឹងជំនី​ខាងឆ្វេង​មាន​ស្នាម​ជាំ​សង្ស័យ​ជា​ស្នាម​វាយ និង​ប្រឡោះ​មេជើង​ទាំង​សងខាង​ដាច់​ហើយ​ហូរ​ឈាម​ជា​ច្រើន ។

ពលករ​រូប​ដែលត្រូវជាបងជីដូនមួយនេះ​បន្ត​ថា ជា​ធម្មតា​ច្បាប់​ការងារ​ក្នុង​ក្រុមហ៊ុន​តែងតែ​តម្រូវ​ឲ្យ​កម្មករ​គ្រប់​គ្នា​ស្លៀកពាក់​ឯកសណ្ឋាន​ក្រុមហ៊ុន​ពិសេស​ស្បែកជើង​ប៉ា​តា ។ ផ្ទុយ​ទៅ​វិញ​ជន​រង​គ្រោះ​ស្លាប់​ជាមួយ​ស្បែកជើង​ភ្ទា​ត់​ធម្មតា និង​ខោអាវ​ធម្មតា​ដូច​គ្នា ។

ដោយឡែក​បុរស​ជា​ឱ​ពុក​សព​ឈ្មោះ រឿង សា​រ៉ាត់ អាយុ​៥០​ឆ្នាំ ក៏​បាន​អះអាង​តាម​ទូរស័ព្ទ​ថា​ការ​ស្លាប់​របស់​កូន​គាត់​មិន​អាច​ជា​ករណី​ឆក់​ចរន្តអគ្គិសនី​នោះ​ទេ ។ គាត់​អាច​ស្លាប់​ដោយសារ​គេ​វាយ​ធ្វើបាប​ព្រោះ​មាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​គេ​វាយ​ធ្វើបាប​ទើប​ស្លាប់ និង​ថា មិនមែន​ជា​ការ​ឆក់​ចរន្ត​អគ្គី​ស​នី​ឡើយ ។

ទាំង​ឱ​ពុក​សព​ទាំង​បុរស​ខាងលើ​លើក​ឡើង​ថា អ្វី​ដែល​ជា​មន្ទិល​មែនទែន​នោះ​គឺ​ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់​ពួក​គាត់​ទាមទារ​សួរ​រក​មេការ​មួយ​ណា​ដែល​យក​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ហើយ​ទៅ​គ្នា​ប៉ុន្មាន​នាក់ ជាមួយ​ន​ណាខ្លះ និង​សុំ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​កន្លែង​កើតហេតុ​បែរជា​គ្មាន​ការ​ឆ្លើយ​តប​ពី​ម្ចាស់​ក្រុមហ៊ុន ឬ​តំណាង​ក្រុមហ៊ុន​ដែល​ជន​រង​គ្រោះ​ធ្វើការ​ជាមួយ​ឡើយ ។

ពួក​គាត់​លើក​ឡើង​ថា បើ​ករណី​នេះ​កើតឡើង​នៅ​ស្រុក​ខ្មែរ និង​ប្តឹង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ​នៅ​ស្រុក​គេ​ពួក​គាត់​មិនដឹង​ទៅ​ពឹង​អ្នក​ណា​ឡើយ ។ ពួក​គាត់ និង​សាច់ញាតិ​បាន​ទទូច​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​កម្ពុជា​មេត្តា​ជួយ​ធ្វើការ​ស្រាវជ្រៀវ​ករណី​នេះ​ផង ព្រោះ​ពួក​គាត់​មិន​ជឿ​ថា ជា​ការ​ឆក់​ចរន្ត ព្រោះ​លើ​រាង​កាយ​សព​បន្សល់​នៅ​ស្នាម​របួស​ជា​ច្រើន និង​មាន​ឈាម​ហូរ​យ៉ាងច្រើន​ថែម​ទៀត សូ​ម្បី​តែ​អាវ​ដែល​ជន​រង​គ្រោះ​ពាក់​ជាប់​នឹង​ខ្លួន​ក៏​ប្រឡាក់​សុទ្ធតែ​ឈាម​ផង​ដែរ ។

សព​រង​គ្រោះ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​យក​ទៅ​លំនៅ​ដ្ឋា​ន​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ