រាជធានីភ្នំពេញ ៖ រថយន្តបឺសខ្នាតធំ៤៥កៅអីមួយគ្រឿងបានបើកបរលឿនស្លេវ គេចរថយន្តមួយគ្រឿងទៀតដែលឈប់រង់ចាំភ្លើងស្តុបនៅពីមុខ បណ្តាលឱ្យជ្រុលឡើងរបាំងចែកផ្លូវកល់ជាប់ពោះកឿងទៅមុខលែងរួច កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៦ មីនា ២០១១ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
អ្នកបើកបររថយន្តបឺសធំនេះឈ្មោះសុខ សុផាត អាយុ៣៧ឆ្នាំ មិនរត់ទៅណាទេ ព្រោះរថយន្តដែលឡើងរបាំងចែកផ្លូវនេះ មិនបានបង្កឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសឡើយ បានត្រឹមតែធ្វើឱ្យអ្នកជិះមួយចំនួនបើកភ្នែកធំៗ ព្រលឹងចុងសក់ប៉ុណ្ណោះ ។ អ្នកបើកបរបានហៅគ្នីគ្នា មកជួយដូយឡានលើកចេញពីរបាំងចែកផ្លូវ ដើម្បីបន្តដំណើរ ព្រោះមិនមានការខូចខាត ឬបែកបាក់អ្វីឡើយ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបឺសដឹកអ្នកដំណើរនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-0298 ជារបស់ក្រុមហ៊ុនថុងលិ ធ្វើដំណើរមកពីខេត្តព្រះវិហារ ដាក់មនុស្សចុះខ្លះទៅក្រោយ
ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រួចហើយបើកបរលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងបំណងឆ្ពោះទៅកាន់ម្តុំសង្កាត់ភ្នំពេញថ្មី…ពេលដល់ភ្លើងស្តុបអតីតអាំបាសាឌ័រ ឃើញរថយន្តមួយគ្រឿងផ្សេងទៀតចតនៅពីមុខ ព្យាយាមជាន់ហ្វ្រាំងឱ្យឈប់ ប៉ុន្តែមិនស៊ី ក៏កាច់ចង្កូតចៀស ទើបឡើងរបាំងចែកផ្លូវតែម្តង ៕
ចែករំលែកព័តមាននេះ