ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មារាធិរាជ​គប់​ចក្រាវុធ​សំដៅ​ទៅ​បំណង​កាត់​សីសៈ​ព្រះ​ពោធិសត្វ

5 ឆ្នាំ មុន

ខណៈ​ព្រះ​ពោធិសត្វ​កំពុង​គង់នៅ​លើ​រតន​បល្ល័ង្ក​ហៀបនឹង​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ទៅ​ហើយ គ្រានោះ វសវត្តី​មារ​អ្នកមាន​អំណាច​លើ​សត្វលោក​ទាំងអស់​បាន​ប្រជុំ​ពល​មារ​របស់​ខ្លួន​ហើយ​បញ្ជា​ថា ពួក​លោក​ចូរ​និម្មិត​ខ្លួន​ជា​ភេទ​ប្លែក​ៗ គួរ​ឲ្យ​ខ្លាច​កាន់​អាវុធ​ផ្សេង​ៗ​ក្នុង​ដៃ ហើយ​នាំ​គ្នា​ចូល​ទៅ​រក​ព្រះ​សិទ្ធត្ថ​ឲ្យ​ដូច រលក​ហូរ​ចូល​ទៅ​។ ចំណែក​វសវត្តី​មារ​ខ្លួនឯង ជិះ​ដំរី​មេខលា ដែល​មាន​កម្ពស់​១៥០​យោជន៍…

ខណៈ​ព្រះ​ពោធិសត្វ​កំពុង​គង់នៅ​លើ​រតន​បល្ល័ង្ក​ហៀបនឹង​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ទៅ​ហើយ គ្រានោះ វសវត្តី​មារ​អ្នកមាន​អំណាច​លើ​សត្វលោក​ទាំងអស់​បាន​ប្រជុំ​ពល​មារ​របស់​ខ្លួន​ហើយ​បញ្ជា​ថា ពួក​លោក​ចូរ​និម្មិត​ខ្លួន​ជា​ភេទ​ប្លែក​ៗ គួរ​ឲ្យ​ខ្លាច​កាន់​អាវុធ​ផ្សេង​ៗ​ក្នុង​ដៃ ហើយ​នាំ​គ្នា​ចូល​ទៅ​រក​ព្រះ​សិទ្ធត្ថ​ឲ្យ​ដូច រលក​ហូរ​ចូល​ទៅ​។ ចំណែក​វសវត្តី​មារ​ខ្លួនឯង ជិះ​ដំរី​មេខលា ដែល​មាន​កម្ពស់​១៥០​យោជន៍ និមិត្ត​ដៃ ១០០០ កាន់​អាវុធ​នានា ហើយ​តម្រង់​មក​រក​ព្រះ​ពោធិសត្វ​។ ចំណែក​បរិស័ទ​របស់​ខ្លួន​កាន់​យក​អាវុធ​ផ្សេង​ៗ​គ្រប់​ដៃ​មាន​ដាវ កាំបិត ព្រួញ និង​លំពែង​ជាដើម ពាក់​ភួង​ពស់ យក​មាត់​បៀម​ពិស ផ្លុំភ្លើង ចេញពី​មាត់ មាន​កាយ​អាក្រាត សម្បុរ​កខ្វក់​និម្មិត​ភេទ​ផ្សេង​ៗ ដូច​ជា តិរច្ឆាន ប្រេត មាន​តែ​គ្រោងឆ្អឹង​ជាដើម ធ្វើ​រូប​ប្លែក​ៗ​គួរ​ឲ្យ​ខ្លាច​ទៅ​ឡោម​ព័ទ្ធ ជុំវិញ​ព្រះ​ពោធិសត្វ​។

កាល​វសវត្តី​មារ​ចូល​ទៅ​ជិត​ព្រះ​បរម​ពោធិសត្វ​យ៉ាងនេះ​ហើយ ទេវតា​ទាំងឡាយ មាន​សក្កទេវរាជ ព្រះព្រហ្ម​ជាដើម សូ​ម្បី​ត្រឹម​១​អង្គ​ដែល​អាច​ស្ថិត​នៅ​ទីនោះ​ក៏​មិន​មាន​ឡើយ នាំ​គ្នា​រត់​ចេញ​ទៅ​ទី​ដទៃ​ៗ​យក​តែ​ប្រាស​អាយុ​រៀង​ៗ​ខ្លួន​។ ក្នុង​គ្រានោះ មារ​បាន​បណ្ដាល​ជា​ភ្លៀង​៨ ប្រការ ដើម្បី​ញ៉ាំង​ភ័យ​ឲ្យ​កើតឡើង​ដល់​ព្រះ​ពោធិសត្វ​គឺៈ

១-​បណ្ដាល​ឲ្យ​កើត​ខ្យល់ព្យុះ​ដែល​មាន​សន្ទុះ​យ៉ាង​ខ្លាំង អាច​បក់​បោក​ដើមឈើ​ឲ្យ​រលំ បក់​ថ្ម​ឲ្យ​ប៉ើង អាច​បណ្ដាល​ឲ្យ​របើក​ដំបូលផ្ទះ​ដែល​មាន​កំពូល​បាន តែ​មិន​អាច​ធ្វើ​សូ​ម្បី​ត្រឹមតែ​ជាយ​ចីវរ ព្រះ​ពោធិសត្វ​ឲ្យ​កម្រើក​បាន​ឡើយ ។

២-​បណ្ដាល​ឲ្យ​កើត​ធ្លាក់​គ្រាប់​ភ្លៀង​ធំ​ៗ មក​លើ​ព្រះ​ពោធិសត្វ តែ​មិន​អាច​ធ្វើ​សូ​ម្បី​ឲ្យ​ទទឹក​ជាយ​ចីវរ ព្រះ​ពោធិសត្វ​បាន​ឡើយ ។

៣-​បណ្ដាល​ឲ្យ​កើត​ភ្លៀងរ​ភ្លើង​ថ្ម ដែល​មាន​កម្ដៅ​ដ៏​ក្តៅ​រាប់​ម៉ឺន​អង្សា​ធ្លាក់​ចុះ​មក​លើ ព្រះ​ពោធិសត្វ តែ​រងើកភ្លើង​ថ្ម​នោះ​ក្លាយទៅជា​កម្រងផ្កា​ទៅ​វិញ​។

៤-​បណ្ដាល​ឲ្យ​កើត​ភ្លៀង​អាវុធ​មុខ​មួយ អាវុធ​មុខ​ពីរ មាន​សរ លំពែង និង​ដាវ​ជាដើម ធ្លាក់​ចុះ​ពី​ព្ធ​ដ៏​អាកាស មក​លើ​ព្រះ​ពោធិសត្វ តែ​ក្លាយទៅជា​ភួងផ្កា​ម្លិះ​ជាដើម រោយរាយ​ធ្លាក់​ចុះ​មក​វិញ​។

៥-​បណ្ដាល​ឲ្យ​កើត​ភ្លៀង​អណ្ដាតភ្លើង ធ្លាក់​ចុះ​ពី​អាកាស មក​លើ​ព្រះ​ពោធិសត្វ ស្រាប់តែ​ក្លាយជា​លម្អិត​ខ្លឹមចន្ទន៍​ធ្លាក់​ចុះ​មក​វិញ ។

៦-​បណ្ដាល​ឲ្យ​ភ្លៀង​ខ្សាច់​ក៏​ក្ដៅ​គគុក​ធ្លាក់​ចុះ​មក ក៏​ក្លាយទៅជា​កេសរផ្កា​ធ្លាក់​ចុះ​មក​វិញ​។

៧-​បណ្ដាល​ឲ្យ​កើត​ភ្លៀង​ភក់​ធ្លាក់​ចុះ​មក ភ្លៀង​ភក់​នោះ​មាន​កម្ដៅ​យ៉ាង​ស្រាប់តែ​ក្លាយទៅជា​ភក់​មាន​ក្លិនក្រអូប​ទៅ​វិញ ។

៨-​បណ្ដាល​ឲ្យ​កើត​គប់​ភ្លើង​ជា​ច្រើន​ធ្លាក់​ចុះ​មក កម្ទេច​ភ្លើង និង​ផ្សែងភ្លើង​ពាសពេញ​អាកាស រន្ទះបាញ់​លាន់ឮ​កក្រើករំពើក ញាប់​ញ័រ​ពេញ​អាកាសា ក្លាយទៅជា​គ្រឿង​សក្ការបូជា​ដ៏​ប្រណី​តទៅ​វិញ ។

កាល​មារាធិរាជ​មិន​អាច​ធ្វើ​អ្វី​ចំពោះ​ព្រះ​ពោធិសត្វ​បាន ក៏​មាន​បំណង​ចូល​ទៅ​កាត់​ព្រះ​សីសៈ​ព្រះ​មហា​បុរស ទើប​ចាប់​ចក្រាវុធ​គប់​សំដៅ​ទៅ​រក​ព្រះ​អង្គ ស្រាប់តែ​អាវុធ​នោះ​បាន​ធ្លាក់​ចុះ​ជិត​ព្រះបាទ ដូច​ជា​សំពត់​ជូត​ព្រះបាទ​ព្រះ​អង្គ​ទៅ​វិញ​។ ព្រះ​ពោធិសត្វ​សម្លឹង​មើល​មារ និង​សេនា​របស់​មារ​ដោយ​មេត្តាចិត្ត ប្រៀប​ដូច​បិតា​សម្លឹង​មើល​មុខ​បុត្រ ។

គ្រានោះ​ព្រះ​ពោធិសត្វ​ពោល​ចំពោះ​មារ​ថា ម្នាល​មារ​ល្ងង់​អ្នកឯង​មិនដឹង​ខ្លួនឯង​ជា​ទោសៈ​របស់​យើង​សោះ​។ អ្នកឯង​ជិះ​ដំរី​មេខលា មាន​សេនា​ដ៏​ច្រើន​មាន​បំណង​ចង់​ឲ្យ​យើង​ឃ្លាត​ចាក​ទី​នេះ អ្នកឯង​មិន​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចាក​បល្ល័ង្ក​នេះ​បាន​ឡើយ ។

ខណៈនោះ ផែនដី​ដ៏​ធំ​នេះ​ក៏​កក្រើករំពើក​ញាប់​ញ័រ មាន​សំឡេង​លាន់ឮ​កឹ​កក​ង​ពេញ​អាកាស ផ្គរ​រន្ទះ​ក៏​លាន់ឮ​ឡើង ដូច​ជា​គ្រប​សង្កត់​ភ្នំ​ទាំង​៧​។ ផ្ទៃ​ចក្កវាឡ​ទាំងមូល​ក៏​លាន់ឮ​ឡើង​កក្រើក​អាកាសា​បណ្តាល​ឱ្យ​វសវត្តី​មារ​ស្ថិត​នៅ​ក្នុង​រវាង​ផែនដី និង​អាកាស​ភិតភ័យ​ក៏​គ្រវែង​អាវុធ ១០០០ ចោល​ក្នុង​ទីនោះ ហើយ​គេច​ចេញ​បាត់​តែ​ម្តង ។