ការរស់នៅក្នុងសង្គមជនគ្រប់រូបគប្បីញុំាងជីវិតរបស់ខ្លួនឱ្យមានប្រយោជន៍ មានតម្លៃទាំងផ្នែកសាសនាផង និងសង្គមជាតិផង។ គួរធ្វើយ៉ាងណាដើម្បីញុំាងជីវិតរបស់ខ្លួនឱ្យមានតម្លៃ មានប្រយោជន៍ ?
បើជាអ្នកបួសលោកបានបំពេញការសិក្សាក្បួនច្បាប់តាមមាគ៌ាព្រះពុទ្ធសាសនាឱ្យបានចេះដឹងហើយ បានប្រតិបត្តិតាមការចេះដឹងនោះផង និងបានបំពេញមុខងារតាមតួនាទីរបស់បព្វជិតផង ដើម្បីញុំាងប្រយោជន៍ឱ្យដល់មនុស្សទូទៅពោលគឺ មិនប្រព្រឹត្តខ្ជះខ្ជាយពេលវេលា ខ្ជិលច្រអូស រៀនមន្តអាគម ធ្វើពេទ្រ ធ្វើហ្ម ស្រោចទឹក ចងខ្សែ ចារយ័ន្តបោកប្រាស់អ្នកដទៃ ដែលជាអំពើប្រាសចាកធម៌វិន័យមិនសមជាបព្វជិតឡើយ។
ពិតណាស់ជីវិតដែលមានតម្លៃនោះ គឺពុំមែនទាល់តែរស់នៅលើគំនរមាសប្រាក់ ទ្រព្យសម្បត្ត យសស័ក្តិឋានខ្ពង់ខ្ពស់ទើបមានតម្លៃនោះទេ បញ្ហាដែលសំខាន់ជាងនេះគឺគប្បីអប់រំកាយ វាចា ចិត្ត ឱ្យប្រកបដោយគុណធម៌ ចរិយាធម៌ ជាធម្មិកជន និងបានបំពេញតួនាទី ជាមនុស្សដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់រូប ។
បើជាគ្រហស្ថវិញ គ្រហស្ថនោះមានចិត្តប្រកបដោយមនុស្សធម៌ មានប្រាជ្ញាស្គាល់ការខុសត្រូវ ជ្រៅរាក់ ចេះសម្របខ្លួនក្នុងសង្គម មិនប្រព្រឹត្តច្រងេងច្រងាងកោងកាច អុងអាត់ លើកកម្ពស់ខ្លួន មើលងាយអ្នកដទៃ ដែលផ្ទុយនឹងច្បាប់លោក ផ្លូវធម៌ ទាំងបានបំពេញប្រយោជន៍ដល់ប្រទេសជាតិ ដល់សាសនា ដល់ខ្លួន ដល់គ្រួសារ និងដល់សាធារណជនផង ដោយកម្លាំងកាយ វាចា ចិត្ត និងកម្លាំងទ្រព្យតាមដែលអាចប្រព្រឹត្តទៅបាន ។
ការរស់នៅបែបនេះទោះជាក្រហស្ថក្តី បព្វជិតក្តីឈ្មោះថាជាជីវិតរស់នៅប្រកបដោយប្រយោជន៍ពិតៗ ព្រោះសប្បុរសជនទាំងនោះគេបានបំពេញកិច្ចការដ៏មានប្រយោជន៍ដល់សង្គមជាតិ ដល់សាសនា ហើយស្នាដៃទាំងអស់នេះជាមហាកុសល ជាស្បៀង ជាកំណប់ ទ្រព្យអាចជូនផលដល់ខ្លួនគេវិញឱ្យបានសុខទាំងក្នុងលោកនេះ និងទៅលោកខាងមុខជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ