ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សណ្ឋាគារ​កាន់តែ​ពិបាក ខណៈ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ការ​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​វិស័យ​នេះ ក៏​កើនឡើង​ច្រើន​ដែរ រហូត​ដល់​ការ​ផ្គត់ផ្គង់​ខ្លះ​ឈាន​ដល់​ដំណាក់កាល​លើស​តម្រូវការ ។ ជាក់ស្ដែង ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ការ​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​វិស័យ​នេះ ក៏​កើនឡើង​ច្រើន​ដែរ រហូត​ដល់​ការ​ផ្គត់ផ្គង់​ខ្លះ​ឈាន​ដល់​ដំណាក់កាល​លើស​តម្រូវការ ។

ជាក់ស្ដែង ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហាក់​មានការ​ប្រកួតប្រជែង​ខ្ពស់ រហូត​ដល់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន ត្រូវ​ជួល​ទីតាំង​សម្រាប់​បើក​អាជីវកម្ម​ផ្សេង​ទៅ​វិញ ដូច​ជា កាស៊ីណូ ជាដើម ។

បើ​តាម​លោក ឌិន សុមេធា​រិ​ទ្ធិ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​កង្វះ​សណ្ឋាគារ និង​ផ្ទះសំណាក់​សម្រាប់​ស្នាក់​នៅ​តាម​បណ្ដា​ខេត្ត​តំបន់​ទេសចរណ៍ ស្រប​ពេល​ភ្ញៀវ​ជនជាតិ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន ប៉ុន្តែ​លោក​មិន​ជឿ​ថា មានរឿង​ដល់​ថ្នាក់​នេះ ។ លោក​និយាយ​ថា ៖« នៅ​ខេត្ត​ព្រះ​សីហ​នុ តែងតែមាន​គេ​និយាយ​ថា ខ្វះ​កន្លែង​ស្នាក់​នៅ ពេល​ទៅ​កម្សាន្ត​នៅ​តំបន់​មាត់សមុទ្រ​មួយ​នេះ ប៉ុន្តែ​បើ​តាម​ភ្នាក់ងារ​យើង​ពី​ខេត្ត​នេះ​បាន​រាយការណ៍​មក​ថា វា​មិន​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ » ។

លោក​បន្ត​ថា ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន ដោយសារ​តែ​ភ្ញៀវ​ទៅ​លេង​ខេត្ត​ព្រះ​សី​ហនុមាន​រដូវ​កាល​ម្ដងម្កាល ទើប​ធ្វើ​ឲ្យ​ចំណូល​របស់​ពួក​គាត់​មិន​ទៀងទាត់ ។ អីចឹង នៅ​ពេល​មាន​អ្នក​គេ​ជួល​សណ្ឋាគារ ឬ​ផ្ទះសំណាក់​នោះ សម្រាប់​ធ្វើ​ជា​កាស៊ីណូ ឬ​ជា​ក្លិប​កម្សាន្ត ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ក៏​បាន​ជួល​ឲ្យ​គេ​ដោយ​ទទួល​បាន​ចំណូល​ខ្ពស់ និង​មិន​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ដែរ ពោល​គឺ​ដល់​ខែ ដឹង​តែ​យក​លុយ​ពី​អ្នក​ជួល​បន្ត ។

ប្រធាន​សមាគម​រូប​នេះ បាន​និយាយ​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ម្ចាស់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​សប្បាយ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ ព្រោះ​កាលនោះ មិនសូវ​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ច្រើន​ទេ តែ​បច្ចុប្បន្ន​នេះ​វិញ កើន​ច្រើន បើ​ទោះបីជា​ភ្ញៀវ​មក​ច្រើន​ក៏​ពិតមែន​។ លោក​ថា ៖« ជាក់ស្ដែង នៅ​សៀមរាប ដែល​ជា​តំបន់​ទាក់ទាញ​ទេសចរ​ច្រើន​ជាងគេ តែ​សណ្ឋាគារ​របស់ខ្ញុំ​មិនសូវ​មាន​ភ្ញៀវ​ប៉ុន្មាន​នោះ​ទេ ព្រោះ​សណ្ឋាគារ​នៅ​សៀមរាប មិនមែន​មាន​តែ​ខ្ញុំ​មួយ​ទេ គឺ​មាន​សណ្ឋាគារ​កើត​ក្រោយ​ៗ​ច្រើន និង​ទំនើប​ជាង​សណ្ឋាគារ​ដែល​សាងសង់​មុន​ៗ អីចឹង​ហើយ​ទើប​សណ្ឋាគារ​មុន​ៗ​ហាក់​បាត់បង់​ភ្ញៀវ​គួរសម » ។

លោក​បន្ថែម​ទៀត​ថា បច្ចុប្បន្ន ក្នុង​ខេត្តសៀមរាប មានការ​លំបាក​បន្តិច​ហើយ​សម្រាប់​សណ្ឋាគារ​ខ្នាត​តូច ឬ​ហៅ​ថា Boutique ជា​ពិសេស ពី​ខែមេសា​ដល់​ខែកញ្ញា ពីព្រោះ​ក្នុង​ខេត្តសៀមរាប បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​សណ្ឋាគារ និង​ផ្ទះសំណាក់​មាន​ច្រើន​ជាង​តម្រូវការហើយ ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​នៅ​សៀមរាប បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ ស្រប​ពេល​កំណើន​សណ្ឋាគារ​កាន់តែ​ច្រើន បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​ដែល​សាងសង់​ពី​មុន​ៗ​មក​នោះ​ហាក់​ធ្លាក់​ភ្ញៀវ​បន្តិច លុះត្រាតែ​សណ្ឋាគារ​ទើប​សង់​នោះ​អស់​បន្ទប់​សម្រាប់​ទទួលភ្ញៀវ ទើប​មាន​ភ្ញៀវ​ហៀរ​មក​ដល់​សណ្ឋាគារ​ចាស់​ៗ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ស្រប​ពេល​ដែល​ភ្ញៀវ​បរទេស​នៅ​តែ​បន្ត​មក​លេង​កម្ពុជា សណ្ឋាគារ​នៅ​តែ​ទទួល​បាន​ភ្ញៀវ​ជា​រឿយ​ៗ តែ​បើសិនជា​រដូវ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ បរិមាណ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​សណ្ឋាគារ​នានា​ក៏​ធ្លាក់​ដែរ ។

លោក លូ ម៉េ​ង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ បើ​តាម​តួលេខ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍ ជាដើម​នោះ សណ្ឋាគារ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​៥០០​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​១.០០០​ផ្ទះសំណាក់​ផង​ដែរ ដើម្បី​ត្រៀម​ទុក​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​សម្រាកលំហែ ។

លោក​បន្ត​ថា ដោយសារ​តែ​កំណើន​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​នេះ​ដែរ បាន​ធ្វើ​ឲ្យ​កម្ពុជា​នៅ​ខ្វះខាត​ធនធាន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ច្រើន ។ ជាក់ស្ដែង បច្ចុប្បន្ន ក្នុង​វិស័យ​នេះ​ត្រូវការ​ធនធាន​ប្រមាណ​១​ម៉ឺន​នាក់​ថែម​ទៀត ដើម្បី​គ្រប់គ្រង​និង​បម្រើ​នៅ​តាម​សណ្ឋាគារ និង​ភោជ​នីយដ្ឋាន ជាដើម ។

លោក​បញ្ជាក់​ថា ដោយសារ​តែ​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បាន​វិនិយោគ​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​នេះ ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ជម្រើស​ច្រើន​សម្រាប់​ឲ្យ​ជ្រើសរើស ។ ជាក់ស្ដែង នៅ​ភ្នំពេញ​មាន​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ច្រើន​សម្រាប់​ភ្ញៀវ តាំងពី​កម្រិត​មធ្យម​ដល់​កម្រិត​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ