ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​សមុទ្រត្រៀម​ទទួល​រង​ផល​ប៉ះពាល់​ពី​ពន្ធ

5 ឆ្នាំ មុន

រដ្ឋ​អា​ឡា​ស្កា ៖ អ្នកនេសាទ​នៅ​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ធ្លាប់តែ​ជួប​ប្រទះ​នឹង​បញ្ហា​អាកាសធាតុ​និង​រលក​សមុទ្រ ប៉ុន្តែ​ពេល​នេះ ពួក​គេ​ជួបនឹង​ឧបសគ្គ​ថ្មី​មួយទៀត គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​បាន​ទិញ​ត្រី​ពី​រដ្ឋ​អា​ឡា​ស្កា…

រដ្ឋ​អា​ឡា​ស្កា ៖ អ្នកនេសាទ​នៅ​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក ធ្លាប់តែ​ជួប​ប្រទះ​នឹង​បញ្ហា​អាកាសធាតុ​និង​រលក​សមុទ្រ ប៉ុន្តែ​ពេល​នេះ ពួក​គេ​ជួបនឹង​ឧបសគ្គ​ថ្មី​មួយទៀត គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​បាន​ទិញ​ត្រី​ពី​រដ្ឋ​អា​ឡា​ស្កា ប្រមាណ​១​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។

ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​បន្ថែម​នេះ កាលពី​ខែ​មុន ប្រទេស​ចិន​ក៏​បាន​ដាក់​ពន្ធ​២៥% លើ​គ្រឿង​សមុទ្រ​ផង​ដែរ ។

លោកស្រី Frances Leach នាយក​ប្រតិបត្តិ​នៃ​ក្រុម​ពាណិជ្ជកម្ម United Fisherman of Alaska បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​អាច​នឹង​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​វិស័យ​គ្រឿង​សមុទ្រ​របស់ រដ្ឋ​អា​ឡា​ស្កា ដែល​ជា​វិស័យ​មួយ​ផ្តល់​ការងារ​ច្រើន​ជាងគេ​ក្នុង​រដ្ឋ ។

លោកស្រី​បន្ត​ថា ៖« ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បន្ត​កើត​មាន​ឡើង អ្វី​ដែល​នឹង​កើតឡើង គឺ​ប្រទេស​ចិន​នឹង​ឈប់​ទិញ​ត្រី​ពី អា​ឡា​ស្កា » ។ រដ្ឋ​នេះ​បាន​ខិតខំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ទាក់ទាញ​ទីផ្សារ​ចិន ហើយ​កាលពី​២​ខែ​មុន លោក​អភិបាល Bill Walker បាន​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​ចិន ។

លោក Jeremy Woodrow មក​ពី​ភ្នាក់ងារ​រដ្ឋ Alaska Seafood Marketing Institute បាន​ឲ្យ​ដឹង​ថា កំណើន​តម្លៃ​ដោយសារ​ការ​ដាក់​ពន្ធ គឺ​អាច​ជំរុញ​ឲ្យ​អតិថិជន​ចិន​ងាក​ទៅ​រក​ផលិតផល​ពី​ដៃគូ​ប្រកួតប្រជែង​ផ្សេង​វិញ ដូច​ជា រុ​ស្ស៊ី ជាដើម ។

លោក​ថា ៖« ត្រី​ប្រមាណ​ពាក់កណ្តាល​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន គឺ​បាន​កែ​ច្នៃ និង​នាំ​ចេញ​បន្ត​នៅ​ទីនោះ ។ បើ​ទោះជា​រដ្ឋាភិបាល​ចិន​មិន​ដាក់​ពន្ធ​លើ​ផលិតផល​ទាំងនេះ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​លោក​ត្រាំ បាន​ស្នើ​ឲ្យ​ដាក់​ពន្ធ​ដល់​ទៅ​២៥% លើ​ផលិតផល​ដែល​រដ្ឋ​អា​ឡា​ស្កា នាំ​ចូល​ពី​ប្រទេស​ចិន​វិញ​ដដែល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ