ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ក្មេង​ប្រុស​​លួច​លុយ​ និង​សំភារ​ក្នុង​សមា​គម​ជន​ឥត​ទី​ពឹង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​​ប្រុស​ជំទង់​មា្នក់​​ត្រូវ​​ប្រធាន​សមា​គម​​ជន​ឥត​ទី​ពឹង​ ឬ​ហៅ​ថា​សមា​គម​មែក​ឈើ​ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​កំបូលពី​បទ​លួច​លុយ​របស់​ជន​ជាតិ​បរទេស​ចំនួន​៤.០០០​ដុល្លារ​ ព្រម​ទាំង​​ទូរ​ស័ព្ទ​ដៃ​ និង​សំភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

ការ​ឃាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​នោះ​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០១១ នៅក្នុង​សមា​គម​​ស្ថិត​នៅ​ក្នុង​ភូមិ​លិច​វត្ត​ សង្កាត់​កំបូល ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ ក្មេង​ប្រុស​ជំទង់​រូប​នោះ​ឈ្មោះ​សំ​ តុលា អាយុ​១៦​ឆ្នាំ ជា​ក្មេង​កំព្រា​​ស្នាក់​នៅ​ក្នុង​សមា​គម​ជន​ឥត​ទី​ពឹង​ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​កោះ​ដាច់​ សង្កាត់​កោះ​ដាច់​ ខណ្ឌឫស្សី​កែវ រាជ​ធានីភ្នំពេញ​។ ចំណែក​ឯ​​ជន​រង​គ្រោះ​ឈ្មោះ​ជែម ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជា​ជន​ជាតិ​សិង្ហ​បុរី​បាត់​លុយ​ចំនួន​៤.០០០​ដុល្លារ​ ទូរ​ស័ព្ទ​ដៃ​៣​គ្រឿង ព្រម​ទាំង​សំភារ​​ជា​ច្រើន​ទៀត។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​សិង្ហ​បុរី​នោះ​បាន​​ស្នាក់​នៅ​ក្នុងសមា​គម​​​ដើម្បី​ត្រៀម​ធ្វើ​ផ្ទះ​​ ធ្វើ​អគារ​ឱ្យ​សមា​គម​ជន​ឥត​ទី​ពឹង ហើយ​តាម​គំរោង​គឺ​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​១០​ថ្ងៃ​ទៀត​។ ដោយ​ឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​​១២ មីនា ខណៈ​បុរស​សិង្ហ​បុរី​​ដេក​លង់​លក់​នៅ​ក្នុង​សមា​គម​ហើយ​ពុំ​ដឹង​ថា​បិទទ្វារ​​ខ្ទាស់​គន្លឹះ​ ឬ​អត់​ទេ​ក៏​ត្រូវ​ក្មេង​ប្រុស​ជំទង់​​នោះ​​ចូល​ទៅ​លួច​យក​កាបូប​លុយ និង​សំភារ​អស់​គ្មាន​សល់​។ លុះ​ព្រឹក​ឡើង​​​​ដឹង​បាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​​ពុំ​មាន​នរណា​ដឹង​ថា ក្មេង​ប្រុស​ជំទង់​នោះ​គឺ​ជា​អ្នក​លួច​ឡើយ ។ ​

ប្រធាន​សមា​គម​បាន​ប្រមូល​ក្មេងៗ​ និង​អ្នក​នៅ​ក្នុង​សមា​គម​ទាំង​អស់​ទៅ​ជួប​ជុំ​គ្នា​សួរ​នាំ និង​ពិនិត្យ​មើល​ទឹក​មុខ ។ ដោយសារ​ក្មេង​ប្រុស​ជំទង់​​នោះ​ធ្លាប់​លួច​ទូរ​ស័ព្ទ​នៅ​ក្នុង​សមា​គម​​រូប​គេ​មាន​ទឹក​មុខ​ខុស​ពី​គេ​ឯង​ ទើប​ត្រូវ​ប្រធាន​សមា​គម​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្តង​។

​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់​ខ្លួន​ក្មេង​ប្រុស​នោះ​សារភាព​ពី​កំហុស​របស់​គេ​​។​ គេ​ឆ្លើយ​ថា ក្នុង​ចំណោម​លុយ​៤.០០០​ដុល្លារ​នោះ​គេ​​ចាយ​អស់​ចំនួន​១.០០០​ដុល្លារ​ហើយ​​ ឯ​លុយ​៣.០០០​ដុល្លារ​ទៀត​រូប​គេ​យក​ទៅ​លាក់​ទុក​ក្នុង​បង្គន់​។ ពេល​​ប៉ូលិស​នាំ​គេ​ទៅ​រក​លុយ​នោះ​ ​គេ​ប្រាប់​ប៉ូលិស​ថា មិន​មែន​​លាក់​ក្នុង​បង្គន់​ទេ គឺ​លាក់​នៅ​ក្នុង​គុម្ព​ឫស្សី​ជិត​សមា​គម​។ ខណៈ​ប៉ូលិស​​នាំ​គេ​ទៅ​រក​លុយ​នោះ​គេបែរ​ជា​​ប្រាប់​ប៉ូលិស​ថា មិន​មែន​នៅ​ក្នុង​គុម្ព​ឫស្សី​​ទេ គឺ​រូប​គេ​មិន​ហ៊ាន​ចាយ​ក៏​ហែក​លុយ​ចោល រួច​​បោះ​ចូល​ទៅ​ក្នុង​បង្គន់​អស់​ហើយ​។ ​ប៉ូលិស​មិន​ជឿ​​ការ​និយាយ​បែប​នោះ​ទេ ហើយ​ព្យាយាម​សួរ​ដេញ​ដោល​ទើប​គេ​​ប្រាប់​ថា លុយ​នៅ​សល់​ និង​សំភារ​ផ្សេងៗ​ រូប​គេ​​យក​ទៅ​ផ្ញើ​បង​ប្អូន​នៅ​ក្នុង​ភូមិ​សា​ឡូង សង្កាត់​កំបូល​។

ប្រភព​ដដែល​បន្ត​ថា ប៉ូលិស​តាម​ទៅ​រក​នៅ​ទី​នោះ​ទៀត ប៉ុន្តែ​ពេល​ទៅ​ដល់​​​ម្ចាស់​ផ្ទះ​​អត់​ដឹង​រឿង​អ្វី​ទាំង​អស់​គឺ​ក្មេង​ប្រុស​រូប​នោះ​និយាយ​កុហក​ និង​ធ្វើ​ចរិត​ដូច​មនុស្ស​មិន​គ្រប់​ទឹក​។ លើស​ពី​នេះ​គេ​បាន​ឆ្លើយ​ដាក់​យុវ​ជន​​២​នាក់​ទៀត​ថា ជា​អ្នក​រួម​គំនិតជាមួយ​គេ​​។ ពេល​ប៉ូលិស​នាំ​ខ្លួន​​យុវ​ជន​​២នាក់​នោះ​មក​សាក​សួរ​ ​ពួក​គេ​បដិ​សេធ​ថា អត់​បាន​ដឹង​​ឡើយ​។ ​ពេល​នេះ​​ប៉ូលិស​កំពុង​លួង​លោម​​ឱ្យ​ក្មេង​ប្រុស​នោះ​ប្រគល់​លុយ​​ឱ្យ​ម្ចាស់​ដើម​វិញ​ ប៉ុន្តែ​ពុំ​ដឹង​ថា គេ​ព្រម​ប្រគល់ ឬ​អត់​ទេ ៕