ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ធានា​ដល់​វិនិយោគិន សម្រាប់​ច្រករបៀង EEC

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ឧស្សាហកម្ម​របស់​ប្រទេស​ថៃ លោក Uttama Savanayana បាន​ធានា​ដល់​វិនិយោគិន​ជប៉ុន​ថា គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​រដ្ឋាភិបាល​ថៃ…

ទីក្រុង​បាងកក ៖ រដ្ឋមន្ត្រី​ឧស្សាហកម្ម​របស់​ប្រទេស​ថៃ លោក Uttama Savanayana បាន​ធានា​ដល់​វិនិយោគិន​ជប៉ុន​ថា គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​រដ្ឋាភិបាល​ថៃ នឹង​នៅ​តែ​បន្ត​ទៀត បើ​ទោះជា​មាន​រដ្ឋាភិបាល​ថ្មី​ឡើង​គ្រប់គ្រង​នៅ​ឆ្នាំ​ក្រោយ​ក្តី ។

លោក​ឲ្យ​ដឹង​ទៀត​ថា វិនិយោគិន​ជប៉ុន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ និង​បង្កើន​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​ច្រករបៀង EEC នេះ ។ គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន គឺជា​វិនិយោគិន​បរទេស​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ថៃ អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ ។

លោក Uttama Savanayana មាន​ប្រសាសន៍​ថា ៖« គម្រោង EEC បាន​ផ្តល់​អត្ថ​ប្រយោជន៍​​សេដ្ឋកិច្ច​ដល់​ប្រទេស​ថៃ និង​អាស៊ាន ហើយ​រដ្ឋាភិបាល​ថៃ​ជឿជាក់​ថា គម្រោង​នេះ​នឹង​រក្សា​ទុក បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​ឡើង​គ្រប់គ្រង​»​។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្ថាបនា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជប៉ុន ក្រោម​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​ថៃ (JTEPA) ។

លើស​ពី​នេះ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ក្រសួង​ឧស្សាហកម្ម​បាន​ចូលរួម​សិក្ខាសាលា​មួយ ស្តី​ពី​គម្រោង EEC សម្រាប់​វិនិយោគិន​ជប៉ុន ដោយ​មានការ​ចូលរួម​ពី​អង្គការ​ពាណិជ្ជកម្ម​បរទេស​ជប៉ុន (Jetro) និង​សភាពាណិជ្ជកម្ម​ជប៉ុន​ផង​ដែរ ។

លោក Uttama Savanayana បាន​បន្ថែម​ថា ទស្សនវិស័យ​វិនិយោគ​របស់​ប្រទេស​ថៃ​មាន​ភាព​វិជ្ជមាន ព្រោះ​រដ្ឋាភិបាល​បាន​ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ និង​ជំរុញ​ជំនឿ​ចិត្ត​វិនិយោគិន​ទៀត​ផង ។

យោង​តាម​គណៈកម្មាធិការ​វិនិយោគ (BoI) បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ជប៉ុន​មក​កាន់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៧ គឺ​ស្មើ​ប្រមាណ​៣,៧​ប៊ី​លាន​ដុល្លារ (១២៣​ប៊ី​លាន​បាត​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ