ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស…លើដីព្រះសីហនុ ខណៈខ្មែរមិន​ព្រហើនដល់ថ្នាក់​ហ្នឹង​ទេ​…!

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បាតុភាព​ក្រុម​ជនជាតិ​ចិន​ ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​យីហោ​ និង​ម៉ាក​ស្រី​ស្រស់​អាក្រាត​កាយ​ក្នុង​ចេតនា​ទាក់ទាញ​ភ្ញៀវ​បុរស​ៗ​ឱ្យទៅ​ត្រេកត្រអាល​រសជាតិ​ផ្លូវភេទ ពិតជា​រឿង​ខុសច្បាប់​​​ថ្មី​ មួយទៀត ​នៅ​ខេត្ត​មាត់សមុទ្រ​ខ្មែរ ស្រប​ពេល​ដែល​កំណើន​ជនជាតិ​ចិន​បាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ ។​…

ខេត្ត​ព្រះ​សីហ​នុ ៖ បាតុភាព​ក្រុម​ជនជាតិ​ចិន​ ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​យីហោ​ និង​ម៉ាក​ស្រី​ស្រស់​អាក្រាត​កាយ​ក្នុង​ចេតនា​ទាក់ទាញ​ភ្ញៀវ​បុរស​ៗ​ឱ្យទៅ​ត្រេកត្រអាល​រសជាតិ​ផ្លូវភេទ ពិតជា​រឿង​ខុសច្បាប់​​​ថ្មី​ មួយទៀត ​នៅ​ខេត្ត​មាត់សមុទ្រ​ខ្មែរ ស្រប​ពេល​ដែល​កំណើន​ជនជាតិ​ចិន​បាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ ។​ ការ​ផ្សព្វផ្សាយ​ខិតប័ណ្ណ​ជា​ចំហ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ។ ទីបំផុត​២​ថ្ងៃ​ក្រោយម​ក ក្រុម​ជនជាតិ​ចិន​៧​នាក់​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​ស្រី​ស្រស់​សាច់​សខ្ចី​ញ៉ិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ។

លោក​វរសេនីយ៍ទោ ភុល ភស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែ​នាំ ​និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ដាក់​បទបញ្ជា​ឱ្យ​តាម​ស្រាវជ្រាវ​ឃ្លាំមើល​និង​បង្ក្រាប​ឱ្យ​បាន ជនជាតិ​ចិន​ដែល​ប្រកប​របរ​ខុសច្បាប់​នៅ​កម្ពុជា ។ ដូច​ជា​កន្លង​មក​មានការ​ដើរ​ផ្សព្វផ្សាយ ចែក​ខិត្តប័ណ្ណ​មាន​រូបភាព​ទាក់ទាញ​បង្កប់​សេវាកម្ម​ផ្លូវភេទ​បែប​ពេ​ស្យាចារ ។

នៅ​យប់​ថ្ងៃ​ទី​១២ ខែសីហា កន្លង​ទៅ​នេះ នគរបាល​ខេត្ត​បាន​សហការ​គ្នា ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន ដែល​ជា​អ្នក​ដើរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​បាន​ចំនួន​៧​នាក់ និង​ដកហូត​បាន​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក ដែល​មាន​រូបភាព​ខុស​ៗ​គ្នា មាន​គោលដៅ​តែ​មួយ​គឺ​រំលេច​រូប​ស្រី​ស្អាត​សាច់​សខ្ចី ទាក់ទាញ​ក្រុម​បុរស​យ៉ាង​មាន​ប្រសិទ្ធភាព ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា ពេល​ហៅ​អ្នកជំនាញ​មក​ធ្វើការ​បកប្រែ​ភាសា​ចិន​បាន​បង្ហាញ​ពី​ខ្លឹមសារ​លើ​ខិត្តប័ណ្ណ​ទាំងនោះ​គឺ​មាន​ន័យ​ត្រឹមតែ​សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ ប៉ុន្តែ​រូបភាព ពិតជា​បាន​បង្កប់​ទៅ​ជា​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ឬ​ពេស្យាចារ ដែល​ជា​អំពើ​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​ចិន​ទាំង​៧​នាក់​នោះ យើង​បាន​ធ្វើការ​អប់រំ​រួច​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​នេះ​ទាំងស្រុង ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា ។ មានការ​កត់​សម្គាល់ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ស្រី​ស្រស់​ដែល​សរសេរ​ជា​ភាសា​ចិន និង​ដាក់​លេខ​ទូរស័ព្ទ​ទាក់ទង​ផង​នោះ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ បង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត​ដែល​ជនជាតិ​ចិន​ថ្លើមធំ ហ៊ាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​ចំហ​បែប​នេះ ។

ជាមួយនឹង​ការ​លេច​ចេញ​បាតុភាព​នេះ អាជ្ញាធរ​ខេត្ត​ក៏​កំពុង​សិក្សា​ផ្លូវច្បាប់ ដើម្បី​ចាត់វិធានការ បើ​អ្នក​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​នៅ​តាម​បណ្តា​ទីតាំង​កម្សាន្ត​នានា ខណៈ​អាជ្ញាធរ​ទើបបាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ​កាលពី​យប់ថ្ងៃ​១២ សីហា ។ វិធានការ​របស់​អាជ្ញាធរបាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ស្តី​ពី​ការ​ចែកចាយ​ខិត្តប័ណ្ណ​រកស៊ី​ផ្លូវភេទ​យ៉ាង​កក្រើក​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​អះអាង​ថា ករណី​ចែក​ខិត្តប័ណ្ណ​រកស៊ី​ផ្លូវភេទ​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ក៏​ធ្លាប់​ឃាត់ខ្លួន​អ្នក​ដើរ​ចែក​ខិត្តប័ណ្ណ​របៀប​នេះ​ពីរ​ដង​រួច​មក​ហើយ​កាលពីដើម​ឆ្នាំ​២០១៨ ។ លោកស្នងការ​នគរបាល​ខេត្ត​ដដែល​បញ្ជាក់​ថា កាលពី​៦-៧​ខែ​មុន​អាជ្ញាធរ​ក៏​បាន​ឃាត់ខ្លួន ជនជាតិ​ចិន​ជា​ច្រើន​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ​រកស៊ី​ផ្លូវភេទ​នេះ​យក​ទៅ​អប់រំ និង​ព្រមាន​កុំឱ្យ​ប្រព្រឹត្ត​ទ​ង្វើ​នេះ​ជា​ថ្មី​ទៀត ។

ចំពោះ​ករណី​ដែល​ផ្ទុះ​ឡើង​ថ្មី និង​ត្រូវ​បាន​គេ​បង្ហោះ​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ស​ប្តា​ហ៍​មុន​នេះ​ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ គូសបញ្ជាក់​ថា អាជ្ញាធរ​កំពុង​សិក្សា​ផ្លូវច្បាប់​ដើម្បី​ចាត់វិធានការ​លើ​បុគ្គល​ឬ​ក្រុម ដែល​នៅ​តែ​ផ្គើន​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ​រកស៊ី​ផ្លូវភេទ នៅ​តាម​បឹង​ហ្គា​ឡូ ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​កម្សាន្ត​នានា​ជាដើម ព្រោះ​ទ​ង្វើ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី វប្បធម៌​និង​កិត្តិយស​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​នេះ ។

កាលពី​យប់​ថ្ងៃអាទិត្យ ទី​១២ សីហា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៧​នាក់​ដែល​ប៉ុនប៉ង​សៀត​ខិត្តប័ណ្ណ​នៅ​តាម​ទ្វារ​រថយន្ត​និង​បន្ទប់​ផ្ទះសំណាក់​ជាដើម ។ ព្រម​ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​វប្បធម៌ និង​ទេសចរណ៍​ខេត្ត អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​ឃើញ​អ្នក​ចែក​ចាយ​ខិត្តប័ណ្ណ​បែប​នេះ​ឱ្យ​ជូនដំណឹង​ដល់​សមត្ថកិច្ច​ភ្លាម ។

សូម​បញ្ជាក់​ថា ខិត្តប័ណ្ណ​ដែល​មានការ​ទាក់ទាញ​ភ្ញៀវ​បុរស​ៗ​ក្នុង​ការ​រក​សេវា​ផ្លូវភេទ ត្រូវ​បាន​គេ​ចែកចាយ​ជា​សាធារណៈ​កាលពី​ស​ប្តា​ហ៍​មុន ដែល​ក្នុង​ខិត្តប័ណ្ណ​តូច​ៗ​ប៉ុន​នាមប័ណ្ណ​នោះ​មាន​ដាក់​រូបភាព​ស្ត្រី​ចិន​អាក្រាត​កាយ​សរសេរ​អក្សរ​ចិន​និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ផង​ដែរ ។កំណើន​ជនបរទេស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​ក្នុង​ខេត្ត​មាន​សក្តានុពល​មួយ​នេះ កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​កម្ពុជា តាម​រយៈ​ការ​ធ្វើ​សកម្ម​ភាព​ខុសច្បាប់​នានា ។ យ៉ាងណា​ក៏​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ពី​ជំហរ​បស់​ខ្លួន​រួច​ហើយ​ថា ស្ថានទូត​ប្រឆាំង​ដាច់ខាត​ចំពោះ​ជនជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រ​ពឹ​ត្តិ​អំពើ​ល្មើសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ប្រជាជន​ចិន​ទាំងមូល ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា ចាត់វិធានការ​តឹង​រឹង​ចំពោះ​ប្រជា​ជន​ចិន​ដែល​ប្រព្រឹត្តិ​បទល្មើស​ទាំងនោះ​និង​អំពាវនាវ​ឱ្យ​ប្រជាជន​ចិន​ទាំងឡាយ​ដែល​មក​កម្ពុជា​ត្រូវ​រក្សា​ភាព​ត្រឹមត្រូវ ស្អាតបាត​និង​ចៀសវាង​ពី​ល្បែងស៊ីសង ៕

 

អត្ថបទសរសេរ ដោយ