ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតន​បល្ល័ង្ក​កើត​ពី​គុណធម៌​ឬ​ក៏​ពី​ស្បូវ​ស្គា​របស់​ព្រាហ្មណ៍?

5 ឆ្នាំ មុន

បន្ទាប់​ពី​ព្រះ​បរម​ពោធិសត្វ​ទ្រង់​ទទួល​មធុបាយាស​ពី​នាង​សុជាតា​ហើយ ទ្រង់​កាន់​ភោជនៈ​មាស នោះ​យាង​ទៅ​កាន់​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា ហើយ​ព្រះ​អង្គ​ទ្រង់​កាន់​ភាជន៍មាស​តម្រង់​ទៅ​កំពង់ទឹក​ឈ្មោះ សុ​ប្ប​តិ​ដ្ឋៈ​ហើយ​ទ្រង់​យាងចុះ ស្រង់ទឹក​រួច​ហើយ​ទ្រង់​ឡើង​មក​វិញ យាង​ទៅ​គង់​ក្រោម​ម្លប់ឈើ​មួយ ដ៏​សែន​ត្រជាក់ គួរ​ជាទី​សប្បាយ​។ ពេល​នោះ…

បន្ទាប់​ពី​ព្រះ​បរម​ពោធិសត្វ​ទ្រង់​ទទួល​មធុបាយាស​ពី​នាង​សុជាតា​ហើយ ទ្រង់​កាន់​ភោជនៈ​មាស នោះ​យាង​ទៅ​កាន់​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា ហើយ​ព្រះ​អង្គ​ទ្រង់​កាន់​ភាជន៍មាស​តម្រង់​ទៅ​កំពង់ទឹក​ឈ្មោះ សុ​ប្ប​តិ​ដ្ឋៈ​ហើយ​ទ្រង់​យាងចុះ ស្រង់ទឹក​រួច​ហើយ​ទ្រង់​ឡើង​មក​វិញ យាង​ទៅ​គង់​ក្រោម​ម្លប់ឈើ​មួយ ដ៏​សែន​ត្រជាក់ គួរ​ជាទី​សប្បាយ​។ ពេល​នោះ ព្រះ​អង្គ​ពូត​មធុបាយាស​ជា​ដុំ​ៗ​ចំនួន ៤៩​ពំនូត ហើយ​ទ្រង់​ឆាន់​មធុបាយាស​នូវ​ត្រង់​កំពង់​ស្ទឹង​នេ​រ​ញ្ជ​រា​នោះ​ឯង​។

នៅ​ពេល​ព្រះ​អង្គ​ឆាន់​ស្រេច​ហើយ ទ្រង់​លើក​ភាជន៍មាស​ឡើង ព្រម​ជាមួយនឹង​ការ​អធិដ្ឋាន​ថា ប្រសិនបើ​ក្នុងថ្ងៃនេះ អាត្មាអញ​បាន​ត្រាស់​ជា​ព្រះពុទ្ធ សូម​ឲ្យ​ភោជន៍​មាស​នេះ អណ្ដែត​បញ្ច្រាស​ក្រសែ​ទឹក ហើយ​ព្រះ​អង្គ​ក៏​បោះ​ភោជន៍​មាស​ចូល​ទៅ​ក្នុង​ទឹក​នេ​រ​ញ្ជ​រា ស្រាប់តែ​ភាជន៍មាស​នោះ អណ្ដែត​បញ្ច្រាស​ខ្សែទឹក​មែន ហើយ​ក៏​បាន​លិច​ចុះ​ទៅ​ចំ​ទីលំនៅ​របស់​កាល​នាគរាជ​គឺ​ជ្រៀត​នៅ​ពីក្រោម​ភាជន៍មាស​របស់​ព្រះពុទ្ធ​មុន​ៗ​បី​អង្គ​ទៀត​ ។

គ្រានោះ ព្រះ​ពោធិសត្វ​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ ក្នុង​ព្រៃ​សាលព្រឹក្ស​ដែល​គួរ​ជាទី​រីករាយ​មាន​ពណ៌​ខៀវស្រស់ មាន​ក្លិនក្រអូប​យ៉ាង​ក្រៃ​លែង ជិត​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា ទ្រង់​បំពេញ​ព្យាយាម​រហូត​កើត​សមាបត្តិ ៨ និង​អភិញ្ញា ៦ ហើយ​ព្រះ​អង្គ​ក្រោក​ពី​ព្រៃ​សាលវ័ន យាង​ទៅ​តាម​ផ្លូវ សោ​ត្ថិ​ព្រាហ្មណ៍​ជា​អ្នករក​ស្មៅ កាន់​ស្បូវ​ស្គា​មក​ថ្វាយ​ស្បូវ​ស្គា​៨​ក្ដាប់​ចំពោះ​ព្រះ​អង្គ​។ ព្រះ​ពោធិសត្វ​ទទួលយក ស្បូវ​ស្គា ហើយ​ស្ដេច​យាង​ចូល​ទៅ​កាន់​ដើម​ពោធិព្រឹក្ស ដែល​មាន​ម្លប់​ត្រជាក់ មាន​ស្លឹក​ត្រសាយ​ត្រសុំ ខ្យល់​បក់​មក​ប៉ះ​រវិច​ៗ ព្រះ​អង្គ​យាង​ទៅ​គង់​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងត្បូង ខាងលិច ខាងជើង ផែនដី​ក៏​ញាប់​ញ័រ​ឡើង​ដូច​ជា​តំណក់ទឹក​នៅ​លើ​ស្លឹក​ឈូក មហា​បុរស ទ្រង់​ត្រិះ​រិះ​ថា ស្ថាន​ទី​នេះ​មិន​អាច​ញ៉ាំង​គុណវិសេស​ឲ្យ​កើតឡើង ដល់​អាត្មាអញ​ឡើយ ទើប​បែរ​ទៅ​ទិសបូព៌ មិន​ញាប់​ញ័រ​អ្វី​ឡើយ​។ មហា​បុរស​កំណត់​ក្នុង​ចិត្ត​ថា ទី​នេះ​ជាទី​កម្ចាត់​កិលេស​ពិតប្រាកដ​ទើប​ទ្រង់​ឈរ​ចាប់​ចុង​ស្បូវ​ស្គា​អង្រួន​ដាក់​លើ​ដី​។

ខណៈនោះ​ស្រាប់តែ​ស្បូវ​ស្គា​នោះ​ក្លាយទៅជា​រតន​បល្ល័ង្ក​ដែល​មាន​កម្ពស់​ប្រមាណ ១៤ ហត្ថ​ដូច​គេ​វេញ​ចូល​គ្នា​ដ៏​ស្អាត​វិចិត្រ​។ មហា​បុរស​គង់​ពែន​ព្រះ​ភ្នែន​លើ​រតន​បល្ល័ង្ក​នោះ ទ្រង់​អធិដ្ឋាន​សេចក្ដី​ព្យាយាម​មាន​អង្គ​៤ ដោយ​ទ្រង់​ត្រិះ​រិះ​ថា សាច់ ស្បែក សរសៃ ឆ្អឹង និង​ឈាម​ក្នុង​រាង​កាយ នឹង​រីងស្ងួត​ទៅ​ក៏​ដោយ បើ​យើង​មិន​បាន​ចាក់​ធ្លុះ​នូវ​វត្ថុ ដែល​បុគ្គល​គប្បី​ចាក់​ធ្លុះ​ដោយ​កម្លាំង​របស់​បុរស ដោយ​ការ​ព្យាយាម​ទេ អាត្មាអញ់​នឹង​មិន​ចុះ​ចេញពី​បល្ល័ង្ក​នេះ​ជា​ដាច់ខាត​ ។

ព្រះ​ពោធិសត្វ​គង់​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងកើត ព្រះ​បិ​ដ្ឋិ​(​ខ្នង​)​ព្រះ​អង្គ​បែរ​ទៅ​ទិស​ខាងលិច​នា​ដើម​មហាពោធិ​ព្រឹក្ស ដែល​មាន​ខ្នាត​ប្រមាណ​៥០​ហត្ថ ហាក់បីដូចជា​មាស មាន​មែក​ដូច​ឆត្រ​កែវ​មណី​បាំង​ពី​ខាងលើ​បណ្ដូល​ពោធិ ធ្លាក់​ចុះ​មក​លើ​ចីវរ ដែល​មាន​ពណ៌​ដូច​ជា​ដុំ​មាស ទីនោះ​មាន​ពន្លឺ​រុងរឿង​ដូច​កែវចរណៃ​ដែល​គេ​ដាក់​ទុក​ក្នុង​ផែន​មាស ហើយ​ព្រះ​អង្គ​ចូល​ឈាន​រហូត​បាន​សម្រេច​ធម៌​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ទីនោះ ។