តាម​ពិត​គាត់​ប្រកប​មុខរបរ​នេះ​សោះ​ទើប​រីក​ចម្រើន​ក្នុង​គ្រួសារ​(​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​កសិករ​មួយ​គ្រួសារនេះ​មាន​ជីវភាព​រស់នៅ​សមរម្យ បន្ទាប់​ពី​បាន​ប្រកប​មុខរបរ​ធ្វើ​ចម្ការ​ដាំ​ដំណាំ​មៀន​ចំនួន​៦៩០​ដើម​ក៏​បាន​ប្រមូល​ផល​ចំនួន​៣​ដង​មក​ហើយ​ដែរ ដោយ​អាច​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​រស់នៅ​ប្រចាំ​ថ្ងៃ និង​អាច​ឱ្យ​កូន​សិក្សា​រៀនសូត្រ​រហូត​ដល់​សកល​វិទ្យាល័យ ព្រមទាំង​អាច​សន្សំ​លុយកាក់ ទុក​សម្រាប់​សង់ផ្ទះ​ថ្ម​១​ខ្នង​ថែម​ទៀត​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សាំ ស៊ី​ដា អាយុ​៥០​ឆ្នាំ ប្តី​ឈ្មោះ វ៉ា​ន់ វិចិត្រ អាយុ​៥៥​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​រស់នៅ​ក្នុង​ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ជាប់​នឹង​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​គាត់​បាន​ដាំ​ដំណាំ​មៀន​ជិត​៧០០​ដើម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​បាន​ប្រមូល​ផល​ម៉ៅ​លក់​ឱ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ ភ័​ណ រស់នៅ​ខេត្ត​ប៉ៃលិន​ចំនួន​៣​ឆ្នាំ​មក​ហើយ​ដែរ ។ គាត់​បន្ត​ទៀត​ថា នៅ​ឆ្នាំ​ទី​១​គាត់​ម៉ៅ​បាន​ថ្លៃ​ត្រឹម​២០០០​ដុល្លារ​ប៉ុណ្ណោះ ព្រោះ​ទើប​ផ្លែ​តិចតួច ហើយ​ឆ្នាំ​ទី​២ គាត់​ម៉ៅ​បាន​ចំនួន​៥០០០​ដុល្លារ​លើស​ឆ្នាំ​មុន​បន្តិច រីឯ​នៅ​ឆ្នាំ​ទី​៣​នេះ​គាត់​ម៉ៅ​បាន​រហូត​ដល់​៦២៥០​ដុល្លារ​ឯណោះ ដោយសារ​តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដើម​មៀន​កាន់តែ​ធំ​ផ្លែ​ក៏​កាន់តែ​ច្រើន ហើយ​មើលទៅ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​គាត់​នឹង​ម៉ៅ​លក់​ផ្លែ​ឱ្យ​បាន​ថ្លៃ​ជាង​ឆ្នាំ​នេះ​ផង​ដែរ ។

គាត់​បញ្ជាក់​ថា គាត់​បាន​ទិញ​ផ្លែ​មៀន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​ដោយ​ហូប​សាច់​រួច​យក​គ្រាប់​វា​ទៅ​បណ្តុះ​ដាំ​នៅ​ក្នុង​ដីចម្ការ​ក្រោយ​ផ្ទះ​របស់​ខ្លួន ហើយ​ក៏​ចាប់ផ្តើម​ថែទាំ​ដាក់​ជី​លាមក​សត្វ​មាន់ សត្វ​គោ និង​ផេះ​រហូត​ដល់​បាន​៣​ឆ្នាំ​ទើប​មៀន​ចាប់ផ្តើម​ផ្លែ​ជា​បណ្តើរ​ៗ​ម៉ៅ​លក់​តែ​ម្តង ។ ការ​ដាំ​មៀន​នេះ​មិន​មានការ​លំបាក​ថែទាំ​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​ស្រោច​ទឹក​នៅ​រដូវ​រាំង​ស្ងួត​ហួតហែង​ប៉ុណ្ណោះ ហើយ​ពេល​ដែល​មៀន​ចាប់ផ្តើម​ផ្លែ​គាត់​មិន​បាន​ប្រើ​ជីគីមី​អ្វី​នោះ​ដែរ ដោយ​គ្រាន់តែ​បាញ់ថ្នាំ​ការពារ​សត្វ​ដង្កូវ​មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

លើស​ពី​នេះ​ដោយសារ តែ​ការ​ប្រកប​មុខរបរ​ដាំ​មៀន​លក់​នេះឯង​ដែល​ធ្វើ​ឱ្យ​គាត់​អាច​សល់​លុយកាក់​សម្រាប់​ផ្គត់ផ្គង់​ដល់​កូនប្រុស​របស់​ខ្លួន​ម្នាក់​រៀនសូត្រ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ជិត​បញ្ចប់​ចូល​ធ្វើការ​ងារ​ហើយ ក៏​អាច​ឱ្យ​គាត់​យក​ទៅ​ទិញ​ឥ​វ៉ា​ន់​លក់​ចាប់ហួយ​នៅ​ក្នុងផ្ទះ​រួម​ផ្សំគ្នា​ទៅ​សល់​ប្រាក់​អាច​សង់​ផ្ទះថ្ម​១​ខ្នង ស្នាក់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ផង​ដែរ ។

ចំណែក​ឈ្មួញ​ម្នាក់​ឈ្មោះ ចែ ភ័​ណ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ដែរ​ថា ផ្លែ​មៀន​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ខ្ពស់​ដោយ​១​គីឡូក្រាម​អាច​លក់​បាន​៦​ទៅ​៧​ម៉ឺន​រៀល​ដែរ​ពោល គឺ​មិន​ធ្លាក់​ថ្លៃ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​គាត់​ដើរ​ម៉ៅ​នៅ​ក្នុង​ចម្ការ​នៅ​តាម​ព្រំដែន​ខេត្តបាត់ដំបង ប៉ៃលិន ដោយ​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​នានា​ក្នុង​ខេត្ត ក៏​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទិញ​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ដែរ ។ គាត់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ភាគច្រើន គេ​ចូល​ចិត្ត​បរិភោគ​ផ្លែ​មៀន​ជាង​តា​ង៉ែ​ន​ព្រោះ​ក្រអូប ហើយ​ឈ្ងុយ​ឆ្ងាញ់​ថែម​ទៀត​ផង ។ លើស​ពី​នេះ​ផ្លែ​មៀន​ស្រួល​លក់​ជាង​ផ្លែ​តា​ង៉ែ​ន​ព្រោះ​វា​ធំ​ៗ​ថ្លោស​ល្អ មើលទៅ​គួរ​ឱ្យ​ចង់​ហូប​ទោះបីជា​គ្រាប់​មៀន​ធំ​ជាង​គ្រាប់​តា​ង៉ែ​ន​បន្តិច​ក៏​ដោយ ។

គាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បន្ត​ដាំ​ដំណាំ​មៀន​នេះ​ឱ្យ​គាត់​តែ ច្រើន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន ការ​ដាំ​ដំណាំ​មៀន មាន​តិច​ជាង​ដំណាំ​តា​ង៉ែ​ន ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ដាំ​តាំងពី​តូច​រហូត​ដល់​ប្រមូល​ផល គឺ​មិនសូវ​ខ្វះ​ទីផ្សារ​លក់ដូរ​នោះ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ