ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​ញាំ​អី លុះ​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ខាង​ប្រុស​លេង​ខាង​ស្រី​យ៉ាង​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ភ្ជង់​ប្លន់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​ក្រោម​ធ្វើការ​ឃាត់ខ្លួន​បាន ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ពី​នារី​ម្នាក់​បាន​សម្រេច ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ភ្ជង់​ប្លន់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​ក្រោម​ធ្វើការ​ឃាត់ខ្លួន​បាន ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ពី​នារី​ម្នាក់​បាន​សម្រេច ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៨ នេះ​វិញ ។

ជនសង្ស័យ​មានឈ្មោះ ស៊ុ ភាន ហៅ​រ៉ា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវលំ ក្រុម​ទី​២១ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ( មាន​ផ្ទុក​សារធាតុ​ញៀន ) ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ពិសី អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ នៅ​ផ្សារ​តា​ខ្មៅ​ថ្មី និង​នារី​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ឌី ស្រី​នាង អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​យប់​កើតហេតុ​ថ្ងៃ​ទី​២៩ ខែកក្កដា នារី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ហៅ​ជនសង្ស័យ​ខាងលើ​ដែល​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា​ទៅ​ញាំ​អី​លេង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​ផ្សេង​ទៀត ។ កំឡុង​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃខែ​ដដែល ជនសង្ស័យ​បាន​ប្រាប់​នារី​ជា​ម្ចាស់​ម៉ូតូ​ថា រូបគេ​ដល់​ម៉ោង​ត្រូវ​ទៅ​ផ្ទះ​វិញ​ហើយ ។ ដោយពេល​នោះ​នារី​ជា​ម្ចាស់​ម៉ូតូ​បាន​ពឹង​មិត្តភក្តិ​ស្រី​ម្នាក់​ឈ្មោះ ឌី ស្រី​នាង ឲ្យ​ជួយ​ជូន​បុរស​ជា​ជនសង្ស័យ​ទៅ​ផ្ទះ​ផង ដោយ​ឲ្យ​ម៉ូតូ​ស្កុប​ពី​របស់​នាង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-7441 ជិះ​ជូន​ទៅ ។ លុះ​ពេល​ជិះ​ធ្វើ​ដំណើរ​ជូន​ដល់​ចំណុច​ផ្លូវលំ​ក្បែរ​ស្រះ​ត្រី​ដែល​ជា​ចំណុច​ផ្លូវ​ស្ងាត់ជ្រងំ​នោះ​ជនសង្ស័យ​បាន​ប្រើ​កូនកាំបិត​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ពី​នារី​ដែល​ជូន​ទៅ​ផ្ទះ​បាន​សម្រេច​ដោយ​សុវត្ថិភាព ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យឈឹង​តែ​ម្តង ។ នៅ​យប់​ថ្ងៃខែ​ដដែល​នារី​រង​គ្រោះ​ទាំង​២​នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​ប្រាប់​ពី​ភិនភាគ​របស់​ជនសង្ស័យ​ដល់​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ស្វែ​ករក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ភ្ជង់​ប្លន់​បាន​សម្រេច​ហើយ​នោះ​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ឈាន​ថ្ងៃ​ទី​៣០ ខែកក្កដា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​នារី​រង​គ្រោះ​យក​ទៅ​ទុក​ចោល​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​របស់​នាង​វិញ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តាំងពី​ពេល​នោះ​តែ​ម្តង ។ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម លោក​វុ​ឌ្ឍ ផូ​សា​រ៉ា​វ័​ន្ត ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ល្បាត​នៅ​ចំណុច​តំបន់​ស្មុគស្មាញ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ។ លុះ​កំឡុង​ពេល​ល្បាត​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ មើលទៅ​គួរ​ឲ្យ​សង្ស័យ​កម្លាំង​នគរបាល​បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ ដើម្បី​សួរនាំ ស្រាប់តែ​ពេល​ឃើញ​នគរបាល​ភ្លាម​ពួក​គេ​បាន​ព្យាយាម​រត់គេច តែ​កម្លាំង​នគរបាល​ព្យាយាម​ដេញចាប់​បាន​ម្នាក់ ដើម្បី​យក​ទៅ​សួរនាំ ។

បន្ទាប់​ពី​សាក​សួរនាំ​យ៉ាង​ល្អិតល្អន់​រួច​មក ទើប​បែកធ្លាយ​រឿង​ធ្លាប់​ប្រើ​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា កន្លង​ទៅ​តែ​ម្តង ។ ក្រោយ​ដឹង​ថា ជនសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ប្លន់​ហើយ​នោះ​នគរបាល​បាន​ទាក់ទង​ទៅ​ជន​រង​គ្រោះ​ឲ្យ​មក​មើល​ភិនភាគ ហើយ​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា ពិតជា​រូបគេ​ប្រាកដ​មែន ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ពួក​នាង កាលពី​យប់​ថ្ងៃ​ទី​២៩ កន្លង​ទៅ ។ យ៉ាងណាមិញ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក​ទ្រព្យសម្បត្តិ​របស់​នារី​រង​គ្រោះ​ដែល​មាន​ទូរស័ព្ទ​២​គ្រឿង​រួម​ជាមួយ​កាបូប​លុយ ត្រូវ​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​ប្រគល់​ជូន​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ