ខេត្តបាត់ដំបង ៖ ស្ត្រីវ័យ៤៩ឆ្នាំម្នាក់ដែលគេសង្ស័យថា មានវិបត្តិគ្រួសារ បានធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនឯងនឹងពំនូកចំបើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៣ មីនា នៅខាងក្រោយផ្ទះស្ថិតក្នុងក្រុមទី៥ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។ មន្ត្រីនគរបាលមូលដ្ឋានដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុនិយាយថា ស្ត្រីដុតខ្លួនឯងនេះឈ្មោះច្រម លួត និងប្តីរបស់គាត់ឈ្មោះចាន់ ណែម អាយុ៥២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស៣ ស្រី១)។ ស្ត្រីរូបនេះបានរុលចូលក្នុងគំនរគល់ជញ្ជ្រាំងដែលគាត់ដឹកមកទុកជាគំនរខាងក្រោយផ្ទះបំរុងបណ្តុះផ្សិតរួចក៏ដុតខ្លួនឯងតែម្តង ហើយកូនក្មេងបានប្រទះឃើញនៅពេលភ្លើងរលត់ ដោយឃើញរូបគាត់ស្លាប់ខ្លោចរួញក្រញង់។
ស្វាមីស្ត្រីរូបនេះ គឺលោកចាន់ ណែម បាននិយាយថា ប្រពន្ធរបស់គាត់ហាក់ដូចជាមានវិបត្តិផ្លូវចិត្តនាពេលកន្លងមក។ គាត់និយាយថា ប្រពន្ធគាត់បានដុតសម្លាប់ខ្លួនឯងក្នុងខណៈដែលរូបគាត់ដើរទៅទិញម្ហូប ហើយកូនៗមិននៅ
ទៀត។ គាត់បានបញ្ជាក់ថា នេះជាការប៉ុនប៉ងធ្វើអត្តឃាតចុងក្រោយ បន្ទាប់ពីប៉ុនប៉ងបែបនេះច្រើនលើកច្រើនសារមកហើយមិនបានសម្រេចដោយសាររូបគាត់ជួយទាន់។ លោកចាន់ ណែម បានបញ្ជាក់ថា រូបគាត់ និងភរិយាធ្លាប់ប៉ះទង្គិចពាក្យសំដីគ្នាតិចតួចច្រើនលើកច្រើនសាកន្លងមកហើយ។ ម្យ៉ាងទៀតភរិយាគាត់ហាក់ដូចជាតូចចិត្តនឹងសាច់ញាតិនៅបរទេសផ្តាច់ទំនាក់ទំនងផង ក៏បង្កទៅជាវិបត្តិក្នុងគ្រួសារ។ ប៉ុន្តែពេលខ្លះភរិយាគាត់ហាក់ដូចជាកំរោលចូលដូច្នេះដែរ ទើបសំរេចធ្វើអត្តឃាតចោលគាត់។
អ្នកភូមិនិយាយថា គេសង្កេតឃើញស្ត្រីរងគ្រោះស្ថិតក្នុងសភាពមិនសូវនិយាយស្តីប្រហែលជាង១សប្តាហ៍ហើយ និងពេលខ្លះគេឮសំឡេងគាត់និយាយផ្តេសផ្តាសស្តាប់មិនយល់ លុះនៅព្រឹកថ្ងៃទី១៣ មីនា ស្រាប់តែស្ត្រីរូបនេះសម្លាប់ខ្លួនតែម្តង។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យ និងស្រាវជ្រាវរកពីមូលហេតុពិតប្រាកដ។ មន្ត្រីសមត្ថកិច្ចនិយាយថា គេឃើញដែកកេះ១នៅក្បែរគំនរភ្លើងដែលគេសង្ស័យថា ស្ត្រីរងគ្រោះអាចប្រើដែកកេះនេះដុតគំនរជញ្ជ្រាំងនៅពេលដែលគាត់រុលចូលទៅក្នុងគំនរគល់ជញ្ជ្រាំងដ៏ធំនេះ ៕



ចែករំលែកព័តមាននេះ