ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! សុទ្ធតែ​ដល់​ថ្នាក់​បំពុល​សត្វ​ឆ្កែ (មានវីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោ​.​ក​លួច​យក ម៉ូតូ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រូវ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បាន​ដល់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​១២…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោ​.​ក​លួច​យក ម៉ូតូ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រូវ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បាន​ដល់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​១២ សីហា​នេះ ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត​នេះ​ផង ។

លោក​ឈឿ​ង គឹ​ម​សុង នា​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ជា​ប្រធាន​ក្រុម កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​កម្លាំង របស់​លោក​តាម​ឃាត់ខ្លួន​បាន​នេះ​ម្នាក់​ឈ្មោះ ឆាយ រាជ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អូរ​គ្រួ​ស ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ ចិន វ៉ា​ត អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ចំរេះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។
លោក​បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំពុល​ឆ្កែ លួច​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុងភូមិ​អូរ​គ្រួ​ស ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន​នៅ​ពេល​យប់ ក្នុង​អំឡុង​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ក្រោយ​ពី​លួច​បាន​ពួក​គេ​បាន​ជិះ​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប លុះ​មន្ត្រី​ជំនាញ​ក្ដាប់​បាន​នៅ​មុខសញ្ញា​នេះ​ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ស្វាយ​លើ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ តែ​ម្ដង រួម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ អំពើ​ទុច្ចរិត​នេះ​មែន ។ ពួក​គេ​បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​ចាំ​ថ្ងៃ​ធ្វើ​សកម្មភាព​ទេ តែ​បាន​ប្រព្រឹត្ត នៅ​វេលា​រំលង​អធ្រាត្រ​ក្នុង​អំឡុង​ខែមិថុនា ។ ពេល​ធ្វើ​សកម្មភាព​ពួក​ខ្លួន​បាន​យក​សាច់​គោ ប្រឡាក់​ជាមួយ​ថ្នាំពុល​បោះ​ឲ្យ​ឆ្កែ​ស៊ី លុះ​ប៉ុន្មាន​នាទី​ក្រោយ​ដឹង​ថា ឆ្កែ​ងាប់ និង​ខណៈ​ម្ចាស់ ផ្ទះ​កំពុង​ដេក​លក់​ពួក​ខ្លួន​លបចូល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​ដែល​ទុក​នៅ​ក្បែរ សំយាបផ្ទះ​តែ​ម្ដង ។

ជន​ទុច្ចរិត​ទាំង​២​នាក់​នេះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពី​លួច​ម៉ូតូ​បាន​ពួក​ខ្លួន​ក៏​បាន ជិះ​គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់ ខ្លួន​បាន ។ ជាមួយនឹង​ការ​ចាប់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះ បើ​តាម​របាយការណ៍​របស់​កម្លាំង ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​មាន ដែក​ឆ្នៃ​សម្រាប់​កាច់​សោ​ម៉ូតូ​០១​ទូ​ណឺ​វី​ស​ចំនួន​០៣ ដង្កាប់​ចំនួន​០១ កូនសោ​សម្រាប់​ដោះ​ម៉ូតូ ចំនួន​០៥ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​បាត់ដំបង 1AD-1372 ។ ពេល​នេះ​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​ក្នុង​ខេត្តបាត់ដំបង បច្ចុប្បន្ន អំពើ​ចោរកម្ម គ្រប់​ប្រភេទ​ហាក់​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​មិន​ថា នៅ​ក្នុង​ក្រុង ឬ​នៅ​តាម​បណ្ដា​ស្រុក​នានា នោះ​ឡើយ ដែល​សកម្មភាព​ហាក់ដូចជា សញ្ញា​អាសន្ន​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ។ បើ​តាម​ការ​កត់សម្គាល់​បទល្មើស​ដែល​កំពុង​កើត​មាន​យ៉ាង កក្រើក​សព្វ​ថ្ងៃនេះ គឺ​បទល្មើស «​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ ចោរឆក់ និង​ពួក​ចោរ​គាស់​ទម្លុះ ទំលាយ​លំនៅ​ឋាន​» ខណៈ​បទល្មើស​គ្រឿងញៀន​ហាក់​កំពុង​ប្រណាំងប្រជែង​យ៉ាង​ខ្លាំង ក្លា​គ្រប់​ទីកន្លែង​ផង​ដែរ បើ​ទោះជា​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​បាន​ខ្លះ​ៗ​ក្តី ។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​សកម្មភាព​របស់​ក្រុម​ចោរ​កាច់​សោរ​លួច​ម៉ូតូ ហាក់​ធ្វើ​សកម្មភាព​ខ្លាំង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​មិន​ថា នៅ​តាម​ទី​ជនបទ ឬ​នៅ​កណ្ដាល​ទីប្រជុំជន​ឡើយ ។ រីឯ​ការ​ទប់ស្កាត់ ឬ​ការ​បង្ក្រាប​វិញ​កម្លាំង​ជំនាញ នៅ​តាម​បណ្ដា​ស្រុក​ដែល​មាន​បទល្មើស​ទាំងនោះ​ហាក់​នៅ​«​ទ្រឹង​» គ្មាន​សកម្មភាព អ្វី​ទាំងអស់​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​ដែល​គេ​មើលឃើញ​ថា គឺ​ត្រូវ​ពឹងផ្អែក​ជំនួយ​ទាំងស្រុង​ពី​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ស្នងការ​ខេត្ត​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កន្លង ទៅ​ថ្មី​ៗ​នេះ លោក​អធិការ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​បាន​រង​ការ​ស្ដីបន្ទោស​ឡើង​ស្ពឹក​មុខ ពី​សំណាក់​លោកស្នងការ​ខេត្ត​អំពី​«​ភាព​អសកម្ម គ្មាន​លទ្ធភាព​ទប់ស្កាត់ ការ​បង្ក្រាប​បទល្មើស ឬ​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​» ។ ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា លោក​អធិការ​ដែល​ឈ្ងោក​មុខ​ងើប​មិន​រួច​ខ្លាំង​ជាងគេ គឺ​លោក​អធិការ​ស្រុក​មោង​ឬ​ស្សី និង​លោក​អធិការ​ស្រុក​បាណ​ន់​តែ​ម្ដង​ដែល​ស្ទើរតែ​គ្មាន​របាយការណ៍​ស៊ើបអង្កេត​ទាល់តែ​សោះ ពេល​ឡើង​ប្រជុំ​ប្រចាំខែ​ម្ដង​ៗ ។ ជា​ពិសេស​លោក​អធិការ​ស្រុក​បាណ​ន់ ដែល​ស្រុក​នេះ​ហាក់​កំពុង​លេចធ្លោ​ជាងគេ​នូវ​បទល្មើស​«​កាច់​សោ​.​ក​លួច​ម៉ូតូ​» តែ​មិន​ដែល​បង្ក្រាប​បាន​ម្ដងណា​ឡើយ រីឯ​វិធានការ​ទប់ស្កាត់​ក៏​«​សេ​រ៉ូ​»​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ