ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកជន​ពិសេស​អង្គការយូណេស្កូ​​​អញ្ជើញ​​ចូលបង្គំ​គាល់​ព្រះមហាក្សត្រ​​កម្ពុជា និង​សវនាការ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកកូអ៊ី​ជីរ៉ូ​ ម៉ាត់​ស៊ូ​រ៉ា បេសក​ជន​ពិសេស​អង្គការ​យូណេស្កូ ​បានអញ្ជើញ​​​ចូលក្រាប​បង្គំ​គាល់​​ និងស​វនាការ​ជាមួយ​ព្រះ​មហាក្សត្រ​​​​​កម្ពុជា ​ព្រះ​បរម​នាថ ​នរោត្តម ​សីហមុនី នៅឯ​ព្រះបរម​រាជ​វាំង ​នាព្រឹក​ថ្ងៃទី​​១ មីនា ​២០១១ នេះ ដើម្បី​សំណេះសំណាល​​លើ​សភាព​ការណ៍​​​ផ្សេងៗ ​និងការ​អភិវឌ្ឍរបស់​ប្រទេស​កម្ពុជា ព្រមទាំង​​បញ្ហា​បេតិ​កភណ្ឌ​ផង​ដែរ ។​

សូមបញ្ជាក់​​ថា ​ចាប់ពីថ្ងៃទី​​​២៧ ដល់ថ្ងៃទី​​​១ មីនា​២០១១ លោក​កូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា ​បេសក​ជន​ពិសេស​​របស់អង្គ​ការ​​​យូណេស្កូ​​បានជួបជា​មួយ​ថ្នាក់​​​ដឹកនាំ​សំខាន់​​ៗ​របស់កម្ពុជា រួម​មាន​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​សុខ អាន ​​​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី​ហោ ណាំហុង ​​រដ្ឋ​​មន្ត្រីការបរទេស​កម្ពុជា ​សម្តេចអគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​ហើយ​​ចុង​ក្រោយ​​គឺ​​ទូត​ពិសេស​​​រូបនេះត្រូវ​ចូល​បង្គំ​​គាល់​ព្រះ​​មហាក្សត្រ​​​កម្ពុជា​​ ព្រះបរម​នាថ​​ នរោត្តម ​សីហមុនី ​តែម្តង ​ហើយ​នៅ​​​រសៀល​​ថ្ងៃ​ដដែលនោះ នឹង​ធ្វើ​ដំណើរ​ត្រឡប់​​​ទៅវិញ ។​

ជាលទ្ធផល​ លោក​កូអ៊ីជីរ៉ូ ម៉ាត់​ស៊ូរ៉ា ​​បាន​​ទទួលនូវ​របាយការណ៍​​និង​ព័ត៌​មាន​​ដ៏សុក្រឹត្យ​​ជាទីបំផុត​​ពីភាគី​កម្ពុជាស្តី ពី​​ការ​ខូចខាត​នៃ​តួប្រាសាទព្រះវិហារ ​និង​តំបន់​ជុំ​វិញ​​នោះ ​ដែលរងគ្រោះ​​យ៉ាង​ដំណំ​​​ដោយ​សារ​គ្រាប់កាំភ្លើង​​ថៃ ដែលបានបាញ់​​ប្រហារ​កាលពី​ថ្ងៃទី​​​​​៤ ដល់ថ្ងៃទី​​៧ កុម្ភៈ ឆ្នាំ​​២០១១ ។​

ដំណើរទស្សន​កិច្ច​​​នេះ គឺជា​ការ​​​ឆ្លើយ​តប​ទៅ​នឹង​លិខិត​​របស់លោក​​ឧបនាយករដ្ឋ​មន្ត្រី​​សុខ អាន ​រដ្ឋមន្ត្រី​​ទទួលបន្ទុក​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ​ដែលបាន​​ស្នើសុំ​​ទៅអង្គការ​​យូណេស្កូ ​ដើម្បី​ឱ្យ​​​មានកិច្ច​​​​អន្តរាគមន៍​​ជា​បន្ទាន់ ​ប្រយោជន៍​ជួយ​សង្គ្រោះ​​​ប្រាសាទព្រះវិហារ​​ដែល​បាន​ចុះ​ក្នុងបញ្ជី​​​ជា​សម្បត្តិ​​បេតិកភណ្ឌពិភពលោក​​​រួច​ហើយកាល​ពី​​ថ្ងៃទី​​៧ កក្កដា ​២០០៨ ៕​